កម្ពុជាមានមនុស្សយន្តឆុងកាហ្វេ និងចម្អិនអាហារ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពអាជីវកម្ម
កម្ពុជាពិតជាមិនអន់ឡើយ ដោយបច្ចេកវិទ្យាទំនើបៗដែលធ្លាប់តែឃើញនៅក្នុងរឿង ឬព័ត៌មាននៅប្រទេសកូរ៉េ ចិន ឬជប៉ុន ពេលនេះត្រូវបានគេមើលឃើញផ្ទាល់ភ្នែកនូវវត្តមានរបស់រ៉ូបូតចេះឆុងកាហ្វេ និងចម្អិនអាហារ នៅឯពិព័រណ៍បច្ចេកវិទ្យានៅកម្ពុជាដែលបានបើក និងបញ្ចប់កាលពីពេលថ្មីៗនេះ។
ពាក់ព័ន្ធនឹងមនុស្សយន្តដ៏អស្ចារ្យនេះ លោក ថៃ ផានី អាយុ២៥ឆ្នាំ ជាវិស្វករនៃក្រុមហ៊ុន អាយអេហ្វហ្វាម (AI Farm) បានប្រាប់ថា រ៉ូបូតឆុងកាហ្វេនេះអាចជួយជំនួសការងាររបស់មនុស្ស ដោយពីមុនយើងប្រើប្រាស់មនុស្សសម្រាប់ឆុងកាហ្វេ ប៉ុន្តែឥឡូវនេះយើងអាចជំនួសដោយដៃរបស់រ៉ូបូតវិញបាន។ លោក ថៃ ផានី បានបន្តថា នៅពេលបច្ចុប្បន្ននេះ ការប្រើប្រាស់បច្ចេកវិទ្យាជំនួសកម្លាំងមនុស្សនៅមានកម្រិតទាបនៅឡើយ ហើយផលិតកម្មមួយចំនួនក៏នៅមិនទាន់ឆ្លើយតបសម្រាប់ការចំណាយដើមទុនលើការប្រើប្រាស់បច្ចេកវិទ្យាដែលធ្វើឱ្យពួកគាត់ទទួលផលចំណេញច្រើននៅឡើយនោះដែរ។
លោក ថៃ ផានី បានបន្ថែមថា រ៉ូបូតមួយនេះអាចជំនួសមនុស្សបានដោយប្រើប្រាស់មនុស្សចំនួនតិចបំផុត ពោលគឺប្រើមនុស្សតែម្នាក់ក៏អាចដំណើរការបានដែរ ដោយមនុស្សម្នាក់នោះគ្រាន់តែបំពេញកាហ្វេ ទឹកដោះគោ ឬបំពេញកែវរហូតដល់អស់។ រ៉ូបូតមួយនេះអាចបំពាក់បាននៅតាមផ្សារទំនើប ឬនៅតាមទីតាំងដែលមានមនុស្សច្រើនដូចជាសាលា ឬសាកលវិទ្យាល័យជាដើម។ រ៉ូបូតអាចធ្វើការបានម្ភៃបួនម៉ោងលើម្ភៃបួនម៉ោង ចំណែកឯមនុស្សយើងត្រូវការសម្រាក និងដេកលក់ ដែលធ្វើការត្រឹមប្រាំបីទៅដប់ម៉ោងប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ការឆុងកាហ្វេដោយមនុស្សពេលខ្លះអាចមានរសជាតិប្រែប្រួលបន្តិចបន្តួច ប៉ុន្តែសម្រាប់រ៉ូបូតគឺរក្សារសជាតិបានថេរជានិច្ច បើឆ្ងាញ់គឺឆ្ងាញ់រហូត។
ទាក់ទងនឹងបច្ចេកវិទ្យាដ៏ទំនើបនេះ ម្ចាស់អាជីវកម្មកាហ្វេនៅតាមចិញ្ចើមផ្លូវមួយរូបបានឱ្យដឹងថា បច្ចេកវិទ្យានេះល្អ ប៉ុន្តែតម្លៃរបស់វាគឺពិតជាមិនធម្មតាឡើយ។ លោកបានបន្តថា ហាងកាហ្វេដែលលោក និងអ្នកដទៃបានបើកភាគច្រើនអស់ដើមទុនត្រឹមបួនទៅប្រាំពាន់ដុល្លារប៉ុណ្ណោះ ប៉ុន្តែបើយករ៉ូបូតមកបំពាក់គឺប្រហែលជាគ្មានលទ្ធភាពគ្រប់គ្រាន់ក្នុងការបើកអាជីវកម្មនោះទេ។ លោកបានបញ្ជាក់ថា បច្ចុប្បន្នបុគ្គលិកម្នាក់ចំណាយប្រាក់ខែត្រឹមមួយរយហាសិបដល់ពីររយហាសិបដុល្លារប៉ុណ្ណោះ ដូច្នេះបើគិតរយៈពេលមួយទៅពីរឆ្នាំ គឺមានទុនគ្រប់គ្រងសមរម្យ ប៉ុន្តែការយកមករ៉ូបូតមកវិនិយោគទាមទារទុនច្រើន។
ដោយឡែក លោក ថៃ ផានី បានបញ្ជាក់ថា ដ្បិតថាការប្រើប្រាស់បច្ចេកវិទ្យាទំនើបនៅកម្ពុជាមានការចំណាយច្រើនបន្តិចមែន តែវាក៏បានផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ជួយសម្រួលការងារមនុស្ស ជាពិសេសអាចឆ្លើយតបទៅនឹងការធ្វើពិពិធកម្មនាពេលបច្ចុប្បន្ន។ អ្នកជំនាញរូបនេះនៅតែលើកទឹកចិត្តឱ្យប្រជាពលរដ្ឋងាកមកប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងវិស័យទាំងនេះឱ្យកាន់តែទូលំទូលាយ ដោយលោកជឿជាក់ថាបើប្រជាពលរដ្ឋប្រើប្រាស់បច្ចេកវិទ្យាបែបឆ្លាតវៃ ពួកគេនឹងទទួលបានអត្ថប្រយោជន៍ និងផលចំណេញច្រើន តាមរយៈការជួយកាត់បន្ថយថ្លៃដើមផលិត កាត់បន្ថយកម្លាំងពលកម្ម និងសន្សំសំចៃពេលវេលាផងដែរ៕
