អ្នកបើកបរគ្រប់រូបត្រូវប្រុងប្រយ័ត្នពេលឆ្លងកាត់ផ្លូវរថភ្លើង!
គ្រោះថ្នាក់រថយន្តបុកជាមួយនឹងរថភ្លើងនៅកម្ពុជាកាន់តែមានច្រើនទោះបីជារថភ្លើងនៅកម្ពុជា យឺតៗក៏ដោយ ដែលករណីនេះតើវាគឺជាកំហុសនរណា?
គ្រោះថ្នាក់រថភ្លើងបុកគ្នាជាមួយនឹងរថយន្តគឺមានញឹកញាប់មែនទែន ហើយករណីដែលធ្ងន់ធ្ងរ បំផុតចុងក្រោយគឺករណីរថភ្លើងបុកជាមួយនឹងរថយន្តក្រុងដឹកអ្នកដំណើរជាង ៤០ នាក់ពេញ ដែលបានកើតមានឡើងនៅ កាលពីម៉ោងប្រមាណ ១១:១៦នាទី ព្រឹកថ្ងៃសុក្រនេះ ក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
រថភ្លើងដែលជួបហេតុការណ៍នេះគឺជារថភ្លើងដឹកអ្នកដំណើរបានបើកបរពីរាជធានីភ្នំពេញ ឆ្ពោះមកកាន់ខេត្តបាត់ដំបង។ ចំណែករថយន្តក្រុង ៤៥កៅអី បានដឹកអ្នកដំណើរជាលក្ខណៈគ្រួសារនិងសាច់ញាតិ ដើម្បីទៅលេងតំបន់ទឹកធ្លាក់ច្រកល្អៀង ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយ នៅតំបន់ឆ្លងកាត់ផ្លូវដែកនោះមានសញ្ញាបង្ហាញ ប៉ុន្តែមិនមានរនាំងដាក់បិទផ្លូវ ។
តាមសំដីរបស់សមត្ថកិច្ចបានឲ្យដឹងថា នៅមុនកើតហេតុរថភ្លើងបានបន្លឺសំឡេងពេលធ្វើដំណើរមកដល់កន្លែងកើតហេតុ ប៉ុន្តែប្រហែលអ្នកបើកបរមិនបានឮសំឡេងរថភ្លើង ទើបបណ្តាលឲ្យមានគ្រោះថ្នាក់បែបនេះ។ សំណាងដែរ គ្រោះថ្នាក់នេះមានមនុស្ស៥នាក់របួសធ្ងន់ ប៉ុន្តែមិនមានអ្នកស្លាប់នៅកន្លែងកើតហេតុ ។
ពាក់ព័ន្ធនឹងករណីរថភ្លើងបុកគ្នាជាមួយនឹងរថយន្តនេះគឺមានការបន្ទោសគ្នាទៅវិញទៅមក ដោយខាងរថយន្តថា គ្មានរនាំងបាំងពេលរថភ្លើងមកដល់ តែខាងរថភ្លើងថា អ្នកបើកយករថយន្តពេលឆ្លងកាត់ផ្លូវរថភ្លើងគឺគួរតែត្រូវប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ ។
រឿងនេះពិបាកបន្ទោសខាងណាណាស់ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយដើម្បីសុវត្ថិភាព រាល់អ្នកបើកបរមិនថាម៉ូតូឫរថយន្តឫត្រូវធ្វើដំណើរថ្មើរជើងនោះទេ នៅពេលដែលឆ្លងកាត់ផ្លូវរថ ភ្លើងគឺត្រូវតែលើកកំពស់ការប្រុងប្រយ័ត្ននិងម្ចាស់ការ ក្រែងមានបច្ច័យមន្រ្តីដែលទទួលបន្ទុក ធ្វេសប្រហែស ។
យើងទាំងអស់គ្នាត្រូវដឹងថា រថភ្លើងជាយានមានតែផ្លូវមួយទេ គឺមិនមានប្រព័ន្ធហ្រាំ្វងចាប់ ហើយឈប់ងក់ដូចជាយាយន្តដ៏ទៃទៀតឡើយ ដូច្នេះទោះបីជាអ្នកបើករថភ្លើងបានឃើញ មានយានឆ្លងកាត់ក៏គ្នាមិនអាចបញ្ឈប់រថភ្លើងឫកាច់ចង្កូតគេចបានដែរ គឺជម្រើសមានតែ មួយ ប៉ុណ្ណោះ។
អ្នកបើករថយន្តនិងម៉ូតូនានា សូមម្ចាស់ការប្រុងប្រយ័ត្នពីព្រោះនៅផ្លូវរថភ្លើងដែលឆ្លងកាត់ផ្លូវ មានមិនច្រើនឡើយ ដូច្នេះនៅពេលដែលឆ្លងកាត់គឺសូមមើលឆ្វេងមើលស្តាំ ឲ្យបានឆ្ងាយ មិនមែនបើករំភើយគ្មានយកចិត្តទុកដាក់ឡើយ៕