ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (ម៉ាថាយ ៨,២៣-២៧)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី

នៅពេលព្រះយេស៊ូ និងក្រុមសាវ័កកំពុងតែឆ្លងទៅត្រើយម្ខាង ក៏បានជួបខ្យល់ព្យុះ! ខណៈនោះព្រះយេស៊ូកំពុងតែដេកលក់នៅកន្សែងទូក។ បងប្អូនយើងដឹងហើយថាពួកសាវ័កក៏ជាមនុស្សទោះបីពួកគាត់ដឹងថាព្រះយេស៊ូមានឫទ្ធានុភាពមានអំណាច តែពួកគាត់នៅតែភ័យខ្លាចចំពោះហេតុការណ៍ដែលកំពុងតែបានកើតឡើងនៅជុំវិញខ្លួន។
នេះជាចរិតមួយរបស់យើងដែលជាគ្រីស្តបរិស័ទ ទោះបីយើងមានជំនឿលើព្រះយេស៊ូ ទោះបីយើងមានជំនឿលើព្រះជាម្ចាស់ តែជូនកាលយើងក៏មានការភ័យខ្លាចនៅស្ថានភាពជុំវិញ មានការព្រួយបារម្ភនៅក្នុងបរិយាកាសមិនអំណោយផល។ នៅពេលដែលយើងជួបការបៀតបៀន ឬជួបគ្រោះថ្នាក់អ្វីមួយ ឬកំពុងជួបមហន្តរាយណាមួយ ពិតមែន! បងប្អូនមានអារម្មណ៍ប្រាប់ថាយើងកំពុងតែជួបបញ្ហា ឬកំពុងតែជួបរឿងដែលធ្វើឱ្យយើងប៉ះពាល់ដល់អាយុជីវិត។
ភាពភ័យខ្លាចរបៀបនេះ គឺជារឿងធម្មតាទេ! ភាពភ័យខ្លាចធ្វើឱ្យយើងរកមធ្យោបាយការពារខ្លួន ដើម្បីគេចផុតពីគ្រោះថ្នាក់ ប៉ុន្តែសម្រាប់អ្នកជឿយើងមានព្រះយេស៊ូគ្រីស្ត នៅពេលដែលដៃរបស់យើងកំពុងតែដោះស្រាយ ឬជើងរបស់យើងកំពុងតែរត់គេចចេញ ពេលនោះយើងក៏មានជំនឿបានដែរ ជំនឿរបស់យើង គឺធ្វើយ៉ាងម៉េចដើម្បីឱ្យយើងផុតពីគ្រោះកាចបាន។
យើងដឹងថាថ្ងៃនេះក្រុមសាវ័កបានទៅហៅព្រះអង្គឱ្យជួយ ហើយព្រះអង្គក៏បានបញ្ឈប់ខ្យល់ ពេលនោះពួកគាត់បានជឿថា ព្រះអង្គមានឫទ្ធានុភាពមែន។ ដូច្នេះពេលមនុស្សមានជំនឿ និងមនុស្សអត់មានជំនឿជួបបញ្ហាដែលខុសគ្នា គឺមនុស្សដែលគ្មានជំនឿព្យាយាមដោះស្រាយបញ្ហាដោយខ្លួនឯង តែសម្រាប់អ្នកជឿបញ្ហាដែលយើងកំពុងតែប្រឈម គឺអាចដោះស្រាយបានត្បិតមានកម្លាំងពីព្រះជាម្ចាស់ថែមទៀត មានន័យថា យើងអាចឆ្លងកាត់ភាពគ្រោះថ្នាក់នេះបានដោយមានភាពកក់ក្តៅ ទោះបីនៅគ្រាដែលយើងកំពុងពិបាក យើងដឹងថាយើងមិនអាចរួចផុតគ្រោះថ្នាក់បាន ក៏យើងអាចទទួលយកបញ្ហាដែលកំពុងតែកើតឡើងនេះបានដែរ៕
Daily Program
