ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ អត្ថាធិប្បាយគម្ពីរ លូកា ៣,១៥-១៦.២១-២២បកស្រាយដោយ៖ លោកបូជាចារ្យ ជួរ ដាម៉ូ

ថ្ងៃអាទិត្យនេះគឺជាថ្ងៃរំលឹកអំពីពេលវេលាដែលព្រះយេស៊ូទទួលពិធីជ្រមុជទឹកពីលោកយ៉ូហាន។ អ្វីដែលលោកពុកចង់ឱ្យយើងយល់និងត្រូវដឹងថា នៅពេលដែលយើងទទួលពិធីជ្រមុជទឹកយើងទទួលនូវអគ្គសញ្ញានេះ តើយើងមានតួនាទីអ្វីខ្លះ? មិនថាយើងជាគ្រីស្តបរិស័ទ ជាបូជាចារ្យឬទៅជាអ្វីទេ? ប៉ុន្តែតួនាទីចម្បងដែលជាមូលដ្ឋានគ្រឹះនៅក្នុងជីវិតជាគ្រីស្តបរិស័ទតាមច្បាប់ព្រះសហគមន៍ ដែលបង្រៀនទាំងអស់គ្នា នៅពេលដែលយើងទទួលពិធីជ្រមុជទឹកគឺយើងក្លាយទៅជាបូជាចារ្យ!។
ប៉ុន្តែព្រះសហគមន៍បានបន្ថែមទៀតថា មិនមែនគ្រាន់តែយើងមានតួនាទីជាបូជាចារ្យតាមព្រះគម្ពីរពីដើមអ្នកដែលទទួលពិធីជ្រមុជទឹក លាបព្រេងគឺទទួលនូវតួនាទីបីគឺទីមួយគឺជាបូជាចារ្យ ទីពីរគឺជាព្យាការី និងទីបីជាព្រះមហាក្សត្រ។ ដូច្នេះអ្វីទៅជាបូជាចារ្យ? បូជាចារ្យគឺជាអ្នកដែលជួយសម្របសម្រួលរវាងព្រះជាម្ចាស់ និងមនុស្សលោក។ លោកបូជាចារ្យមានតួនាទីមួយគឺជាអ្នកសម្របសម្រួល និងបង្ហាញពីព្រះភក្ត្ររបស់ព្រះជាម្ចាស់សម្រាប់គ្រីស្តបរិស័ទ និងអ្នកដទៃផ្សេងៗទៀត។
ដូច្នេះនៅពេលដែលយើងទទួលអគ្គសញ្ញាជាបូជាចារ្យក៏ដូចគ្នានៅពេលដែលយើងទទួលអគ្គសញ្ញាជ្រមុជទឹក ហើយពេលដែលយើងទទួលតួនាទីជាបូជាចារ្យនេះវាមានន័យថាអត់ខុសគ្នាប៉ុន្មានទេ គឺគ្រីស្តបរិស័ទយើងមានតួនាទីមួយគឺធ្វើជាអជ្ញាកណ្តាល យើងនាំដំណឹងល្អ យើងនាំអំណរសប្បាយពីព្រះជាម្ចាស់ យើងនាំដំណឹងនៃសេចក្តីសង្ឃឹមពីព្រះជាម្ចាស់ទៅកាន់អ្នកដទៃ ហើយយើងនាំពត៌មានផ្សេងៗអំពីអ្នកដែលមិនស្គាល់ព្រះជាម្ចាស់ (អ្នកដែលរស់នៅក្នុងបរិបទព្រះពុទ្ធសាសនា) ច្បាស់ហើយមានប្រជាជនខ្មែរយើងដែលរងទុក្ខលំបាកត្រូវគេជិះជាន់ ត្រូវគេសង្កត់សង្កិន ធ្វើបាប មើលងាយ ត្រូវបានអ្នកដទៃមិនឱ្យតម្លៃ នេះជាទុក្ខលំបាករបស់ព្រះជារាស្រ្តរបស់ព្រះអង្គដែលយើងត្រូវយកថ្វាយទៅព្រះជាម្ចាស់ នេះគឺជាតួនាទីរបស់យើងគឺយើងថ្វាយសក្ការៈបូជា យើងធ្វើជាឈ្នាន់ ធ្វើជាអាជ្ញាកណ្តាលរវាងមនុស្សលោកដទៃផ្សេងទៀតជាមួយនឹងព្រះជាម្ចាស់។ តួនាទីនេះមិនមែនតែលោកពុកតែប៉ុណ្ណឹង គឺជាតួនាទីរបស់គ្រីស្តបរិស័ទគ្រប់រូប! ព្រោះពេលជ្រមុជទឹកយើងម្នាក់គឺបានក្លាយជាបូជាចារ្យ។
ទីពីរនៅពេលដែលយើងធ្វើជាព្យាការី! ជាព្យាការីយើងត្រូវដឹងថាពាក្យ “ព្យាការី” គឺមកពីពាក្យថាព្យាករណ៍ ហើយអ្វីដែលយើងព្យាករណ៍នឹងក្លាយជាការពិត។ ចុះតួនាទីព្យាការីមានអីខ្លះ? រាល់ថ្ងៃយើងនិយាយពីសេចក្តីស្រឡាញ់ និយាយអំពីសេចក្តីមេត្តាករុណា នេះសុទ្ធតែជាការព្យាករណ៍ ហើយអ្វីដែលយើងនិយាយនេះតើ វាកើតជាការពិតឬអត់? ប្រសិនបើជីវិតរបស់យើងម្នាក់ៗយើងនិយាយដើមគ្នា យើងមិនឈ្នានីសនិងគ្នា យើងមិនប្រកាន់ទោសគ្នា យើងមិនចេះលើកលែងឲ្យទោសគ្នា យើងមិនចេះបង្ហាញសេចក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក ពាក្យសម្តីនឹងទង្វើវាអត់ស៊ីគ្នា អ្វីដែលយើងនិយាយមិនអាចព្យាករណ៍បាន ដើម្បីឱ្យវាក្លាយទៅជាទង្វើបានទេ។
ដូច្នេះមានន័យថាតួនាទីយើងជាគ្រីស្តបរិស័ទដែលយើងទទួលអគ្គសញ្ញាជ្រមុជទឹកយើងក្លាយទៅជាព្យាការីនេះគឺយើងធ្វើម៉េចឱ្យគុណតម្លៃទាំងប៉ុន្មានដែលលោកពុកបាននិយាយអម្បាញ់មិញ សេចក្តីស្រឡាញ់ ចិត្តមេត្តាករុណា ចិត្តសន្តោសប្រណី ចិត្តអធ្យាស្រ័យ ចេះលើកទឹកចិត្តគ្នាគឺយើងត្រូវការរស់នៅខ្លួនឯង ដើម្បីឱ្យអ្វីដែលយើងនិយាយនោះវាក្លាយទៅជាទង្វើ ក្លាយទៅជាការពិត នេះគឺជាតួនាទីទីពីរក្នុងនៃយើងជាព្យាការី។
ទីបី ពេលយើងទទួលអគ្គសញ្ញាជ្រមុជទឹកយើងក្លាយជាព្រះមហាក្សត្រ! នេះមិនមែនជាព្រះមហាក្សត្រមួយអង្គដែលមិនគ្រងរាជ្យតាមរបៀបលោកិយ៍ គឺគ្រងរាជ្យតាមផ្លូវវិញ្ញាណ។ ក្នុងន័យនេះជាគ្រីស្តបរិស័ទពេលដែលយើងនិយាយពីព្រះមហាក្សត្រគឺយើងរំលឹកខ្លួនឯងពីតួនាទីមួយគឺយើងជួយមើលថែ ជួយគ្រប់គ្រង ជួយលើកទឹកចិត្ត ជួយជំរុញឱ្យអ្នកដទៃរស់នៅប្រកបដោយគុណតម្លៃជាបុត្រធីតារបស់ព្រះជាម្ចាស់។
ដូច្នេះតួនាទីព្រះមហាក្សត្រគឺមើលថែមិនគ្រាន់តែថ្វាយដង្វាយ មិនគ្រាន់តែរស់នៅផ្ទាល់ខ្លួនតែប៉ុណ្ណោះ ប៉ុន្តែគឺយើងមើលថែបងប្អូនជុំវិញយើង ក្នុងនោះមានអ្នកខ្វះខាតឬអត់ មានអ្នកជួបទុក្ខលំបាកឬអត់ ដូច្នេះជាព្រះមហាក្សត្រតាមរយៈអគ្គសញ្ញាជ្រមុជទឹកគឺយើងមិន ដើរបិទភ្នែកទេ! ហេតុដូច្នេះហើយព្រះគម្ពីរថ្ងៃនេះរំលឹកយើងជាពិសេសពិធីបុណ្យជ្រមុជទឹករបស់ព្រះយេស៊ូ គឺរំលឹកយើងផ្ទាល់តែម្តងគឺឱ្យយើងទទួលនូវតួនាទីបីរបស់យើងគឺមួយជាបូជាចារ្យ ពីរជាព្យាការី និងបីជាព្រះមហាក្សត្រ៕
Daily Program
