ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ អត្ថាធិប្បាយគម្ពីរ ម៉ាកុស ១,៤០-៤៥ បកស្រាយដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល

ព្រះយេស៊ូចាប់ផ្តើមប្រកាសដំណឹងល្អ ហើយព្រះអង្គបង្រៀនពីព្រះរាជ្យរបស់ព្រះជាម្ចាស់ និងប្រោស​អ្នក​ជំងឺ​ជាច្រើនឱ្យបានជា ព្រមទាំងលើកលែងទោស​ឲ្យអ្នកបាប។ នៅថ្ងៃនេះព្រះយេស៊ូប្រោស​អ្នកឃ្លង់​ម្នាក់​ឱ្យ​បាន​ជា​ដោយ​គ្រាន់តែប៉ះអ្នកជំងឺនោះ! ដោយសារព្រះយេស៊ូជាព្រះដ៏វិសុទ្ធ ​ភាព​​ដ៏វិសុទ្ធ​របស់ព្រះអង្គ​ បាន​ជះ​ចេញជាពន្លឺលាតសន្ធឹងលើអ្នកជំងឺឃ្លង់ ធើ្វឲ្យគេបានជាសះស្បើយ។

តាមពិតអ្នកជំងឺឃ្លង់គឺប្រៀបដូចជាយើងទាំងអស់គ្នា ជាមនុស្សឃ្លង់យើងមានបាប! ហេតុនេះ​តើយើងម្នា​ក់​ៗ​ត្រូវ​ធ្វើយ៉ាងម៉េច​ដើម្បីឲ្យខ្លួនរបស់យើង​បាន​ជាសះស្បើយ? យើងក្រឡេកទៅមើលអ្ន​កជំងឺ​ឃ្លង់​ម្នាក់​នោះ​​វិញ មនុស្សឃ្លង់នោះគាត់បានលុតជង្គង់ទទួលស្គាល់ថាលោកយេស៊ូជាព្រះសង្គ្រោះ ​នឹ​ង​ទូល​អង្វរ​ព្រះអង្គ! ក្រោយមកជំងឺរបស់គាត់ក៏បានជា។ សម្រាប់យើងទាំងអស់​គ្នាជា​​អ្នកស្វែងយល់ អ្នក​ស្វែងរក នឹង​ចង់ស្គាល់​ព្រះ​យេស៊ូ​​​ ចូរយើងទទួលស្គាល់ថា​ព្រះអង្គ​គឺជាព្រះសង្គ្រោះ ទុកចិត្តលើព្រះអង្គ​ ទុកឲ្យ​ទ្រង់​ជា​អ្នក​ប៉ះដួងចិត្តរបស់យើង ណែនាំយើង នឹងសង្គ្រោះយើង។

ក្រោយជាសះស្បើយអ្នកជំងឺឃ្លង់មិនបានធ្វើតាមបញ្ជាររបស់ព្រះយេស៊ូថាមិនឲ្យប្រាប់នរណាឡើយ ​ផ្ទុយ​ទៅ​វិញ គាត់បានទៅប្រកាស​ដំណឹងល្អថា​គាត់បានជាសះស្បើយ​ ជាហេតុធ្វើឱ្យព្រះយេស៊ូ​មិន​អាច​ចូល​​ទៅ​ក្នុង​​ទីក្រុងផ្ទុយពីមុន ព្រោះគេខ្លាចឆ្លងជំងឺ។​

ឥឡូវនេះព្រះយេស៊ូមិនអាចចូលទីក្រុង ព្រះអង្គ​ទៅដាច់​ដោយ​ឡែក​ពីគេ គឺព្រះយេស៊ូផ្ទេរអំពីបាបពីយើង​លើ​​ខ្លួ​ន​ព្រះអង្គជាពិសេសនៅលើឈើឆ្កាង។ ដូច្នេះសុំកុំឱ្យយើងខ្លាចក្នុងការទូលអង្វរព្រះអង្គ កុំឱ្យយើង​ខ្លាច​នឹង​លុត​ជង្គង់​នៅមុខព្រះយេស៊ូ ត្បិត​​​ព្រះអង្គមានចិត្តអាណិត​អាសូរពោរពេញ​ដោយធម៌មេត្តា​ករុ​ណា​។​​ ​ព្រះយេស៊ូទទួលយកអំពីបាប​របស់យើង និងទទួលយកទុក្ខលំបាកទាំងប៉ុន្មានរបស់យើង ដើម្បី​ប្រោស​យើងឱ្យបាន​ជា​សះ​ស្បើយ។ សូមទូលអង្វរព្រះអង្គ និងធ្វើតាមព្រះអង្គ សុំឱ្យយើង​ទៅជា​សាក្សី​​នៃអំណរ​សប្បាយ​របស់​ព្រះយេស៊ូចំពោះមុខអ្នកដទៃ។ អាម៉ែន៕

 

Daily Program

Livesteam thumbnail