ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ អត្ថាធិប្បាយគម្ពីរ ម៉ាកុស ២,១-១២បកស្រាយដោយ៖ លោកបូជាចារ្យ ផាន បូរី

នៅក្នុងអត្ថបទព្រះគម្ពីរដំណឹងល្អនៅក្នុងថ្ងៃនេះ គឺព្រះយេស៊ូបង្រៀនប្រជាជននៅក្នុងធម្មសាលាដែលមានមនុស្សច្រើនចោមរោមស្តាប់ព្រះអង្គ។ នៅខណៈនោះយើងឃើញមានជនពិការម្នាក់ គាត់ឮថាព្រះយេស៊ូគង់នៅក្នុងផ្ទះនោះ និងគាត់ចង់ទទួលបានការព្យាបាលពីព្រះយេស៊ូ ប៉ុន្តែគាត់មិនអាចចូលបានដោយសារមនុស្សច្រើនពេក ក្រោយមកមានមនុស្សបួននាក់បានសែងមនុស្សខ្វិននេះឡើងទៅលើដំបូលផ្ទះរួចចោះដំបូលឱ្យគេចុះមកចំកន្លែងព្រះយេស៊ូគង់នៅ។ ហេតុនេះព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា “កូនអើយខ្ញុំអត់ទោសឱ្យអ្នកបានរួចពីបាបហើយ”។
បងប្អូនជាទីស្រឡាញ់! អ្នកពិការម្នាក់នោះដូចជាមានបាបកម្មតាំងពីកំណើត គាត់មិនអាចដើរបានដោយខ្លួនឯង គាត់មិនអាចធ្វើអ្វីបានទេ ព្រោះគាត់មានអំពើបាប ហេតុនេះព្រះយេស៊ូមានព្រះបន្ទូលតែមួយម៉ាត់ កូនអើយខ្ញុំអត់ទោសឱ្យអ្នកបានរួចពីបាបហើយ។ ព្រះបន្ទូលតែមួយម៉ាត់នេះនាំឱ្យអ្នកជំងឺម្នាក់នេះបានទទួលការសង្គ្រោះ នាំឱ្យអ្នកជំងឺម្នាក់នេះបានជាសះស្បើយពីជំងឺរបស់គាត់។
បងប្អូនជាទីស្រឡាញ់! ជាពិសេសគ្រីស្តបរិស័ទយើងសុំឱ្យគ្រីស្តបរិស័ទយើងចេះចាប់អារម្មណ៍ចំពោះជនពិការ ចាប់អារម្មណ៍អំពីរបៀបដែលយើងជួយជនក្រីក្រ ចាប់អារម្មណ៍អំពីរបៀបដែលយើងបដិបត្តិជំនឿរបស់យើង។ ប្រសិនបើយើងចង់ទទួលការសង្គ្រោះពីព្រះយេស៊ូយើងត្រូវតែមានជំនឿទៅលើព្រះអង្គនេះគឺជាចំណុចទីមួយដែលទាក់ទងទៅនឹងជំនឿ។
ចំណុចទីពីរ! សុំឱ្យបងប្អូនគ្រីស្តបរិស័ទយើងចេះបើកភ្នែក បើកចិត្តគំនិតមើលអ្នកជំងឺ ឬអ្នកក្រីក្រឱ្យយើងចេះស្រឡាញ់អ្នកជំងឺ ឱ្យយើងចេះស្រឡាញ់អ្នកក្រីក្រដែលគេក្រីក្រជាងយើង មានពេលខ្លះគេត្រូវការជំនួយពីយើង មានពេលខ្លះគេត្រូវការ ការលើកទឹកចិត្តពីយើង ឱ្យយើងចេះពោលពាក្យល្អៗ ដើម្បីលើកទឹកចិត្តបងប្អូនឯទៀតៗ ឱ្យយើងចេះផ្តល់ក្តីសង្ឃឹមដូចអ្នកជំងឺម្នាក់នេះដែលអត់មានសេចក្តីសង្ឃឹមសោះ ប៉ុន្តែពេលគាត់ឮពីព្រះនាមព្រះយេស៊ូគាត់សង្ឃឹមថាព្រះអង្គនឹងព្យាបាលគាត់ឱ្យបានជាសះស្បើយ។
បងប្អូនអស់អ្វីៗអស់ទៅនៅក្នុងជិវិតរបស់យើង តែកុំឱ្យយើងអស់សង្ឃឹម! ចូរយើងមានសេចក្តីសង្ឃឹមនៅក្នុងជីវិតរបស់យើង ដូចនៅក្នុងឆ្នាំមហាករុណាទិគុណនេះសម្តេចប៉ាបានកើនរំលឹកយើងឱ្យយើងត្រូវតែមានសេចក្តីសង្ឃឹមនៅក្នុងជីវិត ទោះបីនៅក្នុងជីវិតរបស់យើង យើងជួបឧបសគ្គនេះ ឧសបគ្គនោះក៏ដោយ ប៉ុន្តែឱ្យយើងមានសេចក្តីសង្ឃឹម ហើយដើម្បីឱ្យមានសេចក្តីសង្ឃឹមនៅក្នុងជីវិតរបស់យើង យើងត្រូវតែនៅជាប់ជាមួយព្រះជាម្ចាស់ ត្បិតយើងសង្ឈឹមថាព្រះអង្គមិនបោះបង់យើងចោលទេ! ទោះបីខ្ញុំជួបទុក្ខលំបាកទោះបីខ្ញុំជួបបញ្ហា ក៏ព្រះអង្គគង់នៅជាមួយយើង ព្រះអង្គនៅតែមានព្រះបន្ទូលលើកទឹកចិត្តយើង ឱ្យយើងមានកម្លាំង។
ចំណុចទីបី! សុំឱ្យបងប្អូនខិតខំប្រឹងប្រែងទៅព្រះវិហារដើម្បីទទួលវត្តមានរបស់ព្រះអង្គគឺព្រះកាយ និងព្រះលោហិតរបស់ព្រះគ្រីស្ត ទៅព្រះវិហារដើម្បីទទួលព្រះបន្ទូលរបស់ព្រះអង្គដែលជាអាហារចិញ្ចឹមជិវិតខាងវិញ្ញាណដែលជ្រៀបចូលនៅក្នុងជីវិតរបស់បងប្អូន ដើម្បីឱ្យបងប្អូនមានកម្លាំងធ្វើដំណើររួមជាមួយព្រះអង្គ នឹងសុំឱ្យបងប្អូនមានជំនឿដូចមនុស្សខ្វិននោះ សូមឱ្យបងប្អូនចេះជួយគ្នាដូចបុរសបួននាក់ដែលខិតខំជួយអ្នកជំងឺម្នាក់ឱ្យបានជួបព្រះយេស៊ូផងដែរ។
សូមឱ្យយើងម្នាក់ចេះប្រកាសដំណឹងល្អអំពីព្រះយេស៊ូគ្រីស្តដែរ ហេតុនេះសុំឱ្យបងប្អូនចាំនៅព្រះបន្ទូលមួយថា កូនអើយខ្ញុំបានអត់ទោសឱ្យអ្នកបានរួចពីបាបហើយ៕ អាមែន
Daily Program
