ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (ម៉ាថាយ ៦,៧-១៥)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល

នៅក្នុងអត្ថបទដំណឹងល្អនៅថ្ងៃនេះព្រះយេស៊ូនិយាយអំពីការអធិដ្ឋាន ហើយព្រះអង្គមានព្រះបន្ទូលថា កុំ​អធិដ្ឋានដូចសាសន៍ដទៃ! ដោយចេះតែនិយាយៗ ឬចេះតែសុំៗព្រះយេស៊ូរំលឹកយើងថាព្រះជា​ម្ចាស់​ជា​ព្រះ​បិតាដ៏ជាទីសំខាន់របស់យើងទាំងអស់គ្នា។ ដូច្នេះមុននឹងទូលអង្វរ ព្រះជាម្ចាស់ទ្រង់បានជ្រាប​អ្វី​ដែល​យើង​ត្រូវការ។

ដូច្នេះសំណួរទីមួយ តើយើងជឿថាព្រះជាម្ចាស់ស្រឡាញ់យើង? ហើយយើងជឿថាព្រះជាម្ចាស់នឹង​ប្រោស​​ប្រទានអ្វីៗទាំងអស់ដែលយើងត្រូវការ? អ្វីដែលយើងត្រូវការគឺជា ជំនឿ សេចក្តីសង្ឃឹម និងសេចក្តី​ស្រឡាញ់​។ សំខាន់អត្ថបទដំណឹងល្អនៅថ្ងៃនេះរំលឹកយើងថា ការអធិដ្ឋានមានគោលដៅអ្វីខ្លះ? អ្វី​ទៅ​ជា​គោលដៅនៃការអធិដ្ឋាន? យើងអធិដ្ឋានមិនមែនដើម្បីទូលអង្វរ ដើម្បីសុំ ដើម្បីទទួលអ្វីដែល​យើង​ត្រូវ​ការ​នោះទេ! យើងអធិដ្ឋាន យើងចំណាយពេលដើម្បីមានទំនាក់ទំនងជាមួយព្រះជាម្ចាស់ ដើម្បី​បង្ហា​ញ​​ថា យើងស្រឡាញ់ព្រះជាម្ចាស់ ដើម្បីនិយាយសន្ទនាជាមួយព្រះជាម្ចាស់ជាព្រះបិតា។

ប្រសិនបើយើងអធិដ្ឋានដើម្បីតែសុំពីព្រះជាម្ចាស់នោះ នៅពេលដែលយើងមិនទទួលបាននូវអ្វីដែល​យើង​ចង់​បាននោះថ្ងៃក្រោយយើងនឹងបោះបង់ព្រះជាម្ចាស់ចោល។ ប៉ុន្តែប្រសិនបើគោលដៅរបស់យើង​ចំណាយ​ពេលវេលាដើម្បីព្រះជាម្ចាស់ ទោះបីពេលខ្លះយើងអផ្សុក ទោះបីពេលខ្លះយើងពិបាកនៅក្នុង​ការ​អធិដ្ឋាន​ដោយ​សារពេលវេលាយូរ ប៉ុន្តែនៅពេលនោះព្រះជាម្ចាស់ និងប្រោសប្រទានអំណរ​សប្បាយ​​របស់​ព្រះ​អង្គ​ឱ្យយើង។

ដូច្នេះសុំបងប្អូនទូលអង្វរព្រះជាម្ចាស់ជាបិតារបស់យើងទាំងអស់គ្នា ហើយទូលអង្វរព្រះជាម្ចាស់សម្រាប់​អ្នកដទៃដែរ។ សូមឱ្យយើងអធិដ្ឋានទទួលសេចក្តីស្រឡាញ់ ទទួលអំណរសប្បាយ និងធ្វើជា​សាក្សី​ចំពោះ​អ្នក​ដទៃ៕

Daily Program

Livesteam thumbnail