តើមានកិច្ចការណាខ្លះដែលបញ្ចាក់ថាមនុស្សលោកស្រលាញ់ព្រះជាម្ចាស់?

បកស្រាយ​ដោយ​លោក​បូជាចារ្យ រឿង ឆ័ត្រសិរី ពីព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ

បូ. រឿង ឆ័ត្រសិរី៖ បងប្អូនជាទីស្រលាញ់រាប់អាន! នៅក្នុងឱកាសបុណ្យព្រះយេស៊ូប្រសូត្រយើងដឹងហើយថា ព្រះជាម្ចាស់ស្រលាញ់មនុស្សលោក ព្រះអង្គមិនដែលភ្លេចមនុស្សលោកយើងទេ។ ដូច្នេះសេចក្តីស្រលាញ់សម្រាប់មនុស្សយើង បងប្អូនត្រូវតែដឹងថាព្រះជាម្ចាស់ស្រលាញ់យើងយ៉ាងដូចម្តេច?

ទី១៖ គឺយើងអាចដឹងតាមរយៈការប្រសូតរបស់ព្រះយេស៊ូគ្រីស្ត យើងសម្លឹងទៅមើលជីវិតរបស់ព្រះយេស៊ូ យើងឃើញសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់ចំពោះយើងជារៀងរហូត។ ហើយកន្លែងដែលយើងបានស្គាល់រឿងរ៉ាវរបស់ព្រះយេស៊ូ ថាតើព្រះអង្គបង្ហាញសេចក្តីស្រលាញ់ឲ្យយើងយ៉ាងដូចម្តេច? សូមបងប្អូនទៅអានព្រះគម្ពីរ ឬព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រោះនៅក្នុងព្រះគម្ពីរមានអ្វីដែលយើងចង់ដឹង និងឆ្លើយតបទៅនឹងចម្ងល់របស់យើងផងដែរ។

កិច្ចការដែលព្រះយេស៊ូបានធ្វើនៅលើលោកនេះ មិនថាការប្រសូតមិនថាការណែនាំបង្រៀន និងការសង្គ្រោះផ្សេងៗ សុទ្ធតែបង្ហាញពីការស្រលាញ់របស់ព្រះជាម្ចាស់សម្រាប់មនុស្សយើង។ បើសិនយើងដឹងពីក្តីស្រលាញ់របស់ព្រះជាម្ចាស់ ចំណុចនេះ ជីវិតយើងមានសុភមង្គល និងក្តីសុខមែនទែន ដោយសារយើងជឿថា ព្រះជាម្ចាស់គង់នៅ និងបន្តសកម្មភាពសេចក្តីស្រលាញ់របស់ព្រះអង្គក្នុងជីវិតរបស់យើងពិត មិនមែនគ្រាន់តែជារឿងដែលបានកើតឡើងកាលពីជាង២០០០ឆ្នាំមុននោះទេ។ ប៉ុន្តែព្រះអង្គនៅតែបន្តក្នុងជីវិតប្រចាំថ្ងៃរបស់យើងនោះដែរ។

ទី២៖ ដើម្បីបញ្ជាក់បង្ហាញសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់ ពួកយើងអាចឃើញក្នុងជីវិតរបស់ព្រះសហគមន៍។ ព្រះសហគមន៍ជាកន្លែងមួយដែលបង្ហាញថា អ្នកដែលមានជំនឿគេរស់នៅយ៉ាងដូចម្តេចដើម្បីបង្ហាញអំពីជំនឿរបស់គេ តាមរយៈសកម្មភាពចេះជួយគ្នាទៅវិញទៅមក ហើយរស់នៅដោយសេចក្តីសស្រលាញ់របស់ព្រះជាម្ចាស់។ ហេតុដូច្នេះហើយ នៅក្នុងព្រះសហគមន៍យើងមានឱកាសជាច្រើនដើម្បីបង្ហាញថា ព្រះជាម្ចាស់ស្រលាញ់យើង។ ពីអំណោយទាន ពីការអធិដ្ឋាន ពីករុណាទិគុណ គឺព្រះជាម្ចាស់ប្រទានតាមរយៈព្រះសហគមន៍ តាមរយៈឱកាសសំខាន់ៗ និងតាមសកម្មភាពផ្សេងៗក្នុងសង្គម។ នេះជាកិច្ចមួយយ៉ាងសំខាន់ដែលផ្តល់ឱកាសច្រើនឲ្យយើងបានអនុវត្តជំនឿរបស់យើងទៅមនុស្សទូទៅក្នុងសង្គម។

ទី៣៖ ចំណុចដែលយើងអាចបង្ហាញសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់នៅក្នុងជីវិតរបស់យើង គឺនៅក្នុងការអធិដ្ឋាន។ បងប្អូនណាដែលមានទំនាក់ទំនងជាមួយព្រះជាម្ចាស់ គាត់នឹងស៊ីជម្រៅនៅក្នុងសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់។ ប្រសិនយើងអត់ចេះអធិដ្ឋាន អត់មានជំនឿ អត់បង្ហាញថាយើងចង់មានទំនាក់ទំនងជាមួយព្រះជាម្ចាស់ ពិតមែនសេចក្តីស្រលាញ់របស់ទ្រង់មិនអាចឲ្យយើងដឹងនៅក្នុងជីវិតរបស់យើងបានទេ។ ឧទាហរណ៍៖ ដូចជាព្រះជាម្ចាស់ចាក់ទឹកចូលក្នុងកែវឲ្យយើង តែយើងបានបិទគម្របកែវអ៊ីចឹង។ ហេតុនេះហើយបើយើងមិនបើកចិត្តទំនាក់ទំនងជាមួយព្រះអង្គនោះទេ យើងមិនអាចឃើញពីសេចក្តីស្រលាញ់របស់ទ្រង់ផងដែរ។ ផ្ទុយទៅវិញបើយើងមានសេចក្តីស្រលាញ់យើងចង់ធ្វើអ្វីក៏បាន។ មួយវិញទៀត សម្រាប់យើងបើចង់បង្ហាញសេចក្តីស្រលាញ់នេះចំពោះអ្នកដទៃ វាជាការជម្រុញយ៉ាងពិសេសដែលមកពីព្រះជាម្ចាស់។ គ្រីស្តបរិស័ទមិនអាចធ្វើកិច្ចការល្អ ដោយពឹងផ្អែកតែលើខ្លួនឯងប៉ុណ្ណោះទេ នេះគឺជាការជម្រុញចិត្តដ៏ខ្លាំងក្លាដែលមកពីព្រះជាម្ចាស់៕

 

ដោយ ឆាក លាំង

Daily Program

Livesteam thumbnail