លោកប៊ូត្រូស ប៊ូត្រូស ហ្គាលី អគ្គលេខាធិការអង្គការសហប្រជាជាតិការពារពិភព​តតិយលោក

លោកប៊ូត្រូស ប៊ូត្រូស ហ្គាលី កើតនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩២២ នៅទីក្រុងគែរ ប្រទេស អេហ្ស៊ីប។ លោកគឺជាសកលវិទ្យាធិការ ចៅក្រម អ្នកនយោបាយ រដ្ឋបុរស និងជា​អ្នក​ការ​ទូត​អេហ្ស៊ីប។ លោកគឺជាអគ្គលេខាធិការទី៦ នៃអង្គការសហប្រជាជាតិ ពីខែមករា ឆ្នាំ១៩៩២ ដល់​ខែ​ធ្នូ ឆ្នាំ១៩៩៦ និងជាអគ្គលេខាធិការទី១ នៃអង្គការហ្វ្រង់កូហ្វូនីពីខែវិច្ឆិកា ឆ្នាំ១៩៩៧ ដល់​ខែ​ធ្នូ ឆ្នាំ២០០២។

លោកប៊ូត្រូស ប៊ូត្រូស ហ្គាលី កើតនៅក្នុងគ្រួសារ​គហិបតីអាហ្វ្រិក។ លោកគឺជាចៅរបស់ លោក​ប៊ូត្រូស ហ្គាលី ដែលជានាយករដ្ឋមន្រ្តីអេហ្ស៊ីប ដែលត្រូវបានគេធ្វើឃាត​នៅឆ្នាំ១៩១០។

លោកប៊ូត្រូស ប៊ូត្រូស ហ្គាលី បន្តការសិក្សាខាងច្បាប់ និងទទួលបរិញ្ញាបត្រច្បាប់នៅសកល​វិទ្យាល័យ​ក្រុងគែវ នៅឆ្នាំ១៩៤៦។ នៅឆ្នាំ១៩៤៩ លោកបានទទួលពានរង្វាន់ពីវិទ្យាស្ថាន​សិក្សា​នយោបាយទីក្រុងប៉ារីស ផ្នែកទំនាក់ទំនងអន្តរជាតិ ហើយក៏លោកក៏ទទួល​បានសញ្ញា​បត្រ​បណ្ឌិតច្បាប់​អន្តរជាតិ​នៃសកលវិទ្យាល័យទីក្រុងប៉ារីសផងដែរ។

ក្នុងឆ្នាំតែមួយ លោកប៊ូត្រូស ប៊ូត្រូស ហ្គាលី ក្លាយជាសាស្រ្តាចារ្យច្បាប់អន្តរជាតិ និង​ទំនាក់ទំនង​អន្តរជាតិនៅសកលវិទ្យាល័យគែរ។ នៅឆ្នាំ១៩៦៥ លោកបានក្លាយជាប្រធាន​អង្គការ​​អេហ្ស៊ីបនៃច្បាប់អន្តរជាតិ បន្ទាប់​មកនៅឆ្នាំ១៩៧៥ ជាប្រធានមជ្ឈមណ្ឌលសិក្សា​នយោបាយ និងយុទ្ធសាស្រ្ត អាល់អារ៉ាំ។

ជាអ្នកការពារពិភពលោកតតីយលោក លោកប៊ូត្រូស ប៊ូត្រូស ហ្គាលី គឺជារដ្ឋមន្រ្តីកិច្ចការ​បរទេស​អេហ្ស៊ីបចាប់តាំងពីឆ្នាំ១៩៧៧ និងនៅឆ្នាំ១៩៩១ កាន់តំណែង​ជាឧបនាយករដ្ឋ​មន្រ្តី​អេហ្ស៊ីបទទួលបន្ទុកកិច្ចការបរទេស។ លោកជាមួយសមភាគីអ៊ីស្រាអែលរបស់លោក លោក​ម៉ូស្ហ៉េ ដាយ៉ាន គឺជាអ្នក ចរចាសំខាន់​នៃ​សន្ធិ​សញ្ញា​សន្តិភាព​អ៊ីស្រាអែល អេហ្ស៊ីប ដែល​ចុះ​ហត្ថលេខា​ដោយលោកអានូអា អេល សាដាត ប្រធានាធិបតីអេហ្ស៊ីប និងលោក ម៉េណាហេម បេហ្ស៊ីន នាយករដ្ឋមន្រ្តីអ៊ីស្រាអែល នៅឆ្នាំ​១៩៧៩។

ជាប្រធានគណកម្មាធិការនៃរដ្ឋបណ្ឌិតសភាច្បាប់អន្តរជាតិនៅទីក្រុងឡាអេ នៃអង្គការអេហ្ស៊ីប នៃសិទ្ធមនុស្ស អង្គការអន្តរជាតិសម្រាប់ការអភិវឌ្ឍ និងអង្គការអន្តរជាតិប្រជាធិបតេយ្យ និង​អភិវឌ្ឍ​យូនេសស្កូ លោក ប៊ូត្រូស ប៊ូត្រូស ហ្គាលី គឺជាបុគ្គលមួយរូបដ៏សំខាន់ នៃនយោបាយ​អេហ្ស៊ីប​ និងពិភពលោក នៅដំណាច់សតវត្សទី២០។

លោកប៊ូត្រូស ប៊ូត្រូស ហ្គាលី បានកាន់មុខតំណែងជាអគ្គលេខានៃអង្គការសហប្រជាជាតិ​នៅ​ថ្ងៃ​ទី១ មករា ឆ្នាំ១៩៩២ សម្រាប់អណត្តិរយៈពេល ៥ឆ្នាំ។ លោកបានចូលរួមវិភាគទាន​ដ៏​មាន​សារ​សំខាន់សម្រាប់លទ្ធិការទូតបង្ការជាមុន គឺរបៀបវារៈសម្រាប់សន្តិភាព។ ប៉ុន្តែគេបាន​បន្ទោស​​លោកអំពី​ការបរាជ័យរបស់កងកម្លាំងអង្គការសហប្រជាជាតិនៅយូហ្គោស្លាវី នៅ​រ៉វ៉ាន់ដា និងនៅសាហារ៉ាខាងលិច។

នៅឆ្នាំ១៩៩៣ លោកប៊ូត្រូស ប៊ូត្រូស ហ្គាលី បានកោះហៅមកប្រជុំ​នៅទីក្រុង​វីយ៉េន នូវការ ប្រជុំទី១នៅលើពិភពលោក អំពីសិទ្ធមនុស្សចាប់តាំងពីការប្រជុំដំបូង​នៅឆ្នាំ​១៩៤៨ នៅ ទីក្រុង ប៉ារីស។ នេះគឺជាការប្រជុំដែលមានសេចក្តីថ្លែងការណ៍ដូចគ្នា និងតែមួយ​គត់។ នៅក្រោម សេចក្តីថ្លែង​ការណ៍វីយ៉េន ពង្រាងដំណោះស្រាយត្រូវប្រកាន់យក​ដោយ​រដ្ឋ​សមាជិក ១៧១ កាល ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៩៣។ ពីពេលនេះតទៅ រាល់សិទ្ធមនុស្ស ស៊ីវិល នយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ ត្រូវតែប្រកាសជាសកល មិនបែងចែក និង​ពឹង​ផ្អែកគ្នាទៅវិញ​ទៅ មក។

នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បានប្រកាស​អំពី​ការ​ទទួលមរណភាពរបស់អតីតអគ្គលេខាធិការអង្គការ ដោយសារការបាក់ឆ្អឹងផាល និង​ជើង បន្ទាប់ពីការដួលគ្រោះថ្នាក់នៅអាយុ ៩៣ឆ្នាំ។

 

Daily Program

Livesteam thumbnail