ការលះបង់សម្រស់ដើម្បីក្តីស្រមៃថ្នាក់បរិញ្ញាបត្រ

នៅក្នុងសង្គមបច្ចុប្បន្ន និស្សិតជាច្រើនទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត បានបង្ខំចិត្តប្រកបការងារបណ្តើររៀនបណ្តើរ ដើម្បីរកកម្រៃមកបង់ថ្លៃសិក្សា ថ្លៃហូបចុក និងការចំណាយលើបន្ទប់ជួល ទឹក ភ្លើងជាដើម។ ដោយឡែក យុវតី ជ្រន សុខលី ក៏ជានិស្សិតមួយរូបដែលកំពុងតស៊ូក្នុងជីវិតយ៉ាងស្វិតស្វាញ ប៉ុន្តែការងារដែលនាងជ្រើសរើស គឺខុសប្លែកពីនារីទូទៅ ពោលគឺធ្វើជាអ្នកដឹកជញ្ជូនទំនិញ និងអាហារតាមរយៈកម្មវិធីទូរស័ព្ទ (App Delivery)។

ទោះបីជាការងារហាលខ្យល់ហាលថ្ងៃនេះ មិនសូវមានស្រ្តីភេទចាប់យកក៏ពិតមែន តែសម្រាប់កញ្ញា ជ្រន សុខលី ដែលកំពុងរស់នៅក្នុងបន្ទប់ជួលមួយកន្លែងក្នុងរាជធានីភ្នំពេញ មិនដែលរួញរាឡើយ។ របរធាក់ហ្គាសម៉ូតូក្រោមកម្តៅថ្ងៃនេះហើយ ជាមធ្យោបាយត្រួសត្រាយផ្លូវឱ្យនាងបានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទីផ្សារឆ្នាំទី៤ ស្របតាមក្តីស្រមៃរបស់ខ្លួន។

មុននឹងមកចាប់យកអាជីពជាអ្នករត់ដឹកជញ្ជូនទំនិញរយៈពេលជាង ១ ឆ្នាំនេះ សុខលី ធ្លាប់ធ្វើការងារនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ឱ្យក្រុមហ៊ុនមួយកាលពីជានិស្សិតឆ្នាំទី២។ យ៉ាងណាមិញ សម្ពាធការងារដ៏តានតឹង ផ្សំផ្គុំនឹងការរៀនសូត្រផង និងវិបត្តិសេដ្ឋកិច្ចផង បានធ្វើឱ្យនាងធ្លាក់ទឹកចិត្តយ៉ាងខ្លាំង រហូតសម្រេចចិត្តព្យួរការសិក្សារយៈពេល ១ ឆ្នាំពេញ។

កញ្ញា ជ្រន សុខលី បានរៀបរាប់ទាំងក្តុកក្តួលថា៖ «កាលហ្នឹងខ្ញុំឈប់រៀនមួយឆ្នាំ ដោយសារស្រ្តេសនឹងការងារពេក។ ខ្ញុំជឿពាក្យគេថា ធ្វើការមួយខែរកលុយបានច្រើនហើយ គង់តែរៀនចប់ទៅ ជួនកាលរកប្រាក់ខែមិនបានប៉ុណ្ណឹងផង ហើយយកលុយហ្នឹងទៅបង់ថ្លៃសាលាវាខាតពេល។ ខ្ញុំជឿគេពេក ក៏សម្រេចចិត្តឈប់រៀនទាំងចិត្តឯង ដោយមិនបានសួរអ្នកផ្ទះឡើយ។ បន្ទាប់មកការងារនោះកាន់តែស្ត្រេស សេដ្ឋកិច្ចក៏ធ្លាក់ចុះ ខ្ញុំក៏ឈប់ពីការងារនោះទៀត»។

ការសម្រេចចិត្តខុសឆ្គងមួយពេលនោះ បានក្លាយជាមេរៀន និងជាកម្លាំងជម្រុញចិត្តឱ្យនាងចង់ត្រឡប់មកកាន់សាលារៀនវិញ នៅពេលដែលនាងបានឃើញទិដ្ឋភាពដ៏មានន័យមួយនៅលើដងផ្លូវ។

សុខលី បន្តទាំងអួលដើមក៖ «ខ្ញុំមានអារម្មណ៍ខ្មាសគេ ហើយចង់រៀនឱ្យចប់ ចង់ឃើញខ្លួនឯងស្លៀកឈុតទទួលសញ្ញាបត្រណាស់។ មានថ្ងៃមួយ ខ្ញុំជិះម៉ូតូកាត់តាមវិមានឯករាជ្យ ឃើញគេស្លៀកពាក់ឈុតបញ្ចប់ការសិក្សា ថតរូបជុំគ្រួសារសប្បាយរីករាយ។ ពេលនោះ ខ្ញុំជិះម៉ូតូបណ្តើរ ចង់ស្រក់ទឹកភ្នែកបណ្តើរ។ ខ្ញុំស្តាយក្រោយដែលខំរៀនដល់ឆ្នាំទី២ហើយបែរជាបោះបង់ តែខ្ញុំមិនហ៊ានហាមាត់សុំលុយអ្នកផ្ទះមករៀនវិញទេ ព្រោះខ្លាចចិត្តគាត់ គ្រួសារខ្ញុំក៏មិនធូរធារដែរ ទោះជាកន្លងមកគាត់តែងតែគាំទ្រការរៀនសូត្ររបស់ខ្ញុំយ៉ាងណាក៏ដោយ»។

ដើម្បីដោះស្រាយវិបត្តិនេះ សុខលី បានសម្រេចចិត្តចាប់យកការងារជាអ្នកដឹកជញ្ជូនអាហារ ព្រោះការងារនេះមានភាពបត់បែនខ្ពស់ អាចឱ្យនាងបែងចែកពេលវេលាមករៀនវិញបាន។ នាងធ្វើការពី ៨ ទៅ ៩ ម៉ោងក្នុងមួយថ្ងៃ គឺចាប់ពីម៉ោង ៦:០០ ព្រឹក រហូតដល់ម៉ោង ៣:០០ ឬ ៤:០០ រសៀល ដើម្បីទុកពេលល្ងាចចូលរៀន។ លើសពីនេះ នាងយល់ថាការងារនេះក៏បានជួយដល់ជំនាញទីផ្សារដែលនាងកំពុងរៀនផងដែរ ព្រោះបានជួប និងប្រាស្រ័យទាក់ទងជាមួយមនុស្សជាច្រើនជារៀងរាល់ថ្ងៃ។

ជាមនុស្សស្រី នរណាក៏ប្រាថ្នាចង់បានភាពស្រស់ស្អាត ស្បែកសស្អាត និងក្លិនខ្លួនក្រអូបដែរ ប៉ុន្តែសម្រាប់ សុខលី នាងបានដាក់គោលដៅការសិក្សាជាធំ ហើយសុខចិត្តលះបង់រឿងសម្រស់មួយឡែកសិន។

សុខលី និយាយទាំងញញឹមថា៖ «ភាគច្រើនមនុស្សស្រីគាត់ស្រឡាញ់ភាពស្រស់ស្អាត ព្រោះការងារជិះហាលថ្ងៃនេះ សក់ក៏បែកចុង បែកញើសក្បាល មានក្លិនខ្លួន មិនក្រអូបទេ។ ភាគច្រើនគេអត់ចង់ធ្វើខាងហ្នឹងទេ ទោះដឹងថាចំណូលមធ្យមមែន ក៏សុខចិត្តយកការងារចំណូលទាបជាងហ្នឹង តែបាននៅក្នុងកន្លែងត្រជាក់ ព្រោះគេខ្លាចដៃខ្មៅ មុខជាំអីជាដើម។ តែសម្រាប់ខ្ញុំ បញ្ហាសម្រស់មិនមែនជាឧបសគ្គធំឡើយ គោលដៅរបស់ខ្ញុំគឺការរៀនសូត្រ»។

ការខិតខំប្រឹងប្រែងទាំងមិនខ្លាចនឿយហត់នេះ បានផ្តល់ផ្លែផ្កាយ៉ាងសមរម្យ។ ជាមធ្យម នាងអាចរកចំណូលបានចន្លោះពី ១ ទៅ ២ ដុល្លារក្នុងមួយម៉ោង។ ប្រាក់ចំណូលពីការដឹកជញ្ជូននេះ អាចឱ្យយុវតីរូបនេះបង់ថ្លៃសាលា ថ្លៃបន្ទប់ជួល និងការចំណាយផ្សេងៗដោយខ្លួនឯង ថែមទាំងអាចសន្សំលុយខ្លះទុកជូនគ្រួសារនៅស្រុកកំណើតពេលទៅលេងម្តងៗទៀតផង។

ក្រៅពីត្រូវប្រឈមនឹងកម្តៅថ្ងៃ និងទឹកភ្លៀង ការងារជាអ្នកដឹកជញ្ជូនក៏ត្រូវប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ សុវត្ថិភាពផ្ទាល់ខ្លួន និងសម្ពាធពីអតិថិជនផងដែរ។ ជារឿយៗ នាងត្រូវជួបប្រទះនឹងការយឺតយ៉ាវនៅតាមហាងអាហារ ការស្ទះចរាចរណ៍ ឬការពិបាកស្វែងរកទីតាំង ដែលធ្វើឱ្យអតិថិជនមួយចំនួនមានការមួម៉ៅក្តៅក្រហាយ ព្រោះពួកគេមានពេលសម្រាកហូបបាយត្រឹមតែ ១ ម៉ោងប៉ុណ្ណោះ។ ពេលខ្លះ ភ្ញៀវខឹងខ្លាំងរហូតបិទទូរស័ព្ទ ទាក់ទងមិនបានក៏មាន។ មិនតែប៉ុណ្ណោះ ការដឹកទំនិញនៅពេលយប់តាមច្រកឌឿងហែមតូចៗ ក៏បង្កើតជាក្តីបារម្ភផ្នែកសុវត្ថិភាពចំពោះយុវតីរូបនេះដូចគ្នា។

«នាងខ្ញុំសូមអំពាវនាវដល់អតិថិជនទាំងអស់ មេត្តាជួយស្តាប់ហេតុផលរបស់អ្នកដឹកជញ្ជូនបន្តិច មុននឹងដាក់ការស្តីបន្ទោស ឬខឹងសម្បារចំពោះភាពយឺតយ៉ាវ ព្រោះជារឿយៗ ពួកយើងក៏ត្រូវទន្ទឹងរង់ចាំការរៀបចំទំនិញពីខាងហាង ជួបបញ្ហាស្ទះចរាចរណ៍ ឬពិបាករកទីតាំងដូចគ្នា ដែលវាក្រៅពីការគ្រងគ្រងរបស់ពួកយើង»។

រឿងរ៉ាវតស៊ូរបស់កញ្ញា ជ្រន សុខលី គឺជាគំរូដ៏ល្អមួយសម្រាប់យុវជនជំនាន់ក្រោយ បង្ហាញឱ្យឃើញថា ឱ្យតែមានគោលដៅច្បាស់លាស់ និងមិនរើសអើងការងារ សុទ្ធតែអាចនាំយើងទៅរកពន្លឺនៃភាពជោគជ័យ និងអាចសម្រេចក្តីស្រមៃទោះជាត្រូវឆ្លងកាត់ការលំបាកយ៉ាងណាក៏ដោយ៕

 

Daily Program

Livesteam thumbnail