ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ អត្ថបទគម្ពីរ ម៉ាថាយ (២៣,១-១២)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី

ថ្ងៃអង្គារនេះព្រះបន្ទូលឱ្យយើងរិះគិតអំពីម៉ាថាយ(២៣,១-១២) ជំពូកទី២៣នេះព្រះយេស៊ូតែងតែរិះគន់របៀបរបស់ពួកខាងផារ៉ាស៊ីដែលជាអ្នកដឹកនាំសាសនារបស់ជនជាតិយូដា (ធម្មវិន័យរបស់លោកម៉ូសេ) ដោយសារលោកម៉ូសេមានធម្មវិន័យច្រើន ហើយជួនកាលយើងអាចឃើញថា ប្រជាជនពិបាកយល់។
ពួកផារ៉ាស៊ីតែងតែយកមកអនុវត្តន៍ដើម្បីបង្រៀនគេដើម្បីឱ្យធ្វើតាម ប៉ុន្តែយូរៗទៅការអនុវត្តនឹងមានគោលបំណងដើម្បីខ្លួនឯង ផ្ទុយពីការលើកតម្កើងព្រះជាម្ចាស់តាមកិច្ចការដែលយើងគោរពធម្មវិន័យ និងស្រាយព្រះគម្ពីរ។ ពួកខាងគណៈផារ៉ាស៊ីតែងតែធ្វើអ្វី? ទីមួយគឺតែងតែមានអំនួតថាខ្លួនជាអ្នកដែលស្រឡាញ់ព្រះបន្ទូល ស្រឡាញ់ធម្មវិន័យរបស់ព្រះជាម្ចាស់ ហើយពួកគាត់តែងតែដើរអួតគេថា ខ្ញុំមានព្រះគម្ពីរជាប់ខ្លួន។ ទីពីរ ចូលចិត្តឱ្យគេគោរពអោនកាយ ដើម្បីហៅគាត់ថាលោកគ្រូ ឬក៏អ្នកដែលមានចំណេះចេះដឹង។
សម្រាប់រឿងនេះយើងឃើញថា ធ្វើឱ្យពួកផារ៉ាស៊ីនឹងមានឋានៈធំជាង ឬខ្ពស់ជាងបងប្អូនឯទៀតៗដោយសារគាត់ស្គាល់ព្រះគម្ពីរ តែគេកំពុងយកព្រះគម្ពីរជាឧបករណ៍ដើម្បីឱ្យអ្នកដទៃលើកតម្កើងខ្លួន។ របៀបនេះព្រះយេស៊ូអត់គាំទ្រទេ! អ្វីក៏ដោយអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់អំពីធម្មវិន័យរបស់ព្រះអង្គសំខាន់ទីមួយយើងត្រូវព្យាយាមស្គាល់ ដឹងឱ្យច្បាស់តាមគោលបំណងនៃព្រះគម្ពីរ ឬក៏ព្រះបន្ទូលរបស់ព្រះជាម្ចាស់ប្រាប់យើងជារឿងអ្វី។ ទីពីរពេលណាយើងដឹងហើយយើងព្យាយាមអនុវត្តន៍តាមព្រះបន្ទូលនៃធម្មវិន័យនោះ ព្រះយេស៊ូឯកភាពនៃការអនុវត្តធ្វើតាមអ្វីដែលពួកផារ៉ាស៊ីបង្រៀន ប៉ុន្តែ កុំធ្វើតាមការប្រព្រឹត្តរបស់គេមានន័យថាការប្រព្រឹត្តរបស់គេមានការគេងប្រវ័ញ្ញ (ពុតគ្រូកុំត្រាប់ ច្បាប់គ្រូឲ្យយក) ត្បិតសកម្មភាពដែលខាងផារ៉ាស៊ីធើ្វគឺជាសញ្ញាបង្ហាញថាគេធើ្វដើម្បីបង្អួតខ្លួន ដោយប្រើប្រាស់របៀបជាអ្នកចេះដឹង។
បាទបងប្អូនជាទីស្រឡាញ់! យើងបានស្តាប់ព្រះបន្ទូលថ្ងៃនេះហើយ សូមត្រឡប់ទៅមើលការយល់ដឹងនៃការអប់រំជំនឿរបស់យើង ឯកសារទាក់ទងនិងព្រះគម្ពីរយើងតិច ម្យ៉ាងសាសនាគ្រីស្តក៏មិនមែនជាដើមកំណើតសាសនាយើង នេះជាការលំបាកក្នុងការស្វែងយល់ ប៉ុន្តែ ដើម្បីយល់ច្បាស់បងប្អូនត្រូវទៅអភិបូជាជារៀងរាល់ថ្ងៃនារដូវ៤០ថ្ងៃនេះ។ បងប្អូនអាចឆ្លៀតទៅបូនីចរនៅកន្លែងផ្សេងៗដើម្បីឱ្យខ្លួនយើងពង្រឹង និងពង្រីកជំនឿរបស់យើងជាការអនុវត្តដើម្បីឱ្យយើងដឹងថា អ្វីដែលព្រះសហគមន៍បង្រៀន និងណែនាំយើងគឺយើងអនុវត្តន៍តាមបានយ៉ាងត្រឹមត្រូវ ជាពិសេសឱ្យស្របតាមព្រះគម្ពីរដែលព្រះយេស៊ូបានណែនាំយើង។ សូមព្រះជាម្ចាស់ប្រទានពរឱ្យបងប្អូន និងសូមឱ្យជីវិតរបស់យើងទាំងការរស់នៅរបស់យើងឱ្យស្របតាមធម្មវិន័យយ៉ាងពិតប្រាកដតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ ហើយអ្វីដែលយើងទទួលពីព្រះអង្គគឺសុទ្ធតែល្អៗដែលយើងនឹងបានទទួលយ៉ាងអំណរសប្បាយ។ សូមព្រះជាម្ចាស់ប្រទានពរឱ្យអស់បងប្អូន៕
Daily Program
