អៀវីន រ៉ូម៉េល កំពូលមេទ័ពដ៏ល្បីល្បាញរបស់អាឡឺម៉ងណាហ្ស៊ី
លោកអៀវីន រ៉ូម៉េល គឺជាមន្រ្តីយោធាដ៏ល្បីល្បាញរបស់អាឡឺម៉ង នៃកងកម្លាំងវ៉ែលម៉ាច នៃ ការវាយប្រហារដ៏មានសក្តានុពលនៃសង្រ្គាមលោកលើកទី២។ លោកកើតនៅថ្ងៃទី១៥ ខែ វិច្ឆិកា ឆ្នាំ១៨៩១ នៅទីក្រុងហេដេនហេម និងស្លាប់នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ១៩៤៤ នៅ សង្កាត់ហៀលីនជេន នៅទីក្រុងប្ល៉ូស្តេន ប្រទេសអាឡឺម៉ង ដោយការធ្វើអត្តឃាតដោយបង្ខំ បន្ទាប់ពីការវាយប្រហារភេរវកម្មនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៤៤ ប្រឆាំងនឹងលោកហ៊ីត្លែរ។
ជាមន្រ្តីយោធាជាង ៣០ឆ្នាំ អាជីបរបស់លោកធ្វើឡើងនៅក្នុងទាហានជើងគោកអាឡឺម៉ង ជា ពិសេសនៅក្នុងកងពលរថក្រោះ ដោយបម្រើការឲ្យរបបចក្រភពអាឡឺម៉ងពីឆ្នាំ១៨៧១ ដល់ឆ្នាំ ឆ្នាំ១៩១៨- សាធារណរដ្ឋវ៉េម៉ា ពីឆ្នាំ១៩១៨ ដល់ឆ្នាំ១៩៣៣ និងចក្រភពទី៣ អាឡឺម៉ង ពីឆ្នាំ ១៩៣៣។
ដោយមិនបានទទួលបន្ទុកសមរភូមិខាងកើតអាឡឺម៉ង នៅអំឡុងសង្រ្គាមលោកលើកទី២ លោកអៀវីន រ៉ូម៉េល មានភាពល្បីល្បាញថាជាឧត្តមសេនីយ៍អាឡឺម៉ងម្នាក់ដ៏កម្រ នៃចក្រភពអាឡឺម៉ង ទី៣ ដែលមិនបានប្រព្រឹត្តិឧក្រិដ្ឋកម្មសង្រ្គាម ឬឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
នៅខែឧសភា ឆ្នាំ១៩៤០ ជាប្រមុខនៃកងពលរថក្រោះទី៧ លោកអៀវីន រ៉ូម៉េល គឺជាឧត្តមសេនីយ៍ម្នាក់ដែលបានធ្វើឲ្យសម្រេចវាយទម្លុះសមរភូមិសឺដង់ដោយឆ្លងកាត់តាមតំបន់អាកដេន និងទន្លេម៉ឺស នៅដើមដំបូងនៃសមរភូមិបារាំង។ ប្រតិបត្តិការនេះដែលអនុញ្ញាតឲ្យទាហានអាឡឺម៉ងឈានទៅគ្រប់គ្រងទីក្រុងប៉ារីស ប្រទេសបារាំងចាប់តាំងពីថ្ងៃទី១៤ ខែមិថុនា និងទទួលបានកិច្ចព្រមព្រៀងឈប់បាញ់របស់ប្រមុខរដ្ឋាភិបាលបារាំង លោកសេនាប្រមុខ ប៉េតាំង នៅថ្ងៃទី២២។
ពីឆ្នាំ១៩៤១ ដល់ឆ្នាំ១៩៤៣ លោកអៀវីន រ៉ូម៉េល បានដឹកនាំកងកម្លាំងរបស់អាឡឺម៉ងបញ្ជូនទៅអាហ្វ្រិកខាងជើង និងក៏ទទួលបានរហស្សនាមថា កញ្ជ្រោងវាលលំហរ ដែលផ្តល់ដោយជនរួមជាតិលោក និងគូសត្រូវរបស់លោក។
នៅឆ្នាំ១៩៤៤ លោកអៀវីន រ៉ូម៉េល ទទួលបន្ទុកក្រុមយោធាអាឡឺម៉ង់ដែលស្ថិតនៅប្រទេសបារាំង ប៊ែលហ្ស៉ិក ហូឡង់ ក្នុងការទទួលខុសត្រូវពង្រឹងលានដ្ឋាន និងទីតាំង។ លោកអៀវីន រ៉ូម៉េល បានធ្វើឲ្យប្រសើរឡើងនូវជញ្ជាំងអាត្លង់ទិច និងមានវត្តមាននៅខណៈការវាយឡើងគោករបស់ក្រុមសម្ព័ន្ធមិត្តនៅខេត្តណ័រម៉ងឌី ប្រទេសបារាំង នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ១៩៤៤។ រហូតដល់ថ្ងៃទី១៧ មានការបាញ់កាំភ្លើងលើរថយន្តរបស់លោក ដែលធ្វើឲ្យលោកភៀសខ្លួនទៅសម្រាកព្យាបាល។
នៅដើមឆ្នាំ១៩៤៤ នៅខណៈដែលស្ថានភាពយោធាអាឡឺម៉ងធ្លាក់ដុនដាប មន្រ្តីយោធាមួយចំនួនរបស់យោធាវ៉ែលម៉ាច បានសម្រេចចិត្តធ្វើឃាតលោកហ៊ីត្លែរ ដើម្បីសង្រ្គោះអាឡឺម៉ង។ លោកអៀវីន រ៉ូម៉េល មិនចូលរួមការផ្សំគំនិតទេ ប៉ុន្តែលោកស្ថិតនៅក្នុងទំនាក់ទំនងជាមួយអ្នកផ្សំគំនិតខ្លះ។
បន្ទាប់ពីការវាយប្រហារភេរវកម្មនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៤៤ តែលោកហ៊ីត្លែរ បានរួចរស់ជីវិត ការសងសឹករបស់កងកម្លាំងការពារហ៊ីត្លែរ SS បានដាក់ចេញ។ មន្រ្តីយោធាជាច្រើនត្រូវបានគេព្យូរក។ លោកអៀវីន រ៉ូម៉េល ដែលបានត្រូវរបួសកាលពីថ្ងៃទី១៧ ខែកក្កដា នៅលើសមរភូមិណ័រម៉ងឌី និងមិនទាន់ជាសះស្បើយ ក៏បានជួបបេសកកជននៃមេបញ្ជាការជាន់ខ្ពស់ដែលបានផ្តល់ដំណឹងលោកថា លោកអៀវីន រ៉ូម៉េលត្រូវបានអនុញ្ញាតឲ្យធ្វើអត្តឃាតខ្លួនឯងដើម្បីជៀសវាងការទទួលទោសអាក្រក់អាក្រីជាងនេះ។
ក្រោយមក គេបានប្រកាសថា លោកស្លាប់ដោយសារបញ្ហាសរសៃឈាមបេះដូង ហើយលោកបានទទួលការរៀបចំបុណ្យសពថ្នាក់ជាតិនៅទីក្រុងអ៊ុល ប្រទេសអាឡឺម៉ង់។