លោកមីស្ហ៉ាអេល សូម៊ែរ បិតាឯករាជ្យជាតិនៃប្រទេសប៉ាពួ នូវែល ហ្គីណេ

លោកមីស្ហ៉ាអេល សូម៊ែរ កើតនៅថ្ងៃទី៩ ខែមេសា ឆ្នាំ១៩៣៦ នៅទីក្រុងរ៉ាបូល ប្រទេសប៉ាពួ នូវែល ហ្គីណេ។ លោកបានធ្វើជានាយករដ្ឋមន្រ្តីប្រទេសនេះ បីដង គឺពីឆ្នាំ១៩៧០ ដល់ឆ្នាំ​១៩៨០ ពីឆ្នាំ១៩៨២ ដល់ឆ្នាំ១៩៨៥ និងពីឆ្នាំ២០០២ ដល់ឆ្នាំ២០១១។

ជារដ្ឋមន្រ្តីប្រមុខនៃប្រទេសបន្ទាប់ពីសម័យអាណានិគមក្រោមអធិបតេយ្យភាពរបស់ប្រទេស​អូស្រ្តាលី លោកត្រូវបានចាត់ទុកជា បិតាជាតិ សម្រាប់ការដឹកនាំប្រទេសប៉ាពួ នូវែល ហ្គីណេ នៅ​លើផ្លូវសន្តិភាពរហូតដល់បានទទួលឯករាជ្យភាព។

លោកមីស្ហ៉ាអេល សូម៊ែរ បានចូលរៀននៅសាលាបឋម​ដែលដឹកនាំដោយ​កងកម្លាំងគ្រប់គ្រង​ទឹកដីជប៉ុននៅអំឡុងសង្រ្គាមលោកលើកទី២។ លោករៀនអាន និងរៀនសរសេរភាសាជប៉ុន ហើយ​​លោកក៏ជាសាសនិកកាតូលិកផងដែរ។ នៅឆ្នាំ១៩៥៧ លោកមីស្ហ៉ាអេល សូម៊ែរ បាន​ទទួល​សញ្ញាបត្រជាគ្រូបង្រៀន និងចាប់ផ្តើម​បង្រៀននៅសាលាបឋម និងអនុវិទ្យាល័យ។

នៅក្នុងទសវត្សឆ្នាំ១៩៦០ លោកធ្វើការជាអ្នកផ្សព្វផ្សាយវិទ្យុ មុននឹងចូលប្រលូកក្នុងការងារ​នយោបាយ។ នៅឆ្នាំ១៩៦៧ លោកគឺជាស្ថានិកម្នាក់នៃគណបក្ស ប៉ាងហ្គូ។ លោកគឺជា​ស្ថាបត្យករ​ម្នាក់នៃសម័យអន្តរកាលឆ្ពោះទៅកាន់ឯករាជ្យជាតិ ចេញពីអូស្រ្តាលី​ដែលទទួល​បាន​នៅ​ឆ្នាំ​១៩៧៥ និងការចូលរួមសរសេររដ្ឋធម្មនុញ្ញនៃរដ្ឋថ្មីផងដែរ។

នៅពេលធ្វើជានាយករដ្ឋមន្រ្តីនៅលើឆាកអន្តរជាតិ លោកមីស្ហ៉ាអេល សូម៊ែរ បានចូលរួមក្នុង​ការ​ចរចាពហុភាគីនានា ដែលសំដៅប្រយុទ្ធប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើ និងការ​ប្រែ​ប្រួល​​អាកាសធាតុ។ លើសពីនេះ លោកបានអំពាវនាវឲ្យប្រទេសឧស្សាហកម្មចាប់ផ្តើម​ប្រកាន់​យកការទទួលខុសត្រូវលើរឿងទាំងនេះផងដែរ។

លោកមីស្ហ៉ាអេល សូម៊ែរ បានបញ្ចេញនូវការស្រឡាញ់យ៉ាងជ្រាលជ្រៅសម្រាប់វប្បធម៌នៃ​ប្រទេស​​របស់លោក។ លោកទទូចឲ្យរក្សាវប្បធម៌ម៉េឡានេស៊ី និងការផ្សះផ្សារ ដែលជាការរួម​បញ្ចូល​រវាងវប្បធម៌បុរាណប៉ាកាន និងអូស្រ្តានេស៊ី ដែលមានអាយុកាលរាប់ពាន់ឆ្នាំ។ នេះ​គឺ​បង្ហាញ​​​អំពីការគោរពដល់បុព្វបុរស ការចងក្រងជាសហគមន៍ និងសិល្បៈក្នុងពិធីជប់លៀង។ លោកមីស្ហ៉ាអេល សូម៊ែរ គឺជាអ្នកនយោបាយម្នាក់ដែល​មិនញញើតញញើម និងប្រគល់​តំណែង​​សំខាន់ៗ​ដល់គូ​ប្រជែង​នយោបាយ​របស់លោកឡើយ។

លោកមីស្ហ៉ាអេល សូម៊ែរ មិនបានឈរឈ្មោះសម្រាប់កៅអីជាតំណាងរាស្រ្ត និងអភិបាល​នៃ​ខេត្ត​សេពីតខាងកើត នៅអំឡុងកាលបោះឆ្នោតនីតិបញ្ញត្តិខែមិថុនា ឆ្នាំ២០១៧ ទៀតឡើយ។ ដូច្នេះ​លោកបានបញ្ចប់អាជីបដ៏វែង​ឆ្ងាយរយៈពេល ៤៩ឆ្នាំ នៅក្នុងអង្គការនីតិបញ្ញត្តិ​ជាតិ។ លោក​​បាន​ទទួលមរណភាពដោយជំងឺមហារីកលំពែង​ នៅអាយុ ៨៤ឆ្នាំ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ​​២០២១ នៅរដ្ឋធានី ផត ម៉ូរ៉េសស្ប៊ី ប្រទេសប៉ាពួ​ នូវែល ហ្គីណេ។

ប្រទេសប៉ាពួ នូវែល ហ្គីណេ ក្នុងនាមជាអតីតប្រទេសក្រោមអាណានិគមអូស្រ្តាលី រក្សាទំនាក់​ទំនងជិតស្និទ្ធជាមួយអ្នកជិតខាងភាគខាងត្បូងនេះ ខ្លាំងជាងអ្នកជិតខាងភាគខាងលិច គឺ​ប្រទេស​​​ឥណ្ឌូនេស៊ី។

ទោះបីជាយ៉ាងណា នៅឆ្នាំ២០០៦ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានក្លាយកាន់តែអាក្រក់ បន្ទា​ប់​ពី “ករណីសំណុំរឿង ម៉ូទី”។

នៅខែកញ្ញា ឆ្នាំ២០០៧ ប្រទេសអូស្រ្តាលីបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនៃមេដឹកនាំប្រទេស​ជា​សមាជិកនៃអង្គការ អេពិក (APEC) អង្គការសហប្រត្តិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វ៊ិក ដែល​រួមមា​ន​ទាំងប្រទេសប៉ាពួ នូវែល ហ្គីណេផងដែរ។ ដូច្នេះ លោកមីស្ហ៉ាអេល សូម៊ែរ អាចទៅ​កាន់​ប្រទេសអូស្រ្តាលីជាលើកទី១ ចាប់តាំងពីសំណុំរឿង ម៉ូទី។ រដ្ឋាភិបាលអូស្រ្តាលី​លើក​យោបល់​ថា ទំនាក់ទំនងការទូត នឹងអាចចាប់ផ្តើមឡើងវិញ​រវាងរដ្ឋាភិបាលទាំងពីរ។

 

Daily Program

Livesteam thumbnail