ការអភិវឌ្ឍមនុស្សថយចុះ ខណៈសិស្សជាង៣លាននាក់ ប៉ះពាល់ការសិក្សា ដោយសារបិទសាលា

ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចបិទសាលារៀនបណ្ដោះអាសន្នទូទាំងប្រទេស ដើម្បីការពារការរាតត្បាតជំងឺកូវីដ-១៩ ។ ការបិទសាលារៀននេះ ត្រូវបានអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UN) បានកត់សម្គាល់ថា ការអភិវឌ្ឍធនធានមនុស្ស ធ្លាក់ចុះយ៉ាងគំហុក ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី២០ ខែ កក្កដា ឆ្នាំ២០២១ ។

ជាង ២០០ថ្ងៃមកហើយ  ដែលសាលារៀនទាំងអស់នៅកម្ពុជាបានបិទទ្វារ បើគិតពីខែមីនា ឆ្នាំ២០២០ ដោយសារខ្លាចមានការចម្លងជំងឺកូវីដ១៩ ទៅសិស្សានុសិស្ស គ្រូ និងបុគ្គលិកអប់រំជាដើម។ បើតាមរបាយការណ៍UN សិស្សប្រមាណជាង ៣.២លាននាក់ មិនបានទៅសាលារៀន។

UN បានសង្កត់ធ្ងន់ដូច្នេះ៖ «សាលារៀនមិនមែនជាកន្លែងដែលនាំឱ្យមានការចម្លងជំងឺកូវីដ១៩ខ្លាំងជាងគេនោះឡើយ។ ដូច្នេះសាលារៀនអាចបើកដំណើរការឡើងវិញប្រកបដោយសុវត្ថិភាព។ បើការបិទសាលារៀននៅតែបន្តអូសបន្លាយពេលយូរ ហានិភ័យដែលកុមារ មិនអាចត្រឡប់ទៅសាលារៀនវិញកើនឡើងកាន់តែខ្ពស់។ កុមារមកពីក្រុមងាយរងគ្រោះ ដែលអាចធ្វើឱ្យមានគម្លាតឌីជីថលកាន់តែរីកធំបន្ថែមទៀត»។ 

បញ្ហានេះនឹងបង្កផលប៉ះពាល់ដល់លទ្ធភាពរបស់ឪពុក-ម្តាយ និងអ្នកផ្តល់មើលថែទាំជាច្រើន ជាពិសេសស្ត្រី ,កុមារជាច្រើននាក់មិនសូវបានអាហារដែលសម្បូរសារធាតុចិញ្ចឹម និងបង្កើនហានិភ័យ នៃការប្រព្រឹត្តអំពើហិង្សាលើកុមារ។ ក្មេងប្រុស និងក្មេងស្រី ២០ភាគរយ បានរាយការណ៍ថា ប្រឈមហានិភ័យនៃអំពើហឹង្សា និងការរំលោភបំពានកាន់តែច្រើនជាងមុន អំឡុងពេលសាលារៀនបិទទ្វារ។ 

ជាមួយគ្នានេះ ក្រសួងអប់រំ និង UN ធ្លាប់វាយតម្លៃរួមគ្នាថា កុមារ មានឱកាសមិនដូចគ្នាឡើយ ក្នុងការបន្តការរៀនសូត្ររបស់ពួកគេ ដែលនាំឱ្យមានការបាត់បង់ការរៀនសូត្រយ៉ាងច្រើននៅគ្រប់កម្រិត។ កុមារ ៣០ភាគរយប៉ុណ្ណោះ មានលទ្ធភាពប្រើប្រាស់ខ្លឹមសារមេរៀនតាមអនឡាញ និង ៣២ភាគរយ ពឹងអាស្រ័យលើឯកសារមេរៀនតែប៉ុណ្ណោះ។  កុមារមកពីគ្រួសារក្រីក្រ ឬរស់នៅជាមួយពិការភាព នៅតែបន្តជួបប្រទះបញ្ហាប្រឈមច្រើនជាងគេ។ 

ជុំវិញការស្នើសុំឱ្យបើកសាលារៀនឡើងវិញនេះ អង្គការ UNICEF ក៏បានចេញរបាយការណ៍មួយថា ការបើកដំណើរការសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាព បានក្លាយជាអាទិភាពបន្ទាន់មួយ។ ការខាតបង់រយៈពេលវែងចេញពីការបិទទ្វារសាលារៀន មានទំហំធំធេងក្រៃលែង ទាំងសម្រាប់កុមារម្នាក់ៗ និងសម្រាប់សង្គមទាំងមូល ដែលពិបាកនឹងលើកហេតុផលណាមួយ សម្រាប់ការបន្តបិទទ្វារសាលារៀនទៀត។

 

 

Daily Program

Livesteam thumbnail