អោយតែគោរពច្បាប់ មានរឿងអីត្រូវខ្លាចសមត្ថកិច្ច ?
ម្នាក់ៗពេលដែលមានការជូនដំណឹងអំពីការផាកពិន័យលើបញ្ហាអ្វីមួយមិនថា បញ្ហាចរាចរណ៍ ការបង់ពន្ធ ឫបញ្ហាណាមួយនោះទេ គឺមានការចែករំលែកបែបនេះបែបនោះ ជាពិសេសគឺពាក់ព័ន្ធជាមួយនឹងសមត្ថកិច្ច ។
តើសមត្ថកិច្ចមានអ្វីគួរឲ្យខ្លាច? តាមពិតទៅតួនាទីរបស់សមត្ថកិច្ចមែនមែនជាមន្រ្តីដែលដើរបំភ័យនិងបង្កើតសេចក្តីភ័យខ្លាចនោះទេ ។ តួនាទីនិងភារកិច្ចរបស់មន្រ្តីសមត្ថកិច្ចគឺការការពារនិងធានាសណ្តាប់ធ្នាប់និងប្រក្រតីភាពនៃសង្គម តាមភារកិច្ចនិងដែនកំណត់នៃសកម្មភាពនិងបេសកម្មដែលកំណត់តាមច្បាប់របស់សមត្ថកិច្ចនីមួយៗ ។ បើនិយាយទៅតាមច្បាប់អស់លោកសមត្ថកិច្ចគឺជាអ្នកដែលបម្រើកិច្ចការរៀបចំសណ្តាប់ធ្នាប់ ច្បាប់ទម្លាប់ សម្រាប់សង្គមរបស់យើង ។
សមត្ថកិច្ចមានច្រើនប្រភេទ ហើយ៏មានមុខងារនិងភារកិច្ចខុសៗគ្នា ។ ជាក់ស្តែងដូចជាសមត្ថកិច្ចនគរបាលឫប៉ូលីសចរាចរណ៍ជាដើម គឺមានតួនាទីភារកិច្ចចំបងធានាប្រក្រតីភាពនៃស្ថានភាពចរាចរណ៍នៅតាមផ្លូវសាធារណៈនានានៅក្នុងប្រទេស ។
តួនាទីនិងភារកិច្ចរបស់សមត្ថកិច្ចប៉ូលីសចរាចរណ៍ក៏មានសិទ្ធិឃាត់ចាប់និងផាកពិន័យនិងកំណត់ដែនកំណត់នៃអ្នកដែលល្មើសច្បាប់ ជាពិសេសគឺច្បាប់ចរាចរណ៍ផ្លូវគោក ។
តួនាទីនិងភារកិច្ចរបស់អស់លោកសមត្ថកិច្ចគឺកំណត់ច្បាស់ណាស់ហើយពួកគេក៏មិនមានសិទ្ធិអំណាចនិងភារកិច្ច ដែលចេះតែប្រពឹត្តប៉ាតណាប៉ាតណីគ្មានច្បាប់ទម្លាប់បានដែរ ។ ពួកគេម្នាក់ៗអាចមានសិទ្ធិនិងភារកិច្ចចាប់ឫឃាត់យើងលុះត្រាតែយើងនឹងប្រពឹត្តខុសច្បាប់ដែរ ដូច្នេះនៅក្នុងករណីដែលយើងមិនរំលោភឫបំពានច្បាប់ យើងក៏គ្មានអ្វីត្រូវខ្លាចអស់លោកសមត្ថកិច្ចទាំងនោះដែរ ។
នៅពេលធ្វើដំណើរតាមដងផ្លូវនានា ឲ្យតែយើងបើកបរឫធ្វើដំណើរដោយយកច្បាប់ជាគោល គោរពភ្លើងសញ្ញា និង គំនូសចរាចរណ៍ត្រឹមត្រូវ ហើយបើកបរដោយមិនលើសល្បឿនកំណត់ យើងគ្មានពិរុទ្ធភាពអ្វីដែលត្រូវខ្លាចរអាអស់លោកសមត្ថកិច្ចឡើយ ។
អស់លោកជាមន្រ្តីមានសមត្ថកិច្ចដែលប្រចាំការនៅតាមគោលដៅនានា គឺមានភារកិច្ចចាត់វិធានការតែអ្នកដែលរំលោភឫបំពានច្បាប់ប៉ុណ្ណោះ បើយើងគោរពច្បាប់ គឺគ្មានអ្វីត្រូវខ្លាចឡើយ ។
សរុបទៅសមត្ថកិច្ចមិនមែនជាអ្នកដែលប្រជាពលរដ្ឋត្រូវមានការភ័យខ្លាចនោះទេ ប៉ុន្តែជាអ្នកដែលមានតួនាទីបម្រើ ការពារ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងធានាឱ្យមានការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព និងយុត្តិធម៌។ អំណាចរបស់សមត្ថកិច្ចមិនមែនជាអំណាចដែលអាចប្រើប្រាស់តាមអំពើចិត្តឡើយ ប៉ុន្តែត្រូវស្ថិតនៅក្រោមក្របខណ្ឌច្បាប់ និងដែនកំណត់នៃតួនាទីភារកិច្ចរបស់ខ្លួន។ជាមួយគ្នានោះ ក្នុងនាមជាប្រជាពលរដ្ឋ យើងក៏គួរយល់ដឹងអំពីសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន ហើយត្រូវចូលរួម គោរពច្បាប់ និងចូលរួមអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ។ ក្រៅពីនោះយើងក៏មិនគួរមានការភ័យខ្លាចហួសហេតុចំពោះសមត្ថកិច្ចឡើយ ប្រសិនបើយើងមិនបានប្រព្រឹត្តល្មើសច្បាប់។ ផ្ទុយទៅវិញ ប្រសិនបើយើងជួបប្រទះការអនុវត្តតួនាទីខុសពីច្បាប់ យើងមានសិទ្ធិសួរនាំ ស្នើសុំការបញ្ជាក់ និងប្រើប្រាស់សិទ្ធិតាមនីតិវិធីច្បាប់។
