ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥អត្ថបទគម្ពីរ (ម៉ាថាយ ៩,១៤-១៥)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ផាន បូរី

អត្ថបទព្រះគម្ពីរដំណឹងល្អថ្ងៃនេះយើងបានលឺថាពួកខាងគណៈផារ៉ាស៊ី និងសិស្សរបស់យ៉ូហានបាទីស្តបានសួរព្រះយេស៊ូពីរឿងតមអាហារ ព្រោះសិស្សរបស់ព្រះយេស៊ូអត់តមទេ ហេតុអ្វីមានលក្ខណៈខុសគ្នា? ព្រះយេស៊ូមានព្រះបន្ទូលថា ធម្មតាពេលណាកូនកំលោះនៅជាមួយយើងអត់តមអាហារទេ! យើងតែងតែជប់លៀង សប្បាយរីករាយជួបជុំគ្នាហូបបាយ ឬធ្វើសកម្មភាពផ្សេងៗដែលនាំឱ្យយើងសប្បាយ។ ប៉ុន្តែពេលកូនកំលោះលាចាកលោកទៅ ឬកូនកំលោះទទួលមរណភាពទើបយើងតមអាហារដោយសារយើងកាន់ទុក្ខ។
ត្រង់នេះខ្ញុំមានបីចំណុចដែលចង់ចែក ចំណុចទីមួយគឺលក្ខណៈនៃកូនកម្លោះអ្នកណាជាកូនកម្លោះដ៏ពិតប្រាកដ? គឺព្រះយេស៊ូ រីឯព្រះសហគមន៍គឺជាកូនក្រមុំ ហេតុនេះយើងឃើញថាកូនកម្លោះ និងកូនក្រមុំរស់នៅជាមួយគ្នាគឺជារឿងល្អសប្បាយត្រូវ បង្ហាញសេចក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក ហេតុនេះអត់ត្រូវការតមអាហារទេ ត្បិតព្រះយេស៊ូគឺជាកូនកម្លោះដែលកំពុងតែផ្តល់សុភមង្គលឱ្យកូនក្រមុំ កំពុងដឹកដៃកូនក្រមុំឱ្យដើរលើមាគ៌ាដ៏ល្អប្រណិតនៅក្នុងសង្គមយើងសព្វថ្ងៃ គឺព្រះយេស៊ូជាកូនកម្លោះដែលនាំឱ្យកូនក្រមុំរកបានសុភមង្គលដ៏ពិតប្រាកដ។
ហេតុនេះយើងអត់ត្រូវការតមអាហារពេលព្រះអង្គនៅជាមួយយើង ផ្ទុយទៅវិញយើងជាកូនក្រមុំយើងត្រូវតែលើកសិរីរុងរឿងរបស់ព្រះជាម្ចាស់ឱ្យអស់ពីចិត្តគំនិតរបស់យើង អស់ពីកម្លាំងកាយរបស់យើង ហើយយើងនាំគ្នាកោតសរសើរលើកតម្កើងព្រះអង្គ។ ហេតុនេះយើងត្រូវតែសប្បាយរីករាយជាមួយកូនកម្លោះ។ ចំណុចទីពីរ បន្តិចទៀតគេនឹងចាប់កូនកម្លោះយកទៅ ឯយើងជាកូនក្រមុំមានតួនាទីតមអាហារ អធិដ្ឋាន នឹងរកមធ្យោបាយផ្សេងៗដើម្បីនៅជិត និងមានភាពជិតស្និទ្ធជាមួយកូនកម្លោះ។
បងប្អូនជាទីស្រឡាញ់! ពេលណាយើងនិយាយពីការតមអាហារជួនកាលយើងនិយាយពីម្ហូបអាហារដែលយើងញាំ ប្រសិនបើយើងតមតែអាហារ ប៉ុន្តែយើងអត់បានតមចិត្តគំនិតយើង យើងអត់បានតមពាក្យសម្តី យើងអត់បានធ្វើសេចក្តីល្អនៅក្នុងសង្គមរបស់យើង យើងអត់បានតមអ្វីដែលនាំឱ្យរូបកាយរបស់យើងដូចជាមានតណ្ហា ហេតុនេះយើងត្រូវតែតម? រួមជាមួយព្រះយេស៊ូ ការតមអាហារលុះត្រាតែយើងចេះដាក់ខ្លួនឱ្យបានត្រឹមត្រូវ ឱ្យបានល្អ ឱ្យបានគាប់ប្រសើរ ហើយព្យាយាមធ្វើតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។
ហេតុនេះសូមឱ្យបងប្អូនតមពាក្យសម្តីរបស់បងប្អូន តមចិត្តរបស់បងប្អូនកុំឱ្យច្រណែនឈ្លានីស តមកាយវិការរបស់បងប្អូនកុំឱ្យមានអំពើហឹង្សាកើតមានឡើង។ ចំណុចទីបីគឺខិតខំប្រឹងប្រែងស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រះបន្ទូលរបស់ព្រះយេស៊ូ។ ធ្វើយ៉ាងណាយកព្រះបន្ទូលរបស់ព្រះយេស៊ូជាទីពឹង ដើម្បីយើងធ្វើដំណើររួមជាមួយគ្នានៅក្នុងរដូវ៤០ថ្ងៃនេះ។ ពិតមែនឱ្យយើងចេះកែប្រែចិត្តគំនិតដ៏ពិតប្រាកដពេលនោះយើងនឹងចេះតមអាហារ៕
Daily Program
