តើគ្រីស្តបរិស័ទគ្រប់រូបគួររើសពេលប្រកាសដំណឹងល្អដែរទេ? ព្រោះអ្វី?
បកស្រាយដោយ៖ លោកបូជាចារ្យ យ៉ូហាន ម៉ារី វីយ៉ាណែរ ផាន បូរី ជាបូជាចារ្យបម្រើព្រះសហគមន៍កាតូលិកក្នុងខេត្តមណ្ឌលគិរី ក្នុងភូមិភាគកំពង់ចាម។
បូ. ផាន បូរី៖ យើងជាគ្រីស្តបរិស័ទគួរប្រកាសដំណឹងល្អនៅពេលណាខ្លះ? ខ្ញុំសូមឲ្យបងប្អូនអានព្រះគម្ពីរម៉ាកូស១៦,១៥៖ ព្រះយេស៊ូមានព្រះបន្ទូលថា «ចូរនាំគ្នាទៅគ្រប់ទីកន្លែងនៅក្នុងពិភពលោក ហើយប្រកាសដំណឹងល្អចុះ»។ បងប្អូនជាទីស្រលាញ់ យើងប្រកាសដំណឹងល្អ មិនមែនដោយសារពេលវេលា មិនមែនដោយសារទីកន្លែងនោះទេ គឺថាគ្រីស្តបរិស័ទទាំងអស់ត្រូវតែប្រកាសដំណឹងល្អនៅគ្រប់ទីកន្លែងទាំងអស់។
អ្វីទៅជាដំណឹងល្អ? ដំណឹងល្អ គឺព្រះយេស៊ូសោយទិវង្គត ហើយមានព្រះជន្មរស់ឡើងវិញ។ ព្រះយេស៊ូគ្រីស្តប្រទានឲ្យមនុស្សមានតម្លៃស្មើៗគ្នា អត់មានអ្នកខ្ពស់អត់មានអ្នកទាប។ ព្រះយេស៊ូចង់ឲ្យមនុស្សទាំងអស់មានលក្ខណៈ និងមានតម្លៃដូចគ្នា ព្រោះថាយើងជាបុត្រធីតារបស់ព្រះជាម្ចាស់ យើងមានតម្លៃស្មើៗគ្នា។ នេះគឺជាការប្រកាសដំណឹងល្អ ជាដំណឹងល្អដែលព្រះយេស៊ូចង់ឲ្យយើងប្រកាសនៅគ្រប់ទីកន្លែងក្នុងពិភពលោក។ ទីពីរ បងប្អូនអាចអានព្រះគម្ពីរលូកា៩,១-៦៖ ព្រះយេស៊ូចាត់សាវគ្គ២ៗនាក់ ឲ្យទៅប្រកាសដំណឹងល្អ ដោយមិនឲ្យយកថង់ប្រាក់ ថង់យាម ឬស្បែកជើងទៅទៅជាមួយទេ បើបងប្អូនចូលផ្ទះណាសូមព្រះជាម្ចាស់ប្រទានសេចក្តីសុខសាន្តឲ្យគេ។ មានន័យថា ព្រះយេស៊ូបានត្រាស់ហៅយើង ហើយព្រះអង្គអប់រំយើង និងចាត់យើងឲ្យទៅប្រកាសដំណឹងល្អគ្រប់ទីកន្លែងគ្រប់ពេលវេលាទាំងអស់ ហើយឲ្យបងប្អូនយល់អំពីព្រះយេស៊ូ ដែលយាងមកជាព្រះសង្គ្រោះ ដើម្បីប្រទានសេចក្តីសុខសាន្ត សេចក្តីស្រលាញ់ដល់មនុស្សលោកយើង អត់គិតពីអ្នកមាន ឬអ្នកក្រីក្រ មនុស្សសខ្មៅ ខ្វិនខ្វាក់ ឬជនពិការនោះទេ។
ព្រះយេស៊ូចាត់យើងឲ្យទៅប្រាប់គេថា គេហ្នឹងមានតម្លៃស្មើៗគ្នា ម្យ៉ាងទៀតព្រះយេស៊ូប្រទានឲ្យយើងជាគ្រីស្តបរិស័ទមានអំណាចដេញខ្មោច ប្រោសអ្នកជំងឺ ពីព្រោះថា ពេលយើងជាគ្រីស្តបរិស័ទទទួលពិធីជ្រមុជទឹក យើងទទួលមុខងារនេះ។ យើងមានអំណាចដេញខ្មោច ដោយអធិដ្ឋាន និងអធិដ្ឋានសម្រាប់អ្នកជំងឺ។ល។ ពេលយើងទទួលអគ្គសញ្ញាជ្រមុជទឹកហើយ យើងទទួលបានមុខងារចំនួន៣រួមមាន៖ ជាបូជាចារ្យ ជាព្យាការី និងជាមហាក្សត្រ។
ហេតុនេះហើយមុខងារទាំងបីនេះ ជំរុញគ្រីស្តបរិស័ទត្រូវតែទៅប្រកាសដំណឹងល្អ។ ដូចសន្តប៉ូលបានមានប្រសាសន៍ថា «ខ្ញុំបានទទួលអំណោយទានក្នុងការប្រកាសដំណឹងល្អ តែបើខ្ញុំមិនបានប្រកាសដំណឹងល្អទេ សូមឲ្យខ្ញុំស្លាប់ទៅចុះ។» នេះជាពាក្យរបស់សន្តប៉ូល ដែលនាំឲ្យគ្រីស្តបរិស័ទយកគំរូតាមសន្តប៉ូល ឬសន្តបុគ្គលផ្សេងៗទៀតក្នុងការប្រកាសដំណឹងល្អគ្រប់ពេលវេលា គ្រប់ទីកន្លែងដែលបានរស់នៅ។
សកម្មភាពរបស់គ្រីស្តបរិស័ទគឺធ្វើឲ្យគេស្គាល់ព្រះយេស៊ូគ្រីស្ត ហ៊ានប្រកាសដំណឹងល្អនៅគ្រប់ទីកន្លែង ជាពិសេសតាមកន្លែងដែលយើងបានរស់នៅ។ គ្រប់ពេលវេលា គ្រប់សកម្មភាព យើងត្រូវរស់នៅឲ្យបានល្អ ឲ្យបានគាប់ព្រះហឫទ័យ ដោយព្យាយាមប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ យើងជាគ្រីស្តបរិស័ទត្រូវប្រកាសដំណឹងល្អគ្រប់ស្ថានភាពទាំងអស់ ទោះស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ សប្បាយរីករាយ ទុក្ខលំបាកក៏ដោយ គឺត្រូវចាំថាត្រូវរស់នៅដោយការប្រកាសដំណឹងល្អ។
គ្រីស្តបរិស័ទត្រូវរស់នៅជាគំរូល្អក្នុងសង្គម សម្រាប់ព្រះសហគមន៍ និងកន្លែងដែលខ្លួនរស់នៅ។ គ្រីស្តបរិស័ទរស់នៅដោយអធិដ្ឋានរាល់ថ្ងៃ រាល់ពេលវេលា គ្រប់សកម្មភាពទាំងអស់។ គ្រីស្តបរិស័ទប្រកាសដំណឹងល្អដោយចូលរួមអភិបូជា បង្ហាញមេត្តាករុណដល់បងប្អូនឯទៀតៗ។ សរុបជារួមទៅ គ្រីស្តបរិស័ទប្រកាសដំណឹងល្អគ្រប់ពេលវេលា គ្រប់សកម្មភាព គ្រប់ដង្ហើមចេញចូល៕
រៀបចំដោយ ឆាក លាំង