កុមារកម្ពុជាប្រឈមនឹងវិបត្តិដោយសាររបបអាហារមិនគ្រប់គ្រាន់

កុមារកម្ពុជា ទទួលទាន​ផ្លែឈើ។

កុមារកម្ពុជាដែលមានអាយុក្រោម ២ ឆ្នាំមិនទទួលបានអាហារ ឬសារធាតុចិញ្ចឹមដែលពួកគេត្រូវការដើម្បីលូតលាស់ដែលនាំអោយប៉ះពាល់ដល់ការអភិវឌ្ឍ។​ នេះបើតាមរបាយការណ៍ថ្មីមួយរបស់ អង្គការ UNICEF នៅថ្ងៃទី ២២ ខែកញ្ញានេះ។

«Fed to Fail? វិបត្តិនៃរបបអាហាររបស់កុមារនៅវ័យដំបូងនៃការលូតលាស់» ដែលត្រូវបានចេញផ្សាយមុនកិច្ចប្រជុំកំពូលប្រព័ន្ធស្បៀងអាហាររបស់អង្គការសហប្រជាជាតិនៅសប្តាហ៍នេះ ដោយបានព្រមានថា ការកើនឡើងនៃភាពក្រីក្រ វិសមភាព ជម្លោះ គ្រោះមហន្តរាយធាតុអាកាសធាតុ និងភាពអាសន្ននៃសុខភាព ដូចជាជំងឺរាតត្បាតកូវីដ-១៩  រួមចំណែកដល់វិបត្តិអាហារូបត្ថម្ភដែលកំពុងបន្តមាន។

នៅប្រទេសកម្ពុជា កុមារម្នាក់ក្នុងចំណោមបីនាក់មានជំងឺក្រិន ហើយម្នាក់ក្នុងចំណោម ១០ នាក់មានសភាពស្គមស្គាំង ខណៈដែលរបាយការណ៍បានកត់សម្គាល់ថា នៅទូទាំងពិភពលោកមានតែកុមារម្នាក់ក្នុងចំណោមបីនាក់ប៉ុណ្ណោះ ដែលត្រូវបានផ្តល់របបអាហារចម្រុះគ្រប់គ្រាន់ដើម្បីលូតលាស់បានល្អនៅពេលផ្លាស់ប្តូរទទួលទានររបរអាហាររឹង។

លោក Foroogh Foyouzat តំណាងអង្គការ UNICEF ប្រចាំនៅកម្ពុជាបានិយាយថា ៖« ក្នុងនាមជាភ្នាក់ងាររបស់អង្គការសហប្រជាជាតិធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា យើងសូមកោតសរសើរការពង្រីកកម្មវិធីផ្ទេរសាច់ប្រាក់ ដើម្បីកាត់បន្ថយការលំបាកជាពិសេសសម្រាប់អាហារូបត្ថម្ភមាតានិងទារក»។

របាយការណ៍នេះបានរកឃើញថា ៤០% នៃកុមារកម្ពុជាពី ៦ ខែដល់ ២៣ ខែទទួលបានចំនួនក្រុមអាហារអប្បបរមា ប៉ុន្តែជិតពីរភាគបីនៃកុមារទាំងនោះគឺមកពីក្រុមផ្សេងទៀត ។

លោក Foyouzat បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖« ឥឡូវនេះយើងត្រូវវិនិយោគលើការគាំទ្រយូរអង្វែងសម្រាប់រយៈពេលមួយពាន់ថ្ងៃដំបូងនៃជីវិតរបស់កុមារ»។

កង្វះអាហារូបត្ថម្ភក្នុងរយៈពេលពីរឆ្នាំដំបូងនៃជីវិត អាចប៉ះពាល់ដល់រាងកាយនិងខួរក្បាលដែលកំពុងលូតលាស់យ៉ាងឆាប់រហ័សរបស់កុមារ «ការវិនិយោគបែបនេះក៏រួមចំណែកដល់ការទទួលបានការអប់រំ និងផលិតភាពរបស់កុមារម្នាក់ៗ ពេញមួយជីវិតរបស់ពួកគេ។ ការកើនឡើងនូវថវិកាជាតិជាតម្រូវការសម្រាប់ការបង្កើនកម្មវិធីអាហារូបត្ថម្ភ» ។

អង្គការUNICEFបាននិយាយថា របបអាហារក្នុងចំណោមកុមារនៅលើពិភពលោកបានបង្ហាញសញ្ញាតិចតួចនៃការប្រសើរឡើងក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះជាមួយកុមារអាយុក្រោម ២ ឆ្នាំដែលងាយរងគ្រោះបំផុតចំពោះកង្វះអាហារូបត្ថម្ភគ្រប់ទម្រង់ ដូចជា ក្រិន ស្គមស្គាំង និងកង្វះសារធាតុចិញ្ចឹមដែលជាលទ្ធផលនៃរបបអាហារមិនល្អ។

របាយការណ៍បាននិយាយផងដែរថា ចំណេះដឹងទាបនៃអាហាររូបត្ថម្ភ និងទីផ្សារទឹកគោដែលមានតម្លៃខ្ពស់ រួមចំណែកដល់ភាពចម្រុះនៃរបបអាហារទាបសម្រាប់កុមារ និងការកាត់បន្ថយការបំបៅដោះកូន។ ការកាត់បន្ថយប្រាក់ឈ្នួលនាពេលថ្មីៗនេះ ចំពេលមានជំងឺរាតត្បាត បានធ្វើអោយបញ្ហាដែលមានស្រាប់ទាំងនេះកាន់តែមានសភាពធ្ងន់ធ្ងរ។

លោក Henrietta Fore នាយកប្រតិបត្តិអង្គការ UNICEF បាននិយាយថា ៖« នៅពេលដែលមានឧបសគ្គកាន់តែខ្ពស់ ការផ្តល់របរអាហារអោយកុមារតូចៗរាប់លាននាក់ត្រូវបរាជ័យ»។

លោក Henrietta Fore បន្តថា៖ «ការទទួលទានសារធាតុចិញ្ចឹមមិនគ្រប់គ្រាន់ក្នុងរយៈពេលពីរឆ្នាំដំបូងនៃជីវិតអាចធ្វើអោយប៉ះពាល់ដល់រាងកាយនិងខួរក្បាលដែលកំពុងលូតលាស់យ៉ាងឆាប់រហ័សរបស់កុមារដែលអាចជះឥទ្ធិពលដល់ការសិក្សា អនាគតការងារ និងអនាគតរបស់ពួកគេ»។

លោក Henrietta Fore  គូសបញ្ជាក់ថា៖ «ខណៈពេលដែលយើងដឹងរឿងនេះអស់ជាច្រើនឆ្នាំមកហើយ នៅតែមានការរីកចម្រើនតិចតួចលើការផ្តល់អាហារដែលមានជីវជាតិនិងសុវត្ថិភាពត្រឹមត្រូវសម្រាប់កុមារ។ ជាការពិត វិបត្តិជំងឺកូវីដ-១៩ កំពុងបន្តធ្វើអោយស្ថានការណ៍កាន់តែអាក្រក់ទៅៗ»។ 

នៅក្នុងការវិភាគលើប្រទេសចំនួន ៩១ របាយការណ៍បានរកឃើញថាមានតែពាក់កណ្តាលនៃកុមារដែលមានអាយុពី ៦ ខែដល់ ២៣ ខែប៉ុណ្ណោះដែលត្រូវបានគេផ្តល់អាហារអប្បបរមាដែលត្រូវបានណែនាំជារៀងរាល់ថ្ងៃ ខណៈមានតែមួយភាគបីបានទទួលទានក្រុមអាហារអប្បបរមាដែលពួកគេត្រូវការដើម្បីលូតលាស់៕

 នរណានិយាយ?

Daily Program

Livesteam thumbnail