ហ្រ្វ៉ង់ស្វ័រទី១ ស្តេចពង្រឹងអំណាចបារាំងនៅយុគសម័យរ៉ឺណេសសង់អឺរ៉ុប

ព្រះរាជាហ្វ្រង់ស្វ័រទី១ ប្រសូតក្រោមនាម ហ្វ្រ៉ង់ស្វ័រ អេនហ្គូឡេម នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ១៤៩៤ នៅទីក្រុងកូញ៉ាក និងសោយទីវង្គត់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ១៥៤៧ នៅស្រុករំប៊ូយ៉េ តំបន់ណ័រម៉ង់ឌី ប្រទេសបារាំង។ ព្រះរាជាហ្វ្រង់ស្វ័រទី១ បានឡើងសោយរាជ្យពីថ្ងៃទី២៥ ខែមករា ឆ្នាំ១៥១៥ ដល់ថ្ងៃព្រះអង្គ សោយទីវង្គត់នៅឆ្នាំ១៥៤៧។
បន្ទាប់ពីការសោយទីវង្គតរបស់ព្រះបាទ ល្វីសទី១២ នៅថ្ងៃទី១ ខែមករា ឆ្នាំ១៥១៥ ហ្វ្រ៉ង់ស្វ័រ អេនហ្គូឡេម បានស្នងជាស្តេចបារាំងក្រោមនាមហ្វ្រង់ស្វ័រទី១ នៅព្រះជន្ម ២០ ព្រះ វស្សា។
ព្រះរាជាហ្វ្រង់ស្វ័រទី១ ត្រូវបានចាត់ទុកជាក្សត្រនិមិត្តរូបនៃយុគសម័យកកើតឡើងវិញ រ៉ឺណេសង់ (Renaissance) បារាំង។ រាជ្យរបស់ព្រះអង្គកត់សម្គាល់ដោយសង្រ្គាមជាច្រើន និងកិច្ចការការទូតដ៏មានសារសំខាន់ ហើយក៏អនុញ្ញាតឲ្យមានការអភិវឌ្ឍដ៏មានសារសំខាន់នូវសិល្បៈ និងអក្សរសាស្រ្តបារាំងផងដែរ។
គ្រូជាច្រើនរបស់ព្រះអង្គ មានជាអាទិ៍ ជនជាតិអ៊ីតាលី ហ្ស៊ីយ៉ូវ៉ាន់នី ហ្វ្រ៉ង់សេស្កូ កុងទី និងគ្រីស្តូហ្វ ដឺ ឡុងហ្គ៉ឺអ៊ីល បានចាក់បញ្ចូលយ៉ាងជ្រៅក្នុងចិត្តគំនិតឲ្យយុវក្សត្រហ្វ្រ៉ង់ស្វ័រទទួលការអប់រំតាមគំនិតរបស់អ៊ីតាលី។
នៅយុគសម័យដែលព្រះរាជាហ្វ្រង់ស្វ័រទី១ ឡើងសោយរាជ្យ គំនិតនានានៃការកកើតឡើងវិញ អ៊ីតាលី (Renaissance Italienne) បានផ្សព្វផ្សាយនៅបារាំង និងស្តេចចូលរួមធ្វើឲ្យមានការសាយភាយនេះ។ ព្រះរាជាបានបញ្ជាឲ្យគេធ្វើការស្ថាបនាវិមាននានាជាច្រើនជាមួយនឹងការលម្អ ពីការងារសិល្បៈករល្បីៗ ដែលព្រះអង្គហៅពីអ៊ីតាលីមកបារាំង។
ហើយក៏ដោយសារព្រះរាជាហ្វ្រង់ស្វ័រទី១ រោងពុម្ភរបស់បារាំង បានកើនគុណភាពដ៏ល្អឥតខ្ចោះ និងឈានដល់មានសារសំខាន់ឈានមុខទីមួយសម្រាប់ពិភពបញ្ញាវន្ត ដោយសារវាជួយអនុគ្រោះឲ្យមានការកើនឡើងនូវចំនួនសៀវភៅជាច្រើន។ ព្រះរាជាហ្វ្រង់ស្វ័រទី១ គឺជាអ្នកសាងសង់សំណង់ដ៏ងប់ងល់ និងចំណាយថវិកាដោយមិនស្តាយក្នុងការស្ថាបនាអគារថ្មីៗ។ មួយៗនៃគម្រោងការដ្ឋានសំណង់រាជ្យ របស់ព្រះអង្គមានបំពាក់ដោយការតែងលម្អយ៉ាងឆើតឆាយទាំងក្នុងទាំងក្រៅ។
ចំណែកនយោបាយក្រៅប្រទេសរបស់ព្រះរាជាហ្វ្រង់ស្វ័រទី១ គឺបន្តសង្រ្គាមអ៊ីតាលីដែលដឹកនាំតាំងពីបុព្វបុរសរបស់ព្រះអង្គ។ ដើម្បីប្រយុទ្ធប្រឆាំងនឹងចក្រភពហាបស្បួ ព្រះរាជាហ្វ្រង់ស្វ័រទី១ បានចងសម្ព័ន្ធមិត្តជាមួយនឹងប្រទេសដែលចាត់ទុកជាសត្រូវតជំនាន់របស់បារាំង ឬសម្ព័ន្ធមិត្តដែលវាយតម្លៃថាធ្វើផ្ទុយពីប្រយោជន៍គ្រិស្តសាសនិក។ សម្ព័ន្ធមិត្តព្រះអង្គមានដូចជា ស្តេចអង់គ្លេស ហង់រីទី៨ ព្រះអង្គម្ចាស់ប្រូស្តេស្តង់ និងស្តេចស៊ុលតង់ ចក្រភពអូតូម៉ង់ សូលីម៉ាន ឡឺ ម៉ាញីហ្វ៊ីកជាដើម។
នៅឆ្នាំ១៥៣៦ បារាំង ក្លាយជាមហាអំណាចទី១ អឺរ៉ុប ដែលទទួលបានឯកសិទ្ធរកស៊ីជាមួយប្រទេសទួរគី។ នេះបានអនុញ្ញាតឲ្យនាវាបារាំងធ្វើនាវាចរណ៍បានដោយសេរីនៅក្នុងដែនទឹកអូតូម៉ង់ ហើយរាល់នាវាដែលជាកម្មសិទ្ធរបស់ប្រទេសដទៃៗ ទៀត តម្រូវឲ្យដាក់ទង់ជាតិបារាំង និងសុំការការពារពីកុងស៊ុលបារាំងដើម្បីចាប់ផ្តើមរកស៊ីបាន។
នៅឆ្នាំ១៥២៣ ព្រះរាជាហ្វ្រង់ស្វ័រទី១ ចាប់ផ្តើមលើកទឹកចិត្តឲ្យក្រុមរុករកទ្វីបអាម៉េរិកខាងជើង។ នៅឆ្នាំ១៥៣៤ លោកអភិបាល ហ្ស៉ង់ ឡឺ វ៉ឺនើ និងជាព្រះរាជគ្រូរបស់ស្តេច បានផ្តល់យោបល់ឲ្យព្រះរាជាហ្វ្រង់ស្វ័រទី១ បញ្ជូនលោកហ្ស៉ាក កាកត្យេ ក្នុងក្រុមដើម្បីស្វែងរកកោះខ្លះ និងប្រទេស ដែលគេនិយាយថា វាមានបរិមាណមាសដ៏ច្រើន និងធនធានដទៃទៀតដ៏មហិមា។ នេះគឺជាការចាប់ផ្តើមនៃតំបន់ នូវែល ហ្វ្រ៉ង់ និងកាណាដា ដែលជាអាណានិគមបារាំងនៅអាម៉េរិកខាងជើង។
សព្វថ្ងៃនេះ ព្រះរាជាហ្វ្រង់ស្វ័រទី១ នៅគេមើលឃើញជាស្តេចដំបូងរបស់កាណាដា។ នៅជញ្ជាំងនៃព្រឹទ្ធសភាកាណាដា មានតាំងរូបព្រះអង្គ។ នេះគឺជានិមិត្តរូបដែលបុរាណបំផុតនៃការស្នងខ្សែរាជវង្សនៅលើពិភពលោក។
Daily Program
