អ្នកពូកែសន្សំលុយអាចសល់ច្រើន ជាងអ្នកដែលពូកែរក !

មនុស្សទាំងបុរសនិងស្រ្តីប្រសិនបើពូកែរកហើយក៏ពូកែសន្សំនោះស្ថានភាពជីវភាពនឹងប្រសើរជាលំដាប់ ប៉ុន្តែជាទូទៅកម្រមានអ្នកដែលមានលក្ខណៈសម្បត្តិទាំងពីរនេះទាំងព្រមណាស់។
សម្រាប់អ្នកដែលមានលក្ខណៈសម្បត្តិទាំងពីរនេះ ជីវិតនឹងជួបតែភាពភ្លឺស្វាង ហើយអាចសល់លុយសល់កាក់គ្រប់គ្រាន់ផ្គត់ផ្គង់និងទ្រទ្រង់ជីវភាពវ័យសក្តានុពលការងារធ្លាក់ចុះ ហើយចំណាយកើនឡើង។
សព្វថ្ងៃនេះ គឺសំបូរអ្នកដែលពូកែរកលុយ ហើយចាយលុយទៅវិញក៏ច្រើនដែរ។ ធម្មជាតិមិនអាចនៅចាំមនុស្សបានទេ ដរាបណាថ្ងៃនេះយើងរកបានច្រើនយើងក៏ចាយច្រើន ដូច្នេះរហូតដល់ពេលដែលយើងឈានចូលដល់វ័យមួយដែលសក្តានុពលការងារថមថយ កម្រិតនៃការរកលុយក៏កាន់ តែធ្លាក់ចុះ ហើយប្រសិនបើមានជំងឺថែមទៀតនោះ ជីវិតគឺដឹងតែវេទនា។
ដើម្បីគេចចេញពីវិបត្តិនិងភាពវេទនានៅពេលអនាគត អ្នកដែលពូកែរកលុយគួរតែរៀនសន្សំលុយទុកផង បើមិនដូច្នេះទេ ចុងក្រោយជីវិតយើងគឺគ្មានអ្វីសល់នឹងគេឡើយ។
សម្រាប់អ្នកដែលពូកែសន្សំលុយ ជាទូទៅទោះបីជារកលុយបានតិចក៏ពិតមែន ប៉ុន្តែចំនួនលុយដែលមានគឺកើនឡើងរហូត ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយកុំសន្សំខ្លាំងពេក។ ជីវិតគួរតែមានពេលមានវេលាស្វែងរកសេចក្តីសុខខ្លះសម្រាប់ខ្លួនយើង និងគ្រួសារ។ ប្រសិនបើយើងគិតតែសន្សំ ហូបចុកមិនគ្រប់គ្រាន់វាអាចឲ្យយើងប្រឈមមុខនឹងការស្លាប់មុនអាយុ ពោលគឺមិនបានចាយលុយ។
សរុបទៅជីវិតល្អប្រសើរ គឺត្រូវចេះថ្លឹងថ្លែង សមាមាត្រការងារនិងសុខភាព។ សម្រាប់អ្នកដែលពូកែរកនិងសន្សំ នៅពេលដល់ចំនួនកំណត់គួរតែចេះចែករំលែកចេះធ្វើកុសលឬធ្វើទាន។ ចេះធ្វើកម្មវិធីមនុស្សធម៌ ជួយយក អាសារអ្នកដទៃ នោះយើងកាន់តែបានកុសល និង កាន់តែមានការទទួលស្គាល់។ ហើយសម្រាប់អ្នកដែលពូកែរកលុយគួរតែរៀនសន្សំ ខ្លះកុំរកបាន ១០០ ចាយទាំង១០០ ហើយពេលខ្លះចាយដល់ ១៥០ ដោយអាងថា លុយគង់តែរកបាននៅពេលក្រោយទៀត។ យើងអាចរកបាន១០០ គួរលៃលកសន្សំទុក៣០ ទៅ៤០ ភាគរយផងទៅ។ រីឯអ្នកដែលពូកែសន្សំ កុំគិតតែសន្សំអត់របេះឲ្យសោះ។ សូមគិតពីសុខភាព និង លៃលករកការចំណាយខ្លះ ដើម្បីបំពេញសេចក្តីសុខនិងបំប៉នសុខភាពខ្លួនឯង៕
Daily Program
