១ថ្ងៃបើសន្សំបានមួយដុល្លារ រហូតដល់១០ឆ្នាំបានលុយគួរសម !​

ដើម្បីកុំអោយធ្វើការមួយខែទៅមួយខែមិនចេះសល់អ្វីសោះ​ ចូរសាកល្បងវិធីសន្សំងាយៗតាមក្បូនសមញ្ញមួយដែលមកដល់ពេលនេះមានអ្នកខ្លះអាចសល់ប្រាក់កាសមួយចំនួនគួរសម ទោះបីជាមិនច្រើន ប៉ុន្តែក៏មិនតិចដែរសម្រាប់អ្នកអត់​។

យើងដឹងថា ប្រាក់ខែតិច ចំណាយច្រើន វាពិតជាពិបាកសន្សំណាស់ ប៉ុន្តែប្រសិនបើអាចគួរតែរិះគិតហើយខិតខំសន្សំសាកមើលទៅវាមិនខាតឡើយ។

តាមអ្នកដែលគេធ្លាប់ជោគជ័យលើការសន្សំនេះម្នាក់បានចែករំលែកថា ដោយសារតែការងារវាប្រាក់ចំណូលតិច គាត់សាកល្បងសន្សំមិនច្រើនទេ គឺត្រឹម១ថ្ងៃ១ដុល្លារ ។ គាត់សន្សំបានមួយឆ្នាំដែលមាន៣៦៥ថ្ងៃបានប្រាក់សរុប ៣៦៥ ដុល្លារដែរ​។

ជាមួយនឹងប្រាក់៣៦៥ដុល្លារនេះគាត់បានយកវាទៅដាក់នៅធនាគារជាមួយនឹងប្រាក់បញ្ញើដែលមានកាលកំណត់ ត្រឹមតែ​រង្វង់៦ ភាគរយនៅក្នុងមួយឆ្នាំ ហើយបានបន្តខិតខំសន្សំបែបនេះលេងៗ​ជារៀងរាល់ថៃ្ង រួចយកទៅបន្តដាក់ធនាគារតាមវិធីដដែលរហូតដល់១០​ឆ្នាំ គាត់អាចនៅសល់ប្រាក់ប្រមាណជា ជាង ៥០០០ ដុល្លារ។​

ជាទូទៅជាមួយនឹងប្រាក់សន្សំ១ថ្ងៃ១ដុល្លារនេះ ១០ឆ្នាំ គឺអាចសន្សំបាន ត្រឹមតែ ៣.៦៥០ ដុល្លារទេ ប៉ុន្តែជាមួយនឹងអត្រាការប្រាក់ដែលពេលខ្លះវាឡើងពេលខ្លះវាចុះ អាចទទួលបានបន្ថែមជាង ១.០០០ ដុល្លារថែមទៀត។

នេះគឺជាវិធីសន្សំងាយៗដែលគួរតែសាកល្បងមើល ពីព្រោះថា ១ដុល្លារសព្វថ្ងៃនេះប្រសិនបើយកទៅចាយក៏មិនបានអ្វីធំដុំដែរ គឺអាចបានត្រឹមសាំងវិញតាមចិញ្ចើមខ្លួន១ដុំ និងកាហ្វេរមួយកែវប៉ុណ្ណោះ ហើយកន្លែងខ្លះមិនបានផង។

ផ្អែកតាមបទពិសោធន៍នេះយើងខ្ញុំគិតថា យើងគួរតែសាកល្បងមើល ហើយប្រសិនបើយើងអាចសន្សំបានលើសហ្នឹងក៏ល្អដែរ វានឹងបានទៅតាមហ្នឹង។

សូមសាកល្បងរៀនសន្សំលុយ ការសន្សំនេះវាមានប្រយោជន៍ជាងការយកលុយទៅចាយខ្ចះខ្ជាយលើសំភារៈនិយម ជាពិសេសគឺការចាយវាយផឹកស៊ី ហើយមិនបានផលអ្វីទាំងអស់ក្រៅពីខូចសុខភាព ហើយអាចមានគ្រោះថ្នាក់ចរាចរណ៍ ជាដើម។

ចូររៀនសន្សំ លុយសន្សំនោះវាជារបស់យើងដដែលទេ វាមិនបាត់ទៅណាឡើយ ប្រសិនបើយើងចេះទុកដាក់ត្រឹមត្រូវ ហើយម្យ៉ាងទៀតវាក៏ជាលំហាត់អត់ធ្មត់ដែរ ។​ យើងនឹងដឹងលទ្ធផលថាតើវានឹងមាន អារម្មណ៍យ៉ាងណាដែលយើងអាចធ្វើបាន ជាមួយនឹងលទ្ធភាពរបស់យើង ។ ហើយលុយដែលយើងសន្សំបាននេះ យើងយកទៅវិនិយោគបន្ថែម វារិតតែប្រសើរ៕

Daily Program

Livesteam thumbnail