១៨នាក់យ៉ាងណាទៅហើយ !​ យើងនៅរង់ចាំបងប្អូនជានិច្ច

ថ្ងៃសុក្រទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ជា ថ្ងៃទី១១៥ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ តើសុខទុក្ខបងប្អូនយ៉ាងណាហើយ យើងទាំងអស់គ្នា នៅតែបន្តរង់ចាំបងប្អូនមកវិញ ហើយនៅតែសង្ឃឹមថា ភាគីថៃនឹងប្រគល់បងប្អូនមកវិញហើយមិនប្រើប្រាស់បងប្អូនជាឈ្នាន់នយោបាយ​។

នៅក្នុងនាមជាប្រជាពលរដ្ឋកម្ពុជា យើងខ្ញុំសូមចូលរួមជាមួយនឹងរាជរដ្ឋាភិបាល និង ស្ថាប័នជាតិក៏ដូចជាប្រជាជនគ្រប់ស្រទាប់វណ្ណៈនៅក្នុងការបន្តអំពាវនាវឱ្យភាគីថៃគោរពឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ នូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ត្រង់កថាខណ្ឌទី៥ បានគូសបញ្ជាក់ថា “ភាគីថៃត្រូវដោះលែងយោធិនទាំង១៨នាក់របស់កម្ពុជាជាបន្ទាន់ដោយមិនបង្អែបង្អង់” ព្រមទាំងគោរពនិងអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិ ដោយដោះលែងវីរកងទ័ពកម្ពុជាឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ ប្រកបដោយសុខសុវត្ថិភាព។

បងប្អូនទាំង១៨នាក់ជាវីរៈកងទ័ពដែលឈរជើងនៅក្នុងដែនអធិបតេយ្យភាពកម្ពុជា មិនគួរណាពួកគេត្រូវបានបញ្ឆោតហើយចាប់នាំយកទៅគ្រប់គ្រងដោយយោធាបែបនេះទេ ។​ ពួកគេមានឥស្សរភាព និង សេចក្តីថ្លៃថ្នូរ និង ជាឪពុក ជាតា ជាកូន​ប្រុស ជាបងប្រុស ដែលត្រូវការការជួបជុំទទួលភាពកក់ក្តៅនៅក្នុងគ្រួសារ។

វីរៈយុទ្ធជនទាំងនេះមិនមែនជាចំណាប់ខ្មាំងដែលត្រូវឃុំឃាំង ដើម្បីហេតុផលនយោបាយឬក៏យុទ្ធសាស្រ្តណាមួយឡើយ សូមភាគីថៃដោះលែងពួកគេឲ្យមកជួបជុំគ្រួសារ​វិញឲ្យបានឆាប់ផង ពីព្រោះពេលេវេលានៃការចាប់ខ្លួនដែលអនុវត្តដោយកងទ័ពថៃគឺយូរគ្រប់គ្រាន់ហើយ។

ម្យ៉ាងវិញទៀតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងធ្វើការគ្រប់យ៉ាង ខិតខំឲ្យសភាពការណ៍នៅតំបន់ព្រំដែនវិលមករកប្រក្រតីភាព ហើយបន្តដោះស្រាយបញ្ហាដោយសន្តិភាព ការសន្ទនាផ្អែកលើច្បាប់។

សូមភាគីថៃគោរពកិច្ចព្រមព្រៀងនិងសេចក្តីថ្លែងការណ៍និងឯកសារនានាដែលបានយល់ស្របពីមុន ហើយកុំយកលេសនេះលេសនោះ បន្តអរិភាពនៅព្រំដែន ហើយបន្តធ្វើការគ្រប់គ្រងពួកគេបន្តទៀត។​

សរុបទៅពួកគេមិនមែនជាចំណាប់ខ្មាំងទេ ពីព្រោះថ្ងៃដែលភាគីថៃចាប់ខ្លួនពួកគេមិនកាន់អាវុធឡើយ គឺជាអំឡុងពេលអនុវត្តបទឈប់បាញ់​ ដូច្នេះពួកគេមានកិត្តិយសគ្រប់គ្រាន់។ សូមភាគីថៃដោះលែងពួកគេ តាមការអំពាវនាវដោយភាគីកម្ពុជា យើងខិតខំរួមគ្នាស្តារសន្តិភាពនៅព្រំដែន៕

Daily Program

Livesteam thumbnail