អ្នកបើកបរនិងលក់ដូរ សូមចៀសចំណតរថយន្តក្រុង
ចំណេះដឹងដែលត្រូវយល់និងជ្រួតជ្រាបមួយគឺថា ចំណតរថយន្តក្រុងនានានៅគ្រប់ទីកន្លែងមិនមែនជាកន្លែងចំណតរថយន្តធម្មតាចូលចតហើយក៏មិនមែនជាកន្លែងដែលបងប្អូនប្រជាពលរដ្ឋយកទៅប្រកបរបររកស៊ីចិញ្ចឹមជីវិតឡើយ។
គ្រប់ចំណតទាំងអស់គឺមិនមែនជាកម្មសិទ្ធិរបស់នរណាម្នាក់ឡើយ ហើយក៏មិនមែនជាកន្លែងចំណតសម្រាប់នរណាម្នាក់ដែរ ប៉ុន្តែគឺជាកន្លែងដែលរថយន្តក្រុងកំពុងផ្តល់សេវាដឹកជញ្ជូនសាធារណៈចូលចតដាក់អ្នកដំណើរចុះ និង ទទួលអ្នកដំណើរឡើង។
នៅទីនោះកន្លែងខ្លះគឺគេមានគូសគំនូសពណ៌លឿងព័ទ្ធជុំវិញជារាងចតុកោណ ហើយសរសេរអក្សរនៅក្នុងប្រអប់នោះថែមទៀត ប៉ុន្តែនៅតែមានអ្នកបំពានដោយអ្នកបើកបរខ្វះការយល់ដឹង មួយចំនួនយកទៅនោះទៅចតរថយន្ត ចតម៉ូតូ ហើយមានទាំងអ្នកចតម៉ូតូកង់បីឥណ្ឌា រង់ចាំម៉ូតថែមទៀតដោយមិនខ្វល់ថា សកម្មភាពបែបនោះវាធ្វើឲ្យរាំងស្ទះសេវាដឹកជញ្ជូនសាធារណៈឡើយ។
ក្រៅពីចំណតនៅលើផ្លូវចេញ នៅតាមទីកន្លែងចំណតខ្លះគឺនៅខាងលើចិញ្ចើម អាជ្ញាធរបានសាងសង់ដំបូលនិងដាក់កៅអីដើម្បីអោយអ្នកដំណើរអង្គុយចាំរថយន្តក្រុង ប៉ុន្តែមិនដូច្នេះទេ បងប្អូនយើងខ្លះគឺបានទៅចាប់កន្លែងនោះដើម្បីប្រកបរបរចិញ្ចឹមជីវិតទៅវិញ។
បងប្អូនដែលចត ឫ ក៏បងប្អូនដែលប្រើប្រាស់ចំណតនៅលើចិញ្ចើមផ្លូវដើម្បីរកចំណូលផ្ទាល់ខ្លួនគួរតែបញ្ឈប់សកម្មភាពនេះ ហើយសូមទុកទីនោះគឺជាកន្លែងសាធារណៈមិនមែនជាកន្លែងឯកជនដែលប្អូនអាចធ្វើបែបនោះបានឡើយ។
ក្រៅពីចំណុចអសកម្មទាំងនេះចំណុចមួយដែលយើងគួរដឹងដែរនោះគឺថា នៅចំណតរថយន្តក្រុងឈប់ ក្នុងទីប្រជុំជន អ្នកបើកបរយានជំនិះគ្រប់ប្រភេទត្រូវបន្ថយល្បឿន ហើយបើចាំបាច់ត្រូវឈប់ ដើម្បីទុកឱ្យរថយន្ដក្រុង ចេញ-ចូល ឬ ឈប់បានដោយងាយស្រួល។
ការឈប់ ឬចតយានជំនិះ ត្រូវទុកចន្លោះយ៉ាងតិច ១០ម៉ែត្រ ពីចំណតរងចាំរថយន្តក្រុងឈប់ ដើម្បីធ្វើយ៉ាងណាសម្រួលដល់អ្នកដំណើរដែលប្រើសេវាកម្មដឹកជញ្ជូននេះហើយក៏ជាចំណុចងាយស្រួលនៅក្នុងការរក្សាសណ្តាប់ធ្នាប់។
សរុបមកវិញចូលជួយស្វែងយល់ចំណុចទាំងនេះ ហើយដើម្បីចូលរួមលើកកំពស់សេវាកម្មរថយន្តក្រុង គឺសូមអស់លោកៈលោកស្រីយល់និងចូលរួមអនុវត្តដើម្បីធ្វើយ៉ាងណារក្សាប្រយោជន៍សាធារណជននិងយើងទាំងអស់គ្នា។