ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥អត្ថបទគម្ពីរ (យ៉ូហាន៥,១៧-៣០)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល

បងប្អូនជាទីស្រឡាញ់! នៅថ្ងៃនេះយើងជិតដល់បុណ្យចម្លងគឺជាថ្ងៃដែលព្រះយេស៊ូនឹងរងទុក្ខលំបាក ហើយសោយទិវង្គត់ រួចមានព្រះជន្មរស់ឡើងវិញ ហើយថ្ងៃនេះសូមបងប្អូនរិះគិតថា ហេតុអ្វីបានជាគេបានសម្លាប់ព្រះយេស៊ូ?
អត្ថបទនៅថ្ងៃនេះជនជាតិយូដាខឹងព្រះយេស៊ូ គេចោទប្រកាន់ព្រះអង្គ តាមច្បាប់ធម្មវិន័យរបស់លោកម៉ូសេព្រះអង្គមានសិទ្ធិហៅសាក្សីពីរ ឬបីនាក់ដើម្បីជួយការពារ។ ដូច្នេះព្រះយេស៊ូ មានលោកយ៉ូហានបាទីស្តដែលបញ្ជាក់ថាព្រះអង្គជាព្រះមេស្ស៊ី ប៉ុន្តែគេមិនព្រមជឿឡើយ ព្រោះគេមិនស្គាល់ព្រះបិតារបស់ព្រះយេស៊ូ និងមានសាក្សីពីរទៀតគឺកិច្ចការដែលទ្រង់បានធើ្វ និងព្រះគម្ពីរ។ ព្រះយេស៊ូមានព្រះបន្ទូលអំពីកិច្ចការដែលព្រះអង្គប្រព្រឹត្ត។ ព្រះយេស៊ូប្រព្រឹត្តការណ៍ជាច្រើនដែលបញ្ជាក់ថាព្រះអង្គគឺជាព្រះមេស្ស៊ី។
ព្រះអង្គប្រោសអ្នកជំងឺជាច្រើនឱ្យបានជាពិសេសប្រោសមនុស្សខ្វាក់ពីកំណើតឱ្យបានភ្លឺ និងប្រោសលោកឡាសាឱ្យរស់ឡើងវិញ។ ដូច្នេះកិច្ចការទាំងប៉ុន្មានដែលព្រះយេស៊ូបានប្រព្រឹត្តបញ្ជាក់ច្បាស់ដូចជាសាក្សីដែលបញ្ជាក់ថាព្រះយេស៊ូជាព្រះមេស្ស៊ីដែលជនជាតិយូដាទន្ទឹងរង់ចាំ និងសាក្សីមួយទៀតគឺព្រះគម្ពីរ។ ពេលដែលយើងអានព្រះគម្ពីរសម្ពន្ធមេត្រីចាស់យើងអាចយល់ថា ព្រះយេស៊ូគឺជាអ្នកបម្រើដែលបានរងទុក្ខលំបាកជាព្រះមេស្ស៊ីដែលជនជាតិយូដាទន្ទឹងរង់ចាំប្រសិនបើយើងចេះអានព្រះគម្ពីរដោយយកចិត្តទុកដាក់ ដែលមានព្រះវិញ្ញាណដ៏វិសុទ្ធជួយបំភ្លឺនោះពួកគេនឹងយល់ពីសេចក្តីទាំងនោះ។
ប៉ុន្តែព្រះយេស៊ូដឹងច្បាស់ថា ពួកគណៈផារ៉ាស៊ីទាំងអស់មិនព្រមជឿលើព្រះអង្គ ទោះបីគេមើលឃើញច្បាស់អំពីកិច្ចការដែលព្រះយេស៊ូប្រព្រឹត្ត ទោះបីគេស្គាល់ព្រះគម្ពីរសម័្ធន្តមេត្រីចាស់ច្បាស់ ក៏គេមិនព្រមជឿ ដោយសារគេមានចិត្តរឹងរួសជាដាច់ខាត។ សម្រាប់យើងប្រហែលពេលខ្លះយើងដូចពួកគណៈផារ៉ាស៊ី យើងមិនព្រមជឿមិនព្រមកែប្រែចិត្តគំនិតដាច់ខាត មិនព្រមស្រឡាញ់ព្រះជាម្ចាស់ មិនព្រមជួយអ្នកដទៃ។
អត្ថបទដំណឹងល្អនៅថ្ងៃនេះរំលឹកថាប្រសិនជាបើកចិត្តឱ្យទូលាយទុកឱកាសឱ្យព្រះយេស៊ូដើម្បីឱ្យយើងជឿ ឱ្យយើងកែប្រែចិត្តគំនិត ចាប់ផ្តើមស្រឡាញ់ចាប់ផ្តើមជួយអ្នកដទៃ ពេលនោះព្រះយេស៊ូនឹងបញ្ជាក់ជំនឿរបស់យើង និងជួយពង្រឹងជំនឿរបស់យើង កិច្ចការដែលយើងប្រព្រឹត្តក្នុងជីវិតដោយមានព្រះបន្ទូលជួយបញ្ជាក់អ្វីដែលយើងជឿ និងមានសាក្សីដូចលោកយូហានបាទីស្ត និងគ្រីស្តបរិស័ទផ្សេងទៀតដែលជួយឱ្យយើងមានជំនឿកាន់តែរឹងមាំ។
ប៉ុន្តែអ្វីដែលសំខាន់នោះយើងត្រូវតែជឿ បើកចិត្តឱ្យទូលាយ នោះព្រះជាម្ចាស់នឹងប្រោសប្រទានទីសម្គាល់ និងជួយពង្រឹងជំនឿរបស់យើងកុំឱ្យយើងធ្វើដូចជនជាតិយូដាទៀត។ សូមជូនពរបងប្អូនឱ្យមានសុខភាពល្អ និងជូនពរឱ្យមានជំនឿរឹងមាំដើម្បីធ្វើជាសាក្សីយ៉ាងពិតប្រាកដរបស់ព្រះយេស៊ូចំពោះមុខអ្នកដទៃ៕
Daily Program
