បោះជំរំយុវជនសកលលើប្រធានបទ «យុវជនក្នុងបរិបទឌីជីថល»

ទិវាបោះជំរំសកលរបស់យុវជន ធ្វើឡើងក្រោមប្រធានបទ «យុវជនក្នុងបរិបទឌីជីថល» រៀបចំ​ឡើងដោយ ក្រសួងអប់រំ យុវជន និងកីឡា បាន​ចាប់​ផ្តើម​ឡើង​កាលពីថ្ងៃទី​១​ខែ​ធ្នូ​ឆ្នាំ​២០២១នេះ​តាមប្រព័ន្ធអនឡាញ។

លោកស្រី​ ស្រូយ សុជាតិ អគ្គនាយិកា អគ្គនាយដ្ឋានយុវជន បានថ្លែងថា ៖«កម្មវិធីបោះជំរំយើងចង់ធ្វើឱ្យយុវជនរស់នៅជាមួយគ្នា បើយើងធ្វើនៅក្នុងថ្នាក់រៀនយើងមិនបានឃើញអ្វីដូចដែលយើងបានឃើញជាក់ស្តែងនៅក្នុងជំរំនោះទេ។ ក្នុងកម្មវិធីជំរំយើងចង់ឱ្យយុវជនឈ្វេងយល់ពីអ្វីទៅជាបំនិនជីវិត ដោយសារតែស្ថិតក្នុងបរិបទកូវីដ និងគោរពតាមគោលការណ៍សុខាភិបាល ក្រសួងអប់រំ យើងរៀបចំតាមរយៈអនឡាញ»។

លោកស្រី ស្រូយ សុជាតិ បានបន្ថែមថា ក្នុងប្រធានបទធំ យុវជនក្នុងសម័យឌីជីថល កម្មវិធីបោះជំរំយុវជនក្នុងឆ្នាំនេះនឹងមានប្រធានបទតូចៗបួនបន្ថែមទៀត ដើម្បីយុវជនអាចទទួលបានការសិក្សារៀនសូត្របន្ថែមពីអ្នកជំនាញ និងអាចធ្វើសកម្មភាពប្រកួតប្រជែងគ្នា តាមប្រព័ន្ធអនឡាញនេះ។

លោកស្រី ស្រូយ សុជាតិ បន្តថា ៖«ដោយសារតែប្រទេសកម្ពុជាវិវត្តន៍ទៅមុខ និងស្របតាមសម័យកាល យើងចង់ឱ្យយុវជនយើងទទួលបានការអប់រំតាមបែបឌីជីថល ដូច្នេះយើងចង់ឱ្យយុវជនយើងត្រៀមខ្លួនទទួលនូវអ្វីដែលជាបរិបទថ្មី»។

លោក វិសេត សេដ្ឋា  ជានិស្សិតឆ្នាំទី២នៃសកលវិទ្យាល័យជាតិគ្រប់គ្រង ធ្លាប់​ចូលរួម​កម្មវិធីនេះ ចំនួន​មួយដង​រួច​មកហើយ​ បានឲ្យដឹងថា ៖«ក្នុងពេលបោះជំរំ ខ្ញុំទទួលបាននូវបទពិសោធល្អៗជាច្រើនដូចជា ការផ្លាស់ប្តូរចំណេះដឹង វប្បធម៌ ការរស់នៅជាមួយមិត្តភក្តិ ដែលមកពីសកលវិទ្យាល័យផ្សេងគ្នា ជាពិសេសក៏បានបង្ហាញពីវប្បធម៌ និងអរិយធម៌ដ៏រុងរឿងរបស់ខ្មែរ និងឈ្វេងយល់កាន់តែច្បាស់ពីបច្ចេកវិទ្យាសម័យថ្មីៗនេះពីវាគ្មិន»។

និស្សិតរូបនេះ បានបន្តថា  នៅក្នុងពេលបោះជំរំនេះ លោកបានទៅទស្សនាតាមតំបន់ជាច្រើនដែលមាន ការបង្ហាញជាវីដេអូ តាមតំបន់ៗ ដូចជា ទន្លេ ការសាងសង់សំណង់ ការសម្តែងសិល្បៈជាដើម។

យុវជននៅមកពីបណ្តារាជធានី និងខេត្តផ្សេងៗគ្នាដែល មកពីបណ្តាសកលវិទ្យាល័យចំនួន ១២ កំពុងចូលរួមក្នុងកម្មវិធីបោះជំរំសកល រយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃ១ ដល់៥  ខែធ្នូ ឆ្នាំ២០២១​។ កម្មវិធីនេះ​​រៀប​ចំ​ឡើងដោយក្រសួងអប់រំ យុវជន និងកីឡា  សហការដោយ​ធនាគារកាណាឌីយ៉ា។​ គោលបំណងនៃកម្មវិធីដើម្បី ផ្តល់ឱកាស​ដល់យុវជន បានសិក្សាពីប្រវត្តិសាស្ត្រ ការ​កសាងសន្តិភាព ការថែរក្សា​និងកសាង​កេរ ដំណែលប្រវត្តិសាស្រ្តឡើងវិញនៅតាម​សហ​គមន៍ និងជាពិសេសការរស់នៅក្នុងសហគមន៍ផ្សេងពីគ្រួសារ។

ក្នុងកម្មវិធី​បោះ​ជំរំនេះ យុវជនត្រូវចែកជា ៤ក្រុម ឬស្ថានីយ៍ ដោយមួយក្រុម មានចំនួន៣សលកវិទ្យាល័យ ត្រូវបោះជំរំតាមប្រព័ន្ធអនឡាញ ដើម្បី​រៀនសូត្រពីការងារកេរដំណែលដែលសហគមន៍ ជជែកកម្សាន្តជាមួយអ្នកជំនាញ ការប្រកួតប្រជែងស្វែងរកដំណោះស្រាយផ្សេងៗ៕

ដោយ​ផល សុផានិត

Daily Program

Livesteam thumbnail