សម្តេចប៉ាប៖ ព្រះសហគមន៍កាតូលិកត្រូវយកចិត្តទុកដាក់ចំពោះកម្មករ
សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានមានបន្ទូលថា នៅពេលដែលស្ថានភាពទីផ្សារការងារកំពុងតែមានបញ្ហា ព្រះសហគមន៍កាតូលិក ត្រូវតែយកចិត្តទុកដាក់ជាពិសេសចំពោះកម្មករ និងកម្មការិនីទាំងអស់។
វ៉ាទីកង់ញូវបានរាយការណ៍ថា នេះគឺជាខ្លឹមសារនិងការយកចិត្តទុកដាក់របស់សម្តេចប៉ាប នៅក្នុងអំឡុងពេលដែលទ្រង់បានផ្ញើរសារទៅកិច្ចប្រជុំមួយរបស់ចលនារបស់កម្មករគ្រីស្ទានដែលរៀបចំឡើងនៅក្នុងទីក្រុង ស៊ីហ្គូវៀ (Segovia) នាប្រទេសអេស្ប៉ាញ ដែលបានរៀបចំកាលពីដើមសប្តាហ៍កន្លងទៅ ។
ប្រភពដដែលបានបន្តថា នៅក្នុងសារនោះទ្រង់ក៏បានជំរុញឲ្យព្រះវិហារនៃព្រះសហគមន៍កាតូលិកទាំងអស់ ត្រូវតែនៅជាមួយនឹងប្រជាពលរដ្ឋដែលកំពុងតែតស៊ូនៅក្នុងស្ថានភាពដែលពិភពលោកកំពុងតែស្ថិតនៅក្នុងស្ថានភាពដ៏លំបាកដូចជាពេលសព្វថ្ងៃនេះ ។
កិច្ចប្រជុំនេះត្រូវបានគេដឹងថា គេបានរៀបចំរយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី ១២ ដល់ ថ្ងៃទី១៥ ខែ សីហា ឆ្នាំ២០២៣ ។
នៅក្នុងសារនោះសម្តេចប៉ាបបានបន្តវាយតម្លៃដ៏ខ្ពស់ចំពោះតួនាទី និង ការចូលរួមរបស់កម្មករនិងកម្មការនី ដែលតែងតែលះបង់កម្លាំងកាយនិងកម្លាំងចិត្តដើម្បីបំពេញសេចក្តីត្រូវការ និង សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ។
សម្តេចប៉ាបបានមានបន្ទូលថា ការងាររបស់កម្មករនិងកម្មការនី គឺជាសកម្មភាពផលិតកម្ម ប៉ុន្តែពួកគេមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយនឹងព្រះជាម្ចាស់ ដោយសារតែព្រះជាម្ចាស់ ទ្រង់តែងតែគាំទ្ររាល់ការងារច្នៃប្រឌិត ដែលជាប្រយោជន៍សម្រាប់មនុស្សជាតិ៕