២០២៦ កាតព្វកិច្ចយោធាត្រូវបានលើកឡើងជាថ្មី
សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ត្រូវបានគណៈរដ្ឋមន្ត្រីលើកយកមកពិនិត្យ និងសម្រេចហើយនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ហើយបន្ទាប់ពីសេចក្តីព្រាងនេះឆ្លងកាត់សភា និង ព្រឹទ្ធសភា ហើយព្រះមហាក្សត្រឬប្រមុខរដ្ឋស្តីទីចុះហត្ថលេខារួច ឯកសារនេះនឹងក្លាយជាច្បាប់។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចែករំលែកនៅលើបណ្តាញសង្គមនៅព្រឹកថ្ងៃព្រហស្បតិ៍ថា សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ជារបៀបវារៈមួយនៅក្នុងចំណោមរបៀបវារៈ៥ ដែលពិភាក្សានិងសម្រេច។
ក្រៅពីនោះ គឺមាន៖
-សេចក្តីព្រាងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ២០២៧-២០២៩
-សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល២០២៧-២០២៩
-សេចក្តីព្រាងគោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥
-និងរបាយការណ៍វឌ្ឍនភាពស្តីពីការអនុវត្តវិធានការអន្តរាគមន៍ជួយអតីតពលករដែលវិលត្រឡប់ពីប្រទេសថៃ។
ពាក់ព័ន្ធនឹងច្បាប់ស្តីពីកាតព្វកិច្ចយោធា កម្ពុជាធ្លាប់មាន តែមិនអនុវត្តឡើយ ហើយពង្រាងច្បាប់ថ្មីនេះ គឺត្រូវបានដាក់ចេញ ក្រោយពេលដែលសម្តេចធិបតីបានបង្ហើបកាលពីខែកក្កដា ឆ្នាំ២០២៥ ពោលគឺបន្ទាប់ពីកម្ពុជាមានជម្លោះព្រំដែនជាមួយប្រទេសថៃ។
នៅពេលនេះវានៅជាសេចក្តីព្រាង ប៉ុន្តែនៅពេលឆ្លងកាត់ដំណាក់កាលជាបន្តបន្ទាប់ដូចរៀបរាប់ខាងលើ នោះឯកសារនេះនឹងក្លាយជាច្បាប់ដែលយុវជនកម្ពុជាចាំបាច់ត្រូវតែអនុវត្តហើយសង្ឃឹមថា វានឹងត្រូវអនុវត្តទាំងអស់គ្នាដោយស្មើភាព ផ្អែកតាមច្បាប់ដោយមិនលើកលែង មិនមានបក្សពួក ហើយយុវជនដែលចូលរួម ក៏ត្រូវបានការពារដោយច្បាប់។
ច្បាប់កាតព្វកិច្ចយោធានេះត្រូវអនុវត្តសម្រាប់យុវជនពី១៨ដល់២៥ឆ្នាំ រីឯយុវតីវិញ គឺអនុវត្តតាមគោលការណ៍ស្ម័គ្រចិត្ត។ ច្បាប់កាតព្វកិច្ចយោធា ត្រូវបានគេដឹងថា ត្រូវបានអនុវត្តនៅប្រទេសជាច្រើនសូម្បីតែប្រទេសនៅក្នុងតំបន់អាស៊ីអគ្នេយ៍យើងនេះ ដូច្នេះវាដល់ពេលដែលយុវជនដែលជាទំពាំងស្នងឫស្ស៊ីត្រូវតែចូលរួមដើម្បីលើកកំពស់កិត្យានុភាពជាតិ និង ការការពារក៏ដូចជាការកសាងឧត្តមប្រយោជន៍របស់ជាតិ។
ជាទូទៅកន្លងមកមានចំណុចមួយចំនួន បានត្រូវគេរំលេចឡើង ទើបធ្វើឲ្យការអនុវត្តច្បាប់កាតព្វកិច្ចយោធាដែលមានកន្លងមកមិនមានប្រសិទ្ធភាព ប៉ុន្តែនៅពេលដែលកម្ពុជាមានច្បាប់នេះថ្មីសង្ឃឹមថា គ្រប់គ្នានឹងអនុវត្ត។ ច្បាប់គឺដើម្បីទាំងអស់គ្នា ហើយក៏មិនអាចលើកលែងឬមានគោលដៅដាក់លើនរណាឡើយ។ គ្រប់គ្នាមានកាតព្វកិច្ចត្រូវតែគោរពច្បាប់ទាំងអស់ ហើយច្បាប់នេះគឺជាមូលដ្ឋានពិតប្រាកដនៃនីតិរដ្ឋ៕