ខេត្តត្បូងឃ្មុំ ត្រៀមរៀបចំ«ពិធីចុះចាប់ត្រី»តាមបែបបុរាណ នៅថ្ងៃទី១៧កុម្ភៈ
អាជ្ញាធរស្រុកមេមត់ ខេត្តត្បូងឃ្មុំ នឹងរៀបចំពិធីចុះចាប់ត្រីបែបបុរាណ ក្នុងបឹងត្រពាំងក្រមនៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៤ ខាងមុខ ខណៈពិធីនេះធ្លាប់បានធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីបង្ហាញឱ្យអ្នកជំនាន់ក្រោយបានឃើញអំពីការប្រើប្រាស់ឧបករណ៍ចាប់ត្រីបែបបុរាណដែលប្រជាពលរដ្ឋខ្មែរប្រើប្រាស់។
បើតាមរដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋ អំពីការរៀបចំពិធីចុះចាប់ត្រីបែបបុរាណ នៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២៤ ខាងមុខ ចាប់ពីម៉ោង ៩ៈ00នាទីព្រឹក ស្ថិតនៅក្នុងបឹងត្រពាំងក្រម ភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ពិធីចុះចាប់ត្រីបែបបុរាណនេះ អាជ្ញាធរមូលដ្ឋាន បានរៀបចំឡើងដើម្បីបង្ហាញឱ្យអ្នកជំនាន់ក្រោយឱ្យបានឃើញពីការប្រើប្រាស់ឧបករណ៍ចាប់ត្រីបែបបុរាណដែលប្រជាពលរដ្ឋខ្មែរតាំងដើមយកមកប្រើប្រាស់ ដែលរួមមានត្រឹម អង្រុត ឈ្នាង ត្រក ក្លុះជាដើម។
ចំពោះពិធីនេះមានការចូលរួមដោយសេរី ពីបណ្ដាប្រជាពលរដ្ឋដែលនៅក្នុងឃុំជាំក្រវៀនទាំងអស់ ជាពិសេសអ្នកមកពីបណ្ដាខេត្តផ្សេងៗក៏អាចចូលរួមក្នុងពិធីនេះបានផងដែរ។
គួរបញ្ជាក់ថា ជារៀងរាល់ដើមឆ្នាំក្នុងអំឡុងខែកុម្ភៈ ប្រជាពលរដ្ឋស្ថិតក្នុងភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ តែងតែប្រារព្ធពិធីចុះចាប់ត្រីយកមកចម្អិនហូបជុំគ្នា ដែលជាទំនៀមទម្លាប់តាំងពីដើមរហូតមកដល់សព្វថ្ងៃ។ មុនពិធីចាប់ត្រីមកដល់អាជ្ញាធរ មិនអនុញ្ញាតឱ្យពលរដ្ឋនេសាទត្រីក្នុងបឹងក្រមនេះឡើយ ដើម្បីរក្សាវត្តមានត្រីទុកសម្រាប់ពិធីចាប់ត្រីជារៀងរាល់ឆ្នាំ៕