តើពិធីប្រគល់ធម៌ជឿជាអ្វី ហើយពិធីនេះគេធ្វើឡើងនៅពេលណា?
បកស្រាយដោយ៖ លោកបូជាចារ្យ អេមេល្សដាល ហ្វ្រង់ស្វ័រ ពីព្រះសហគមន៍កាតូលិកបឹងទំពុន ភ្នំពេញ។ សម្របសម្រួលដោយ ឆាក លាំង។
បូ. អេមេល្សដាល ហ្រ្វង់ស្វ័រ៖ បងប្អូនជាស្រលាញ់! ប្រាកដណាស់ បងប្អូនមួយចំនួនបានស្គាល់ធម៌ជឿ ឬធម៌ប្រកាសជំនឿរបស់ព្រះសហគមន៍កាតូលិក ជាពិសេសបងប្អូនគ្រីស្តបរិស័ទធ្លាប់សូតហើយនៅក្នុងពិធីអភិបូជា ក្នុងសៀវភៅអភិបូជានៅទំព័រទី១៤។ ធម៌ប្រកាសជំនឿដែលមកពីក្រុមគ្រីស្តទូតដែលពួកគេបានឃើញ បានស្តាប់អំពីព្រះយេស៊ូនៅលើផែនដីនេះ។
បន្ទាប់មកក្រុមនេះបាននិយាយរៀបរាប់អំពីសកម្មភាពរបស់ព្រះយេស៊ូ ដោយបានកត់ត្រានៅក្នុងព្រះគម្ពីរ។ ក្រោយមកទៀតព្រះសហគមន៍បានសង្ខេបចំណុចសំខាន់ៗសម្រាប់គ្រីស្តបរិស័ទឲ្យយល់ថា យើងត្រូវតែជឿដើម្បីក្លាយទៅជាគ្រីស្តបរិស័ទ។ មុនដំបូងយើងត្រូវតែជឿថាព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញបានឈ្នះសេចក្តីស្លាប់ និងចំណុចទី២ គឺសំខាន់ គឺជឿថា ព្រះជាម្ចាស់ជាព្រះត្រៃឯក ជាព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ ជាព្រះតែមួយ។ ក្រោយមកគេលំអិត ខ្ញុំជឿលើព្រះជាម្ចាស់ ជាព្រះបិតាដែលបានបង្កើតអ្វីៗទាំងអស់ ព្រះអង្គដែលមានឬទ្ធានុភាពសព្វប្រការ។ល។
ធម៌ប្រកាសជំនឿនេះ ជាសេចក្តីសង្ខេបរបស់ព្រះសហគមន៍ ហើយព្រះសហគមន៍ប្រគល់ធម៌ជឿនេះឲ្យអ្នកស្វែងយល់ ដែលត្រៀមខ្លួន និងទទួលពិធីជ្រមុជទឹកមុនរាត្រីបុណ្យចម្លង។ យើងប្រគល់ធម៌ជឿនៅក្នុងរដូវអប់រំពិសេស អាទិត្យទី២ តាមប្រពៃណី ទំនៀមទម្លាប់របស់ព្រះសហគមន៍តាំងពីដើមដំបូង។ អ្នកស្វែងយល់ទទួលធម៌ប្រកាសជឿនេះដើម្បីរៀន និងសូត្រធម៌ប្រកាសជំនឿនេះ ដើម្បីយល់ថាឥឡូវនេះគេចាប់ផ្តើមចូលក្នុងគ្រួសារតែមួយជាព្រះសហគន៍ដែលមានជំនឿតែមួយ។
អ្នកសម្របសម្រួល៖ តើការប្រគល់ធម៌ជឿនេះគេអាចធ្វើបានពេលណាខ្លះ?
បូ. អេមេល្សដាល ហ្រ្វង់ស្វ័រ៖ ជាធម្មតាព្រះសហគមន៍កាតូលិកប្រគល់ធម៌ជឿទៅអ្នកឈ្វេងយល់ នៅក្នុងរដូវអប់រំពិសេសអាទិត្យទី២ ពេលកម្មវិធីអភិបូជា លោកបូជាចារ្យទេសនារួចហើយ មានការអធិដ្ឋាន ក្រោយមកលោកប្រកាសជាផ្លូវការ និងឱឡារឹក ដោយមានបងធម៌រួមជាមួយដើម្បីប្រគល់ធម៌ប្រកាសជំនឿឲ្យបេក្ខជន។
អ្នកសម្របសម្រួល៖ បុគ្គលដែលត្រូវទទួលធម៌ជឿ ពីព្រះសហគមន៍ត្រូវមានលក្ខណៈបែបណាដែរ?
បូ. អេមេល្សដាល ហ្វ្រង់ស្វ័រ៖ តាមទម្លាប់របស់ព្រះសហគមន៍ មានតែអ្នកដែលត្រៀមខ្លួនទទួលអគ្គសញ្ញាជ្រមុជទឹកនៅពេលបុណ្យចម្លង! ដែលមានសិទ្ធិទទួលធម៌ជឿនេះ។ ព្រោះគេបានរៀនអស់ពេលជាច្រើនឆ្នាំ អំពីជំនឿរបស់ព្រះសហគមន៍ទើបគេអាចយល់ និងទទួលបាន។ ធម៌ប្រកាសជំនឿជួយបំភ្លឺប្រាជ្ញាមនុស្សលោកឲ្យស្គាល់ព្រះជាម្ចាស់ ឲ្យស្រលាញ់ព្រះអង្គ ហើយមានតែបេក្ខជនជាគ្រីស្តបរិស័ទក្នុងពេលអនាគតទេ ដែលអាចសូតធម៌ប្រកាសជំនឿនេះ និងក្លាយខ្លួនទៅជាសមាជិកពេញលេញរបស់ព្រះសហគមន៍។
អ្នកសម្របសម្រួល៖ តើធម៌ប្រកាសជំនឿ មានអត្ថន័យបែបណាសម្រាប់គ្រីស្តបរិស័ទ?
បូ. អេមេល្សដាល ហ្វ្រង់ស្វ័រ៖ ច្បាស់ហើយ! បើសិនយើងជឿថាព្រះជាម្ចាស់ជាព្រះត្រៃឯក ជាសេចក្តីស្រលាញ់ ហើយព្រះអង្គគង់នៅជាមួយយើង ព្រះជាម្ចាស់ជាប្រភពនៃជីវិត យើងម្នាក់ៗក៏មានរបៀបរស់នៅខុសប្លែកពីមុនដែរ។ យើងជឿថាមានព្រះមួយអង្គ ដែលនៅជាមួយយើង កំដរយើង ណែនាំយើង នាំឲ្យជីវិតយើងផ្លាស់ប្តូរ និងមានអត្ថន័យ។ ជាហេតុនាំឲ្យយើងយល់ថាជីវិតយើងមានតម្លៃ ព្រះជាម្ចាស់បានបង្កើតយើង ដើម្បីឲ្យបម្រើព្រះអង្គ និងផ្តល់សេចក្តីស្រលាញ់ចំពោះព្រះអង្គ។ ឲ្យយើងដឹងខ្លួនថា យើងជាបុត្រធីតារបស់ព្រះអង្គ អ្នកដទៃជាបងប្អូនរបស់យើង។ ហេតុនេះ! យើងត្រូវធ្វើទៅតាមអ្វីដែលយើងជឿ! បើជឿថាព្រះជាម្ចាស់បានលើកលែងទោសឲ្យយើង ខ្លួនយើងផ្ទាល់ក៏ត្រូវលើកទោសឲ្យគ្នាទៅវិញទៅមកផងដែរ។
អ្នកសម្របសម្រួល៖ តើត្រូវបំពេញកិច្ចការជាគ្រីស្តបរិស័ទបែបណាដែរ ក្រោយពីទទួលបានធម៌ជឿ និងខ្លួនក្លាយជាគ្រីស្តបរិស័ទពេលលេញ?
បូ. អេមេល្សដាល ហ្វ្រង់ស្វ័រ៖ សម្រាប់បេក្ខជន ឬអ្នកឈ្វេងយល់ជាទីស្រលាញ់របស់ព្រះសហគមន៍ និងជាអនាគត ត្រូវក្លាយជាដៃជាជើងរបស់ព្រះសហគមន៍ យើងត្រូវធ្វើជាសាក្សីនៃជំនឿនៅក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ននេះ យើងត្រូវការគ្រីស្តបរិស័ទដែលផ្តល់សក្ខីភាពពីក្តីស្រលាញ់ ពីធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ ព្រោះសង្គមបច្ចុប្បន្ន ប្រហែលជាពេលខ្លះពិបាករស់នៅ និងពិបាកចាត់ទុកថាយើងជាបងប្អូននឹងគ្នា។ ជាការពិតណាស់ អ្នកឈ្វេងយល់មានតួនាទីប្រកាសដំណឹងល្អ គឺរស់នៅតាមរបៀបគ្រីស្តបរិស័ទពិតប្រាកដនៅក្នុងសង្គម។ ជាក់ស្តែងយើងជាគ្រីស្តបរិស័ទត្រូវតែប្រកាសដំណឹងល្អនៅតាមកន្លែងដែលយើងរស់នៅ និងឲ្យមនុស្សនៅជុំវិញខ្លួនបានទទួលការស្រលាញ់ពីព្រះជាម្ចាស់។
ដោយ ឆាក លាំង