ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (ម៉ាថាយ៦,២៤-៣៤)អត្ថាធិប្បាយគម្ពីរ លោកបូជាចារ្យ អ៊ុន ស៊ុន

ព្រះបន្ទូលដំណឹងល្អនៅថ្ងៃនេះព្រះយេស៊ូប្រាប់យើងថា ចូរស្វែងរកព្រះរាជ្យរបស់ព្រះជាម្ចាស់ជាមុនសិន នោះព្រះអង្គនឹងប្រទានអ្វីៗមកដល់យើង។ ខ្ញុំចូលចិត្តច្រៀងបទនេះ និងចូលចិត្តអធិដ្ឋាន ចូលចិត្តសម្លឹងមើលស្នាមព្រះហស្តរបស់ព្រះជាម្ចាស់ និងតាមរយៈព្រះបន្ទូលចូរអ្នកស្វះស្វែងរកព្រះរាជ្យព្រះជាម្ចាស់ជាមុនសិនទើបព្រះអង្គប្រទានរបស់ទាំងនោះថែមទៀត។
នេះជាបទចម្រៀងមួយ! នេះជាព្រះបន្ទូលមួយ! ដែលព្រះយេស៊ូចង់ប្រាប់យើងថា ជីវិតរបស់យើង គោលដៅរបស់យើង យើងមានជីវិត និងមានគោលដៅមួយដែលព្រះជាម្ចាស់បង្កើត និងប្រទានឱ្យយើង ដោយព្រះយេស៊ូចង់ប្រាប់យើងចង់រលឹកយើងថា យើងទាំងអស់គ្នាជាបុត្រធីតារបស់ព្រះជាម្ចាស់។ ដូច្នេះឱ្យជីវិតរបស់យើងមានទំនាក់ទំនងជាមួយព្រះជាម្ចាស់គ្រប់ពេលវេលាគ្រប់ទីកន្លែង។
យើងស្វែងរកព្រះជាម្ចាស់មិនត្រឹមតែចំពោះខ្លួនឯងផ្ទាល់ ប៉ុន្តែឱ្យយើងនាំក្រុមគ្រួសារ នាំបងប្អូន នាំមិត្តភក្តិមកស្គាល់ព្រះជាម្ចាស់។ តាមរយៈព្រះបន្ទូលនេះព្រះយេស៊ូក៏ណែនាំយើងឱ្យយើងផ្ញើជីវិតទៅក្នុងព្រះហស្តព្រះជាម្ចាស់ ដើម្បីកុំឱ្យយើងខិតខំស្វះស្វែងរកទ្រព្យសម្បត្តិដែលណែនាំឱ្យយើងទៅជាទាសករនៃទ្រព្យសម្បត្តិ។ ប្រសិនបើយើងស្វះស្វែងរកព្រះជាម្ចាស់នោះយើងនឹងមានអំណរសប្បាយ សេចក្តីសុខសាន្តដោយសារតែអ្វីៗទាំងអស់ព្រះជាម្ចាស់បានប្រទានមកឱ្យយើងធ្វើជាម្ចាស់ ធ្វើជាអ្នកគ្រប់គ្រងលើអ្វីៗដែលព្រះអង្គបានបង្កើតមក។
នៅថ្ងៃនេះសូមបងប្អូនទទួលស្គាល់ថា ច្រើនដងច្រើនគ្រា យើងតែងតែស្រមើស្រម៉ៃមានចិត្តលោភលន់ ចង់បានទ្រព្យសម្បត្តិច្រើន ប៉ុន្តែសំណួរសួរថា យើងចង់ក្លាយជាបុត្រធីតារបស់ព្រះជាម្ចាស់ ឬក៏យើងចង់ក្លាយទៅជាទាសករនៃព្រទ្យសម្បត្តិ? សូមអធិដ្ឋាន សូមទូលអង្វរព្រះជាម្ចាស់ សូមឱ្យយើងបិទភ្នែកគយគន់មើលអ្វីៗទាំងអស់ដែលព្រះជាម្ចាស់ប្រទានឱ្យនៅក្នុងលោកនេះ ជាស្នាមព្រះហស្តរបស់ព្រះជាម្ចាស់ សមុទ្រដ៏ធំធេងព្រៃព្រឹក្សា និងសមុទ្រដ៏ខ្ពង់ខ្ពស់ ទាំងអស់នេះឃើញជាអ្វីដែលព្រះជាម្ចាស់ប្រទានមកដើម្បីឱ្យមនុស្សយើងរស់នៅ ដើម្បីឱ្យយើងមានទំនាក់ទំនងជាមួយព្រះអង្គ។ សូមព្រះជាម្ចាស់ប្រទានពរ ចូរស្វែងរកព្រះរាជ្យរបស់ព្រះម្ចាស់ជាមុនសិន៕
Daily Program
