អ្នកជំនាញបង្ហាញហេតុផលមួយចំនួនដែលយុវជនមិនពាក់មួកសុវត្ថិភាពពេលធ្វើដំណើរ

អង្គការមូលនិធិដើម្បីបង្ការរបួសអាស៊ី និងជាសហប្រធានបណ្តាញសុវត្ថិភាពចរាចរណ៍ផ្លូវគោគ បានបង្ហាញហេតុផលចំនួនបីយ៉ាង ដែលយុវជនមួយចំនួនមិន គោរពច្បាប់ចរាចរណ៍ ជាពិសេសមិនពាក់មួកសុវត្ថិភាពា។ ខណៈដែលយុវវ័យមួយចំនួន​ មិនពាក់មួកសុវត្ថិភាព លោក គឹម បញ្ញា ជានាយកប្រចាំប្រទេស នៃអង្គការខាងលើ បង្ហាញហេតុផលចំនួន៣ រួមមាន កត្តាផ្ទាល់ខ្លួន សំដៅលើការយល់ដឹងរបស់គាត់នៅមានកម្រិត។ ទី២ កត្តាគ្រួសារ និងបរិស្ថានជុំវិញ និងទី៣ ការអនុវត្តច្បាប់មិនទាន់រឹតបន្តឹងខ្លាំង។

លោក គឹម បញ្ញា បានថ្លែងថា ៖«ខ្ញុំគិតថាចំនុចនេះវាពាក់ព័ន្ធនឹងកត្តាបីយ៉ាង ទី១កត្តាខ្លួនគាត់ គឺខ្ញុំគិតថាយើងជាយុវវ័យ ដែលជាអនាគតសរសរទ្រូងប្រទេសជាតិ ប្រសិនបើសរសរទ្រូងរបស់ប្រទេសជាតិយើងចាប់ផ្តើមពីទង្វើ នៅលើដងផ្លូវគាត់បំពានច្បាប់ តើយើងអាចចាត់ទុកថាជាសរសរទ្រូងប្រទេសជាតិយ៉ាងមិច បើសរសរទ្រូងជាអ្នកបំពានច្បាប់។ ទី២ កត្តាគ្រួសារ និងបរិស្ថានជុំវិញ មានន័យថាឪពុកម្តាយគួរតែ ជំរុញអោយកូន បុត្រាបុត្រីរបស់ខ្លួន ជាយុវវ័យត្រូវតែចូលរួម ក្នុងការចូលរួមគោរពច្បាប់ចរាចរណ៍ពាក់មួកសុវត្ថិភាព ព្រោះប្រសិនបើកូនរបស់ខ្លួនមានបញ្ហាគ្រោះថ្នាក់ កើតឡើងអ្នកដែលខាតបង់ធ្ងន់ធ្ងរ គឺគ្រួសារដែលខិតខំ បីបាច់ថែរក្សាតាំងពីតូច ក្រូចឆ្មារមក យើងមិនគួរបណ្តោយអោយគាត់ប្រឈមជាមួយហានិភ័យ។ កត្តាចុងក្រោយគឺការអនុវត្តច្បាប់ ប្រសិនបើបុគ្គលជាយុវជន មាតាបិតា របស់យុវជន គាត់មិនបានជំរុញ មិនបានចូលរួមក្នុងការអនុវច្បាប់ទេ ការអនុវត្តច្បាប់របស់នគរបាលចរាចរណ៍គួរតែធ្វើឡើង គ្រប់ពេលវេលា ព្រោះយើងធ្វើឡើងដើម្បីការពារសរសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ»។

ជាមួយគ្នានេះយុវជនមួយក្រុម បានយល់ឃើញបន្ទាប់ពីការបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោគ ពលរដ្ឋនិងជាពិសេសយុវវ័យ បានគោរពច្បាប់ច្រើនជាងមុន ដោយខ្លាចការផាកពិន័យជាង គ្រោះថ្នាក់ចរាចរណ៍។

កញ្ញា សំរិទ្ធ ស្រស់ ជាយុវជន បានយល់ឃើញថា ៖«បើតាមបទពិសោធរបស់ខ្ញុំ ចំពោះយុវជនសម័យនេះ គាត់មានការយល់ដឹងរៀងច្រើនជាងមុន ដោយសារតែឥលូវនេះ គេបានផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ ទាំងក្នុងទូរទស្សន៍ទាំងប្រព័ន្ធផ្សព្វផ្សាយ ពួកគាត់មានចំណេះដឹងច្រើនក្នុងការបើកបរ ដូចជានៅតាមសកលវិទ្យាល័យនីមួយៗគាត់បានបញ្ចូល កម្មវិធីអប់រំ ទាក់ទងជាមួយច្បាប់ចរាចរណ៍មុនពេល ឆមាសដំបូងនៃឆ្នាំសិក្សារបស់គាត់»។

លោក សុគន្ធ កក្តដា ជាយុវជន បានយល់ថា យុវវ័យគួរតែស្វែងយល់ពីបញ្ហាសុវត្ថិភាពចរាចរណ៍ ជាជាងខ្លាចនគរបាលចរាចរណ៍ធ្វើការផាកពិន័យ ដើម្បីសុវត្ថិភាពអ្នកដំណើរ។

លោក សុគន្ធ កក្តដា​ បានបន្តថា ៖«ទាក់ទងនឹងបញ្ហាសុវត្ថិភាពចរាចរណ៍នេះ ត្រូវតែគោរពដាច់ខាតព្រោះនេះ​ជាកាតាព្វកិច្ច ដែលនេះមិនមែនជាករណីកិច្ច។ យើងត្រូវចងចាំថា ការបើកបរមានសារៈសំខាន់ណាស់ ប្រសិនបើយើងបើកបរដោយធ្វេសប្រហែស យើងនឹងបន្សល់ទុកនូវភាពសោកស្តាយ»។

ឆ្នាំ២០១៩ អ្នកស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍មានចំនួន ជិត២០០០នាក់ ដែលចំនួននេះមានការកើនឡើងជាងឆ្នាំ២០១៨។ ចំណែកអ្នករងរបួសមានរហូតដល់ជាង ១០០០នាក់។ បើគិតជាមធ្យមអ្នកស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ អាចមានចន្លោះពី៥ទៅ៦នាក់ក្នុងមួយថ្ងៃ៕

Daily Program

Livesteam thumbnail