ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ អត្ថបទគម្ពីរ ម៉ាថាយ (៥,៣៨-៤២)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ វី សំណាង

ព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ (៥,៣៨-៤២) ថ្ងៃនេះគួរឱ្យចាប់អារម្មណ៍ ដើម្បីឱ្យយើងរិះគិតជាមួយគ្នាតាម“ខ”នីមួយៗនៅក្នុង“ខ”៣៨មានចែងថា ភ្នែកសងភ្នែក ធ្មេញសងធ្មេញ។ នៅក្នុងសម្ព័ន្ធមេត្រីចាស់តាមច្បាប់ជនជាតិយូដាច្បាប់ភ្នែកសងភ្នែក ធ្មេញសងធ្មេញនេះគឺជាច្បាប់ដែលត្រូវបានចងក្រងឡើង ដើម្បីទប់ស្កាត់ការផ្តទ្ទាទោស ឬការសងសឹងហួសកម្រឹតមានន័យថា យើងអាចផ្តន្ទាទោស ឬសងសឹកនរណាម្នាក់ឱ្យបានសមរម្យ ឱ្យសមាមាត្រនឹងទោសកំហុសរបស់ម្នាក់នោះ ។
ប៉ុន្តែអ្វីដែលព្រះយេស៊ូចង់ឱ្យយើងធ្វើគឺកុំសងសឹកគ្នា! ទោះបីនៅក្នុងកម្រឹតមួយណាក៏ដោយ ផ្ទុយទៅវិញឱ្យយើងតបតដោយសេចក្តីស្រឡាញ់។ “ខ”៣៩ បើគេទះកំផ្លៀងស្តាំចូលបែរឱ្យគេទះមួយខាងទៀតចុះ តាមទំនៀមទំលាប់ ឬរបៀបវិន័យរបស់ជនជាតិយូដា គឺមានរបៀបទះកំផ្លៀង ពេលដែលគេទះកំផ្លៀងជនបរទេសដែលជាទាសកររបស់ខ្លួនគេប្រើ ខ្នងដៃ ជារបៀបមួយមើលងាយ រីឯជនជាតិយូដា គេទះដោយប្រើបាតដៃ។ ដូច្នេះបើគេទះកំផ្លៀងយើងម្ខាងដោយប្រើខ្នងដៃ ព្រះយេស៊ូឱ្យយើងបែរម្ខាងទៀតឱ្យគេទះដោយប្រើបាតដៃវិញ! វាបង្ហាញពីសិទ្ធស្មើគ្នាក្នុងគោលបំណងបំបាត់ទេសភាពលែងជាទាសករទៀតហើយ គឺឱ្យយើងមានសិទ្ធិស្មើគ្នា។
នៅ“ខ”៤០វិញបើគេប្តឹងចង់យកអាវក្នុងចូលឱ្យគេយកអាវធំថែមទៀតទៅ! ដូច្នេះតាមច្បាប់របស់លោកម៉ូសេ អាវក្រៅ គឺជាទ្រព្យសម្បត្តិមូលដ្ឋានជាទ្រព្យមួយចាំបាច់សម្រាប់បុគ្គលម្នាក់ៗ គ្មាននរណាមានសិទ្ធិទុកអាវធំនោះបញ្ចាំឆ្លងយប់បានទេ។ របៀបព្រះយេស៊ូចង់ឱ្យយើងធ្វើអ្វីមួយដោយស្ម័គ្រចិត្តដោយគ្មានលក្ខខណ្ឌ។ “ខ”៤១បើគេបង្ខំឱ្យអ្នកដើរមួយយោជន៍! ចូរទៅពីរយោជន៍ជាមួយគេទៅ! ក្រោយសម័យអាណានិគមទាហានរ៉ូមុំាង មានច្បាប់អនុញ្ញាតិឱ្យទាហានរ៉ូមុំាងអាចប្រើមនុស្សលីឥវ៉ាន់តែមួយយោជន៍ប៉ុណ្ណោះ។ មួយយោជន៍នេះប្រហែលជា១.៦គីឡូម៉ែត្រ។
ព្រះយេស៊ូចង់ឱ្យយើងធ្វើអ្វីមួយដោយស្ម័គ្រចិត្តគំនិតធ្វើតាមច្បាប់ ដូច្នេះរាល់ដងពេលដែលយើងចូលរួមអភិបូជាឱ្យយើងចូលរួមដោយស្ម័គ្រចិត្តដោយសេចក្តីស្រឡាញ់ កុំឱ្យយើងចូលរួមដោយខ្លាចក្រែងថា បើមិនចូលរួមអភិបូជា គឺមានបាប ហេតុនេះសុំឱ្យយើងចូលរួមអភិបូជាដោយចិត្តសន្ធា និងចិត្តស្រឡាញ់របស់យើងចំពោះព្រះជាម្ចាស់កុំឱ្យយើងធ្វើអ្វីមួយទៅតាមច្បាប់។
រីឯ“ខ”៤២វិញបានចែងថា កុំគេចមុខចេញពីអ្នកដែលចង់សុំខ្ចីអ្វីពីយើង ដូច្នេះការបរិច្ចាគសម្រាប់ជនជាតិយូដាជាកិច្ចការមានសក្ការៈខាងផ្លូវវិញ្ញាណដែលច្បាប់កំណត់។ ព្រះយេស៊ូចង់ឱ្យយើងធ្វើកិច្ចការធម៌មេត្តាករុណាបរិច្ចាគទានដោយចិត្តសន្ធាពោរពេញដោយសេចក្តីស្រឡាញ់ និងចិត្តមេត្តាករុណាចំពោះមនុស្សទាំងអស់ដោយមិនរើសមុខ។
ដូច្នេះជាអ្វីមួយដែលព្រះយេស៊ូចង់បំពេញអត្ថន័យទាំងអស់ដែលជនជាតិយូដាធ្លាប់ធ្វើ កុំឱ្យយើងធ្វើអ្វីមួយតាមតែច្បាប់តែប៉ុណ្ណឹង ប៉ុន្តែឱ្យយើងទៅហួសច្បាប់ ដើម្បីឈានទៅដល់កិច្ចការមួយដែលល្អ កិច្ចការដែលសុក្រឹត។ អាម៉ែន៕
Daily Program
