របរតាំងពីដូនតាដ៏មានសក្តានុពល និងជួយទប់ស្កាត់ការចំណាកស្រុក
ពពុះសណ្តែក ត្រូវបានប្រជាពលរដ្ឋទូទៅស្គាល់ថាជាអាហារក្រៀមមួយប្រភេទ ដែលគេអាចយកទៅកែច្នៃធ្វើជាមុខម្ហូបអាហារបានច្រើនយ៉ាង។ ស្ថិតនៅចម្ងាយប្រហែល ២០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ភូមិពុកឫស្សី នៃឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាតំបន់ផលិតពពុះសណ្តែកដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដោយសារប្រជាពលរដ្ឋជិតពាក់កណ្តាលភូមិបានចាប់យកមុខរបរផលិតពពុះសណ្តែកនេះដើម្បីចិញ្ចឹមជីវិត។
លោកស្រី ស្រេង សុខមួយ គឺជាប្រជាពលរដ្ឋម្នាក់ក្នុងចំណោមអ្នកបើកសិប្បកម្មផលិតពពុះសណ្តែកផ្សេងទៀត ដែលបានបន្តរបរនេះពីឪពុកម្តាយអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ។ លោកស្រីបានរៀបរាប់ថា មុខរបរនេះជារបដូនតាដែលបន្សល់ទុកតៗគ្នារហូតមកដល់កូនចៅ។ ចំពោះដំណើរការផលិត គឺត្រូវយកសណ្តែកសៀងមកហាល កិនបំបែក រួចយកទៅត្រាំ និងលាងឱ្យស្អាត ដោយធានាយ៉ាងម៉ត់ចត់ថា មិនប្រើប្រាស់ជាតិគីមី ឬដាក់ថ្នាំអ្វីទាំងអស់។
ម្ចាស់សិប្បកម្មរូបនេះបានបន្តថា បន្ទាប់ពីត្រាំសណ្តែករយៈពេល ២ ម៉ោងរួចមក គេត្រូវយកទៅដាក់ដាំក្នុងខ្ទះ ដោយរៀបអុស និងចាក់ធ្យូងមួយបាវចូលក្នុងចង្ក្រាន។ ការដាំទឹកសណ្តែកឱ្យពុះគឺប្រើប្រាស់តែធ្យូងប៉ុណ្ណោះ តាំងពីព្រឹកទល់ល្ងាច ដោយត្រូវចំណាយពេលសរុបរហូតដល់ ២៤ ម៉ោង ទើបបញ្ចប់ដំណើរការធ្វើពពុះសណ្តែកបានសម្រេច។
ទាក់ទិននឹងទីផ្សារវិញ លោកស្រី ស្រេង សុខមួយ បានលើកឡើងថា ទោះបីជាមានផលិតផលនាំចូលពីបរទេសដែលមានលក្ខណៈប្រហាក់ប្រហែលគ្នាមកប្រកួតប្រជែងនៅលើទីផ្សារយ៉ាងណាក៏ដោយ ក៏ប្រជាជននៅតែគាំទ្រ និងពេញនិយមប្រើប្រាស់ផលិតផលក្នុងស្រុកដដែល។ ជាក់ស្តែង ដោយសារតែអតិថិជនមានទំនុកចិត្តលើគុណភាព គ្រួសាររបស់លោកស្រីអាចផ្គត់ផ្គង់ពពុះសណ្តែកបានប្រមាណជាង ១០០ កីឡូក្រាមក្នុងមួយថ្ងៃ ទៅឱ្យឈ្មួញនៅតាមទីផ្សារធំៗចំនួន៣ នៅក្នុងរាជធានីភ្នំពេញ ដោយក្នុងមួយគីឡូក្រាមមានតម្លៃចាប់ពី ១៧,០០០ រៀល ទៅ ២០,០០០ រៀល។
ម្ចាស់សិប្បកម្មរូបនេះបានសម្តែងបំណងយ៉ាងមុតមាំក្នុងការបន្ត និងថែរក្សាមុខរបរដូនតាមួយនេះ ព្រោះវាជាបេតិកភណ្ឌអាជីវកម្មគ្រួសារតាំងពីបុរាណកាលមក។ លើសពីនេះ វាក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីកាត់បន្ថយការចំណាកស្រុក ព្រមទាំងជួយទិញកសិផលសណ្តែកសៀងពីកសិករក្នុងស្រុក ដែលឈានទៅដល់ការកាត់បន្ថយការនាំចូលផលិតផលពីក្រៅប្រទេសផងដែរ៕