ជំនឿពិតជាបានជួយសង្គ្រោះអ្នកជឿ?
បកស្រាយដោយ៖ លោកជាបូចារ្យ អេមេល្សដាល ហ្រ្វង់ស្វ័រ
ជំនឿពិតជាបានជួយសង្គ្រោះអ្នកជឿពិតមែន! ពេលខ្ញុំជឿលើព្រះយេស៊ូ ខ្ញុំសង្ឃឹមថាព្រះអង្គនឹងសង្គ្រោះខ្ញុំពិតមែន។ ប៉ុន្តែគ្មានអ្វីបញ្ជាក់ឲ្យបានច្បាស់លាស់នោះទេ តែខ្ញុំជាគ្រីស្តបរិស័ទ ជាអ្នកជឿលើព្រះយេស៊ូគ្រីស្ត សង្ឃឹមពិតមែន ថាព្រះអង្គបានសង្រ្គោះគេគ្រប់គ្នា។
យើងដឹងថាទោះបីយើងមានជំនឿលើព្រះអង្គ តែយើងជាអ្នកមានអំពើបាប និងជាមនុស្សរឹងក្បាល ដែលមិនព្រមធ្វើតាម និងតែងតែប្រព្រឹត្តកិច្ចការដែលទាស់និងព្រះហឫទ័យរបស់ទ្រង់។ ប៉ុន្តែជំនឿគឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីទទួលបានការសង្គ្រោះពីព្រះយេស៊ូ។ ពេលខ្ញុំជឿ ខ្ញុំផ្ញើជីវិតទាំងស្រុងទៅលើព្រះជាម្ចាស់ ខ្ញុំមិនបានជឿទៅលើសមត្ថភាពផ្ទាល់ខ្លួនរបស់ខ្ញុំនោះទេ ប៉ុន្តែយើងជឿថាព្រះអង្គមានឫទ្ធានុភាពអាចជួយសង្គ្រោះ គឺព្រះអង្គប្រោសប្រណីឲ្យយើងទទួលការសង្គ្រោះ និងបានឃើញយ៉ាងច្បាស់លាស់អំពីរបៀបនៃការរស់នៅរបស់ព្រះយេស៊ូ។ ខ្ញុំបានឃើញពីជីវិត ឬក៏សក្ខីភាពរបស់សន្តសន្តីបុគ្គល និងគ្រីស្តបរិស័ទដែលបានខិតខំធ្វើ ឬក៏ប្រព្រឹត្តតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។
ហេតុនេះខ្ញុំពិតជាមានសង្ឃឹមយ៉ាងមុតមាំថា រូបខ្ញុំនឹងបានទទួលការសង្គ្រោះពីព្រះអង្គនៅថ្ងៃណាមួយ។ ក្នុងនោះខ្ញុំក៏មានបទពិសោធ ហើយក្នុងការរស់នៅប្រចាំថ្ងៃ មានជំនឿលើព្រះអង្គ ជាគ្រីស្តបរិស័ទ។ ពេលណាខ្ញុំអធិដ្ឋាន ពេលណាខ្ញុំធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ពិតណាស់ខ្ញុំដឹងថាព្រះជាម្ចាស់គង់នៅជាមួយខ្ញុំ ព្រះអង្គស្រលាញ់ខ្ញុំ។ ហេតុនេះហើយខ្ញុំមិនសូវព្រួយបារម្ភ តែមិនមែនខ្ញុំមានសមត្ថភាពដើម្បីសង្គ្រោះខ្លួនឯង គឺមានតែព្រះអង្គទេដែលមានឫទ្ធានុភាពជួយសង្គ្រោះជីវិតមនុស្សលោក ជាពិសេសអស់អ្នកដែលមានជំនឿលើព្រះអង្គ។ ពិតណាស់ខ្ញុំព្យាយាមអធិដ្ឋានសុំឲ្យព្រះវិញ្ញាណជួយបំភ្លឺ កុំឲ្យខ្ញុំរឹងក្បាល និងចេះកែប្រែចិត្តគំនិតឲ្យបានគាប់នឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងទទួលបានការសង្គ្រោះពីព្រះអង្គពិតមែន។
តើមានអ្វីមកបញ្ជាក់អំពីការសង្គ្រោះនេះ?
អំណះអំណាងដែលបានបញ្ជាក់រឿងនេះ បើតាមវិទ្យាសាស្រ្តគឺគ្មានអ្វីបញ្ជាក់បានច្បាស់លាស់អំពីរឿងនេះទេ។ តែវាជាជំនឿ សម្រាប់អស់អ្នកជឿ និងសង្ឃឹមយ៉ាងមុតមាំថា ពួកគេទទួលបានការសង្គ្រោះពិតមែន។ ដូច្នេះសូមបងប្អូនកុំមានការព្រួយបារម្ភ កុំខ្លាចច្រើនពេក ត្រូវចាំថាយើងត្រូវតែផ្ញើជីវិតលើព្រះអង្គ ហើយព្រះជាម្ចាស់នឹងជួយសង្គ្រោះយើងពិតប្រាកដមែន ព្រោះថាធម៌មេត្តារបស់ទ្រង់ធំធេងណាស់។ ព្រះអង្គស្រលាញ់មនុស្សលោក ព្រះអង្គមានឫទ្ធានុភាព និងមានអំណាចអាចជួយសង្រ្គោះមនុស្សលោកយើង ដូចដែលព្រះអង្គបានជួយសង្គ្រោះសន្តសន្តីរាប់មិនអស់។ សូមបងប្អូនមានសេចក្តីសុខសាន្ត និងមានជំនឿរឹងមាំលើព្រះជាម្ចាស់ ព្រោះជំនឿនេះហើយជាអ្វីដែលមានតម្លៃលើសជីវិតយើង។ អាមែន!
ដោយ ឆាក លាំង