អ្នកទេសចរនិងអ្នកផ្តល់សេវាកម្មគួរតែពួតដៃគ្នាលើកកំពស់ឧស្សាហកម្មទេសចរណ៍ក្នុងស្រុក
រវាងអ្នកទេសចរនិងអ្នកផ្តល់សេវាកម្មទេសចរណ៍នៅក្នុងស្រុកគួរតែបញ្ចប់ការរិះគន់គ្នាហើយគួរតែរួបរួមគ្នាដោះស្រាយបញ្ហានិងលើកកំពស់ការពង្រឹងការផ្សព្វផ្សាយនិងទាក់ទាញផលិតផលទេសចរណ៍នានានៅក្នុងប្រទេស ។
ការប្រទូសសារាយហើយរិះគន់គ្នាទៅវិញទៅមកដើម្បីយកឈ្នះចាញ់គឺវាគ្មានបានផលប្រយោជន៍អ្វីឡើយ គឺបានត្រឹមតែធ្វើឲ្យវិស័យទេសចរណ៍នៅក្នុងស្រុករងនូវបច្ច័យនិងក្រសែភ្នែកមិនល្អពីអ្នកទេសចរបរទេស នាំឲ្យខាតបង់ទាំងអស់គ្នាតែប៉ុណ្ណោះ ។
ជាទូទៅបញ្ហានៅទីណាក៏ដូចតែគ្នាគឺមានអ្នកខូចអ្នកខិលគ្រប់តែទីកន្លែង ។ កន្លែងខ្លះអ្នកទេសចរក៏ខិល ហើយពេលខ្លះអ្នកលក់ដែលជាអ្នកផ្តល់សេវាកម្មទេសចរណ៏ក៏ខូច ដែលយើងទាំងអស់គ្នាគួរតែដោះស្រាយ។
បញ្ហាអ្នកលក់កោរអ្នកទេសចរវាមិនមែនជារឿងថ្មីនៅកម្ពុជានោះទេ ប៉ុន្តែក៏មិនមែនមានន័យថា អ្នកលក់ទាំងអស់សុទ្ធតែបែបនោះដែរ ដោយឡែកអ្នកទេសចរខ្លះវិញក៏មិនធម្មតាដែរ ពេលខ្លះក៏រពិសហើយចូលចិត្តបង្កើតរឿង ស្របពេលដែលអ្នកចែករំលែកទៀតសោតពេលខ្លះគ្មានការផ្ទៀងផ្ទាត់ឡើយ គឺបានត្រឹម តែឭុម្ខាងៗគឺចែករំលែកឡើងព្រាត តែចុងក្រោយបានផលអ្វីគឺបានត្រឹមតែកេរ្តិ៍ឈ្មោះអសោច ដែលប៉ះពាល់ដល់ទាំងអ្នកចែករំលែកនេះទៀតផងក៏មាន ។
អ្នកលក់សូមស្មោះត្រង់នឹងវិជ្ជាជីវៈនិងមុខរបរកុំកឹមកុំកេង កុំចង់ចំណេញខ្លាំងពេក ដោយឡែកអ្នកទិញដែលជាអ្នកទេសចរទៀតសោត មុននឹងទិញមុននឹងហូប មុននឹងទទួលសេវាពីគេក៏គួរតែសួរគួរនិយាយ គួរដឹងតម្លៃ មិនមែនអាងលើធ្លាប់ អាងលើសូព័ត៌មាននោះទេ ។
ខ្មែរយើងមានពាក្យ ធ្ងន់អីនឹងសំដី គ្រាន់តែសួរថា អាហារនេះលក់យ៉ាងម៉េចលក់យ៉ាងណា តម្លៃប៉ុន្មាន វាមិនធ្វើឲ្យយើងថោកឡើយ ។ បើគ្រាន់តែសួរយើងថោកនោះ គួរកុំដើរលេងអី ។ ដូច្នេះដើម្បីកុំអោយមានបញ្ហាមុននឹងទទលសេវាកម្មអ្វីមួយសួរជាមុន ឲ្យយល់គ្នា យល់តម្លៃយល់តម្រូវការអោយអស់សេចក្តី ។
ពេលខ្លះដោយសារតែរដូវបុណ្យរដូវទាន ភ្ញៀវវាច្រើនក៏គួរណាស់យោគយល់ និងអធ្យាស្រ័យ ពេលខ្លះវាអាចលើសអាចលួសខ្លះ ក៏គួរតែនិយាយគ្នាតាមសម្រូល កុំអាងអីអាងផុស អាងផ្សព្វផ្សាយ វាមិនមែនអាក្រក់តែបុគ្គលម្នាក់នោះទេ គឺវាអាចត្រូវគេម៉ៃគ្រប់គ្នារួមទាំងយើងអ្នកផុសនេះក៏អាចផងដែរ ។
សរុបសេចក្តីទៅយើងទាំងអស់គ្នាត្រូវតែយោគយល់គ្នា ។ លើសលួសខ្វះខាតជជែកគ្នាតថ្លៃគ្នាជាមុនទៅ ។ នៅក្នុងករណីគិតថា សមរម្យយើងទទួលហើយហូបចុកនិងទទួលសេវាកម្មឲ្យសប្បាយទៅ ហើយបើមិនត្រូវគ្នាគួរដើរចេញទៅរកកន្លែងដែលយើងគិតថា សមរម្យ ដោយប្រើប្រាស់ភាសានិងសំដីសំដៅកាយវិការសមរម្យ មិនមែនពាក់មុខយក្សដាក់គ្នាឡើយ ។ សូមរួមគ្នាជួយមួយដៃមួយជើងដើម្បីកុំអោយបញ្ហាអសកម្មប៉ះពាល់ដល់វិស័យឧស្សាហកម្មទេសចរណ៍នៅកម្ពុជាយើង៕