ពីក្មេងវត្ត និងតំបន់អតីតជំរុំជនភៀសខ្លួន ទៅជាយុវជនឆ្នើមបង្កើតរ៉ូបូត

ការតស៊ូ អំណត់ និងការខិតខំប្រឹងប្រែងរៀនសូត្រឥតឈប់ឈរ បានប្រែក្លាយជីវិតយុវជនម្នាក់ពីក្មេងធំធាត់ក្នុងតំបន់អតីតជំរុំជនភៀសខ្លួន និងជាអតីតក្មេងវត្ត ឱ្យចាកចេញពីគ្រួសារត្រកូលកសិករ មកជាបុគ្គលដ៏មានតម្លៃម្នាក់ ក្លាយជាសហស្ថាបនិក និងជាប្រធានដឹកនាំក្រុមយុវជនវ័យក្មេងបង្កើតរ៉ូបូតសម័យថ្មី។

លោក ស៊ុយ កុសល បុរសរាងស្គមស្តើងដែលមានអាយុត្រឹម ២៥ឆ្នាំ និងជាសហស្ថាបនិកក្រុមយុវជនបង្កើតរ៉ូបូត បានរៀបរាប់ប្រាប់កម្មវិធីលុយនៃសារព័ត៌មានកោះសន្តិភាពថា ការទទួលបានតួនាទីជាអ្នកដឹកនាំនេះ មិនមែនផ្ដើមចេញពីកម្រិតចំណេះដឹងខ្ពង់ខ្ពស់ជាងគេ ឬភាពខ្លាំងជាងគេនោះឡើយ ប៉ុន្តែវាគឺភាពជា «ទំនុកចិត្ត»។

កើតក្នុងត្រកូលគ្រួសារកសិករនៅស្រុកកំរៀង ខេត្តបាត់ដំបង ជាប់ព្រំដែនកម្ពុជា-ថៃ និងជាកូនពៅ (ទី៨) ក្នុងចំណោមបងប្អូនសរុប ៨នាក់ លោក ស៊ុយ កុសល បានឆ្លងកាត់ការសិក្សានៅសាលាបឋមសិក្សាសិលាមានជ័យ និងបន្តថ្នាក់វិទ្យាល័យកំរៀង រហូតចប់ថ្នាក់ទី១២ មុនពេលបន្តដំណើរជីវិតសិក្សាថ្នាក់បរិញ្ញាបត្រជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ទោះបីជាឆ្លងកាត់ជីវិតជាអតីតក្មេងវត្ត និងធំធាត់នៅតំបន់ដាច់ស្រយាលក៏ដោយ ក៏លោកមិនដែលបោះបង់ការសិក្សាឡើយ ដោយតែងតែឆ្លៀតរៀនសូត្រទាំងវគ្គសិក្សាខ្លីៗ និងស្រាវជ្រាវជានិច្ច។ លោកបានរំលឹកពីមូលហេតុដែលនាំឱ្យលោកស្រឡាញ់ជំនាញនេះថា៖

«ហេតុអីបានជាយើងមកចាប់អារម្មណ៍លើវិទ្យាសាស្ត្រកុំព្យូទ័រ? មែនទែនទៅដោយសារតែនៅក្មេង ខ្ញុំចូលចិត្តអេឡិចត្រូនិច ចូលចិត្តលេងហ្គេម និងអ្វីៗដែលថ្មីៗដែលយើងអត់ធ្លាប់ស្គាល់ ហើយចង់ដឹងពីដំណើរការនៅខាងក្នុង។ ពេលធំបន្តិចទៅ ឃើញទូរទស្សន៍នៅផ្ទះ ហើយបានទស្សនាការពង្រីកខ្លួននៃបច្ចេកវិទ្យា ជាពិសេសនៅប្រទេសជប៉ុន ធ្វើឱ្យខ្ញុំមានក្ដីប្រាថ្នាចង់រៀនជំនាញទាំងអស់នោះ»។

ភាពជាអ្នកដឹកនាំ និងការដឹកនាំក្រុមយុវជនវ័យក្មេង

ដោយសារមើលឃើញពីការខិតខំប្រឹងប្រែង និងទឹកចិត្តតស៊ូមិនបោះបង់ លោក ស៊ុយ កុសល ត្រូវបានជ្រើសតាំងឱ្យធ្វើជាប្រធាន និងជាសហស្ថាបនិកក្រុមយុវជនសម័យថ្មីបង្កើតរ៉ូបូតក្នុងឆ្នាំ ២០១៨។ លោកមានភារកិច្ចដឹកនាំ និងគ្រប់គ្រងសមាជិកដែលសុទ្ធសឹងជាយុវជនវ័យក្មេងសរុប ២៣នាក់ ចែកចេញជា ៥ដេប៉ាតឺម៉ង់។

ក្នុងនាមជាបញ្ញាវ័ន្តវ័យក្មេង និងជាគំរូមួយរូប លោកបានលើកទឹកចិត្តដល់យុវជនកម្ពុជាឱ្យកាត់បន្ថយពេលវេលាសប្បាយរីករាយឥតប្រយោជន៍ ហើយបែរមកផ្ដោតលើការសិក្សា ស្រាវជ្រាវ និងអភិវឌ្ឍចំណេះដឹងខ្លួនឯង ដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គមជាតិវិញ។

ការតស៊ូរបស់លោក មិនត្រឹមតែនាំមកនូវភាពជោគជ័យផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមោទនភាពដ៏ធំធេងដល់អ្នកមានគុណផងដែរ។

លោកបានបញ្ជាក់ដោយក្ដីរំភើបថា ៖«ខ្ញុំអាចធ្វើជាគំរូដល់ក្មួយៗ ធ្វើឱ្យឪពុកម្ដាយយល់ថា គាត់មានកូនម្នាក់ដែលខិតខំប្រឹងរៀន និងជាកូនដែលស្ដាប់បង្គាប់ ស្រឡាញ់ការអប់រំ។ ខ្ញុំគិតថាវាមានន័យសំខាន់មែនទែនសម្រាប់គាត់ នេះហើយបានធ្វើឱ្យគាត់ស្រក់ទឹកភ្នែកបាន។ អ៊ីចឹងខ្ញុំគិតថា បើសិនជាយើងជាជនជាតិខ្មែរដូចគ្នា ទោះបីជាស្ថិតក្នុងស្ថាប័នណាក៏ដោយ បើសិនជាយើងមិនធ្វើដើម្បីផលប្រយោជន៍ខ្លួនឯងសុទ្ធសាធទេ ហេតុអ្វីបានជាយើងមិនចូលរួមជួយគ្នា?»

 

Daily Program

Livesteam thumbnail
khmer popup image