យុវជនជាង៣០០នាក់ចូលរួមកម្មវិធីបោះជំរុំក្រោមប្រធានបទ«យុវជនក្រោមដំបូលសន្តិភាព»

យុវជនចំនួន៣២២នាក់ បាននឹងកំពុងចូលរួមកម្មវិធីបោះជំរុំក្រោមប្រធានបទ យុវជនក្រោមដំបូលសន្តិភាព ចាប់ពីថ្ងៃទី១-៣ កុម្ភៈ ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។

កម្មវិធីបោះជំរុំនេះ រៀបចំឡើងដើម្បីប្រមូលផ្តុំយុវជនកម្ពុជាដែលជាអនាគតបញ្ញវន្តបច្ចេកវិទ្យា មានឱកាសប្រាស្រ័យទាក់ទងគ្នា បង្កើតជាបណ្តាញទំនាក់ទំនងរវាងគ្នា និងគ្នាទៅថ្ងៃអនាគត។

យុវជនចំនួន៣២២នាក់ ជាមន្រ្តីរាជការ សាស្រ្តាចារ្យ បុគ្គលិក និងនិស្សិត ចូលរួមកម្មវិធីបោះជំរុំរយៈពេល៣ថ្ងៃនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដែលកម្មវិធីនេះត្រូវបានរៀនចំដោយវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។ កម្មវិធីបោះជំរុំក្រោមប្រធានបទ យុវជនក្រោមដំបូលសន្តិភាព គឺជាមួយផ្នែកនៃការប្រមូលផ្តុំយុវជនកម្ពុជាដែលជាអនាគតបញ្ញវន្តបច្ចេកវិទ្យា និងជាធនធានកម្ររបស់ជាតិដើម្បីសិក្សាពីរបៀបនៃការបង្កើតជាក្រុម របៀបធ្វើការជាមួយក្រុម និងរបៀបរស់នៅជាមួយគ្នា។

ក្នុងរយៈពេល៣ថ្ងៃនេះនៅក្នុងជំរុំ សមាជិកនៅក្នុងជំរុំ នឹងមានឱកាសប្រាស្រ័យទាក់ទងគ្នា បង្កើតជាបណ្តាញទំនាក់ទំនងរវាងគ្នា និងគ្នាទៅថ្ងៃអនាគត មានឱកាសពត់លត់ដំ និងបន្សាំខ្លួនជាមួយគ្រប់ស្ថានភាពរស់នៅប្រចាំថ្ងៃតាមរយៈការគិតពិចារណាគ្រប់ជ្រុងជ្រោយ ដែលមានតម្លៃជារូបីយផង និងអរូបីយផង។ ជាពិសេសមហាសាមគ្គីរបស់អនាគតបញ្ញវន្ត នឹងក្លាយជាទំពាំងស្នងឬស្សីប្រកបដោយស្មារតីស្នេហាជាតិ និងក្លាយជាកម្លាំងចលករយ៉ាងសកម្មក្នុងចលនាកសាង និងការពារជាតិមាតុភូមិ។

សូមបញ្ជាក់ថា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានរៀបចំកម្មវិធីបោះជំរុំនេះ ចំនួន៧លើករួចមកហើយ គិតចាប់ទាំងឆ្នាំ២០២៤នេះពោលគឺជំនាន់ទី១នៅឆ្នាំ២០០៦ ជំនាន់ទី២ នៅឆ្នាំ២០០៨ ជំនាន់ទី៣ នៅឆ្នាំ២០១១ ជំនាន់ទី៤ នៅឆ្នាំ២០១៤ ជំនាន់៥ នៅឆ្នាំ ២០១៧ ជំនាន់ទី៦ នៅឆ្នាំ២០១៩ និងជំនាន់ទី៧ នៅឆ្នាំ២០២៤ នេះ ដែលកម្មវិធីកំពុងតែដំណើរការ៕

Daily Program

Livesteam thumbnail