ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (ម៉ាថាយ ៦,៧-១៥)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី

ជាព្រះបន្ទូលដែលជួយឱ្យបងប្អូនចេះរបៀបអធិដ្ឋាន។ បងប្អូនជាទីស្រឡាញ់យើងដឹងហើយថា កំឡុងពេល៤០ថ្ងៃយើងមានរបៀបក្នុងការអនុវត្តខ្លួន ឱ្យសមស្របជាមួយព្រះហឫទ័យរបស់ព្រះជាម្ចាស់ដូចជាការតមអាហារ ការអធិដ្ឋាន និងការធ្វើបុណ្យធ្វើទានជួយអ្នកដទៃ។
ថ្ងៃនេះព្រះបន្ទូលកំពុងបញ្ជាក់អំពីរបៀបការអធិដ្ឋានដែលបងប្អូនអាចឃើញនៅក្នុងជីវិតរបស់អ្នកជឿ មិនថាសាសនាណាក៏ដោយយើងមានរបៀបការអធិដ្ឋានផ្សេងគ្នា យើងមានរបៀបធ្វើពិធីបុណ្យនិងរបៀបទំនាក់ទំនងជាមួយព្រះជាម្ចាស់ច្រើនបែប តែជូនកាលអ្វីដែលយើងគិតឃើញ ឬរបៀបដែលយើងធ្វើ នឹងគឺជារបៀបមិនត្រឹមត្រូវក្នុងការទងជាមួយព្រះជាម្ចាស់ អាចថាយើងចេះតែអធិដ្ឋានសុំអង្វរនឹងសុំទោសព្រះអង្គតែប៉ុណ្ណោះ។
ប៉ុន្តែថ្ងៃនេះព្រះយេស៊ូបានបង្រៀនយើងនៅធម៌មួយដ៏សំខានដែលព្រះសហគមន៍កាតូលិករបស់យើង និងបងប្អូនគ្រីស្ទានផ្សេងៗទៀតដែលតែងតែអាសាអធិដ្ឋានគឺធម៌”ឱព្រះបិតា”។ តាមព្រះសហគមន៍សម្រាប់ បេក្ខជនត្រៀមទទួលពិធីជ្រមុជទឹក និងមានពិធីប្រគល់ធម៌ “ឱព្រះបិតា” ជាធម៌នាំឱ្យយើងនឹកដល់របៀបទាក់ទងជាមួយព្រះជាម្ចាស់ និងអ្នកដទៃ។
មាន៣រឿងដែលយើងអធិដ្ឋានសុំនៅក្នុងពេលនេះគឺ៖ សុំឱ្យព្រះហឫទ័យរបស់ព្រះជាម្ចាស់បានសម្រេច ហើយក៏ជារបៀបដែលយើងអាចមានទំនាក់ទនងយ៉ាងជិតស្និទ្ធជាមួយគ្នា រួមនិងព្រះជាម្ចាស់ ជាពិសេសគឺ”ព្រះបិតា”ដែលមានព្រះយេស៊ូជាស្ពាននាំយើងឲ្យស្គាល់ព្រះបិតា។
ជាពិសេសអត្ថន័យធម៌នេះបង្ហាញថាយើងកំពុងធ្វើដំណើរជាមួយព្រះអង្គនៅក្នុងលោកនេះ “សូមឱ្យតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់”។ មួយទៀតគឺការសុំអាហារដែលយើងខ្វះជារៀងរាល់ថ្ងៃ និងទី៣គឺសុំឱ្យយើងចេះលើកលែងទោសនឹងបានរស់នៅជាមួយអ្នកដទៃយ៉ាងល្អ។
ពិតមែន! ជីវិតរបស់មនុស្សយើងមានសេចក្តីត្រូវការមួយចំនួនសម្រាប់លោកនេះព្រះបិតាមិនភ្លេចយើងឡើយ។ អ្វីដែលធ្វើឱ្យយើងមានអំណរសប្បាយគឺទំនាក់ទំនងជាមួយអ្នកដទៃឲ្យល្អ ហេតុនេះការលើកលែងទោស ការសុំឱ្យព្រះអង្គលើកលែងទោសជាកត្តាមួយនាំឱ្យយើងមានអំណរសប្បាយនៃការរស់នៅក្នុងលោកនេះដោយសារយើងមានចិត្តធម៌ដូចព្រះបិតារបស់យើង។ ដូច្នេះពេលណាបងប្អូនអធិដ្ឋានធម៌នេះសូមនឹកឃើញទំនាក់ទំនងយើងរវាងព្រះជាម្ចាស់ និងអ្នកដទៃផង សូមឱ្យយើងមានកម្លាំងរួមធ្វើដំណើរជាមួយព្រះអង្គចាប់ពីលោកនេះរហូតដល់លោកខាងមុខ គឺជីវិតអស់កល្បជានិច្ច។ សូមឱ្យព្រះបិតាបង្ហាញជំនឿឱ្យយើង បង្ហាញព្រះយេស៊ូឱ្យយើង ហើយសុំឱ្យព្រះយេស៊ូជាស្ពានចម្លងយើងទៅកាន់ព្រះបិតាផងដែរ។
សូមព្រះអម្ចាស់ប្រទានពរឱ្យបងប្អូន និងសូមឲ្យជីវិតរស់នៅរបស់បងប្អូនទទួលតែអំណរសប្បាយ និងសេចក្តីសុខសាន្តរួមជាមួយព្រះបិតារបស់យើងទាំងអស់គ្នា ដែលនាំឱ្យយើងជាគ្រួសារតែមួយជាមួយគ្នាផង។ អាម៉ែន៕
Daily Program
