គម្រោងយក្ស«ព្រែកជីកហ្វូណន-តេជោ»ជាជន្ទុលសេដ្ឋកិច្ចកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពី«គម្រោងព្រែកជីកហ្វូណន-តេជោ»ដែលមានតម្លៃប្រមាណជិត២ពាន់លានដុល្លារអាម៉េរិករៀបចំប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកតភ្ជាប់ពីទន្លេបាសាក់ទៅកាន់សមុទ្រ ខេត្តកែប។ជាគម្រោងសង់ក្រោមកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជនដោយមិនបានខ្ចីលុយបរទេសនោះទេ តែវានឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់កម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន អចលនទ្រព្យ និង ការវិនិយោគផ្សេងៗ។ «គម្រោងព្រែកជីកហ្វូណន-តេជោ» គឺជាប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកថ្មីទៅកាន់សមុទ្រ មានប្រវែង ១៨០គីឡូ ម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេ មេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និង បន្តរហូតដល់សមុទ្រ ខេត្តកែប។គម្រោងយក្សនេះ ឆ្លងកាត់ខេត្ត ៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និង ខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។ ផ្លូវទឹកនេះ មានទទឹងមុខកាត់ផ្នែកខាងលើ ប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោម ប្រមាណ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍៤,៧ម៉ែត្រ និង គម្លាតសុវត្ថិភាព០,៧ម៉ែត្រ ) មានគន្លងនាវាចរណ៍ ចំនួន២គន្លង អាចចេញ-ចូល និង ចៀសគ្នាបាន។គម្រោងព្រែកជីកហ្វូណន-តេជោ ប្រមូលផ្តុំអ្នកជំនាញសិក្សាទាំងជាតិ និង អន្តរជាតិ ចាយពេលសិក្សារយៈពេល២៦ខែ ដើម្បីធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់បរិស្ថាន។ កម្ពុជារំពឹងថា ក្រោយគម្រោងនេះសម្រេច កម្ពុជាអាចទទួលនូវអត្ថប្រយោជន៍ជាមហាសាល តាមរយៈ ការកាត់ បន្ថយរយៈពេលចម្ងាយ និង តម្លៃនៃការដឹកជញ្ជូនមកតម្លៃទាបដោយមិនពឹងផ្អែកផែរបស់វៀតណាម និង ថៃ បង្កើតតំបន់ពាណិជ្ជកម្ម និង មជ្ឈមណ្ឌលទុកដាក់ទំនិញឆ្លងកាត់លំដាប់អន្តរជាតិ ការអភិវឌ្ឍផែរណបថ្មីៗ ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ និង ចិញ្ចឹម សត្វ ជាដើម។ ក្រៅពីនេះ«គម្រោងព្រែកជីកហ្វូណន-តេជោ» គឺជួយរំដោះទឹកជំនន់ និង ជួយទប់ទឹក ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋកម្ពុជាប្រមាណជា១លាន៦សែននាក់ ដែលរស់នៅតាមដងព្រែក ១៨០គីឡូម៉ែត្រនេះមានទឹកប្រើប្រាស់គ្រប់គ្រាន់ ហើយអ្នកទេសចរ អាចធ្វើដំណើរតាមផ្លូវទឹកពីភ្នំពេញទៅលេងនៅកែប និងពីកែប កំពត ពីក្រុងព្រះសីហនុ មកលេងភ្នំពេញ ខណៈតាមបណ្តោយព្រែកមាន ភោជនីយដ្ឋាន មានតំបន់សេដ្ឋកិច្ចពិសេសជាច្រើន៕

Daily Program

Livesteam thumbnail