ស្មារតីអ្នកនៅខាងក្រោយ ក៏មោះមុតដូចបងប្អូនកងកម្លាំងនៅរណសិរ្សជួរមុខដែរ!

នៅពេលដែលបងប្អូនកងកម្លាំងប្រដាប់អាវុធបានកំពុងតែត្រៀមកម្លាំងដើម្បីការពារបូរណភាពទឹកដីនៅតាមរណសិរ្សជួរមុខ ដើម្បីទប់ទល់នូវការប៉ុនប៉ងណាមួយរំលោភដោយប្រដាប់អាវុធខុសច្បាប់ នោះ នៅខាងសមរភូមិក្រោយក៏បានកំពុងតែត្រៀមខ្លួនផងដែរដើម្បីគំាទ្របងប្អូននៅខាងមុខ។
ដើម្បីបង្ហាញនូវកម្លាំងសាមគ្គីជាធ្លុងតែមួយរវាងរណសិរ្សជួរមុខនឹងកម្លាំងសាមគ្គីផ្ទៃក្នុងនៅខាងក្រោយ សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំនូវមហាព្រឹត្តិការណ៍មួយដែលគេហៅថា ដំណើរថ្មើជើងសាមគ្គី នៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២៥ ដោយមានមហាជនចូលរួមពីគ្រប់មជ្ឈដ្ឋានលើសពី១០ម៉ឺននាក់។
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ហើយដែលគេដឹងថា ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ផ្ទាល់បានលើកឡើងថា ការជួបជុំនាថ្ងៃនោះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដោយចង់បង្ហាញប្រាប់ថា នៅពេលប្រទេសជាតិប្រឈមការគម្រាមកំហែង ឬការប្រមាថណាមួយ ប្រជាជនកម្ពុជានឹងមិននៅស្ងៀមនោះទេ។
លោកបានអះអាងថា ការជួបជុំថ្ងៃនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដែលប្រជាជនកម្ពុជាគ្រប់រូប ចង់បង្ហាញប្រាប់ថា នៅពេលប្រទេសជាតិប្រឈមការគម្រាមកំហែង ឬការប្រមាថណាមួយ ប្រជាជនខ្មែរនឹងងើបឈរដោយស្មារតីរួមគ្នា គាំទ្ររាជរដ្ឋាភិបាលកម្ពុជា និងកងកម្លាំងជាតិ ក្នុងការការពារបូរណភាពទឹកដី ការពារផលប្រយោជន៍ជាតិ និងការពារភាពសុខសាន្តរបស់ប្រទេស និងប្រជាជន។
ព្រឹត្តិការណ៍នេះ ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងនៅជួរមុខកម្ពុជា ហើយក៏បង្ហាញការគាំទ្រ សុចរិតភាព និងភាពស្របច្បាប់របស់កម្ពុជាផ្អែកលើច្បាប់ និងបទ ដ្ឋានគតិយុត្តផ្សេងៗ។នេះក៏បង្ហាញការគាំទ្រវិធានការរបស់រាជរដ្ឋាភិបាល ទាំងផ្នែកការទូត ផ្នែក ការពារជាតិ ផ្នែកច្បាប់ និងខឿនការពារជាតិប្រជាជន និងដើម្បីបង្ហាញការគាំទ្រ ក្នុងការសម្រេច ចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការនាំយកជម្លោះព្រំដែននៅតំបន់រស៊ើបទាំង៤ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយផ្អែកលើស្មារតី ត្រូវពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែង។
ក្រៅពីនោះព្រឹត្តិការណ៍នេះ ក៏ជាសក្ខីកម្មនៃសកម្មភាព កាយវិការ និងសំឡេងនៃការគាំទ្ររបស់ពលរដ្ឋម្នាក់ៗ គឺជាកម្លាំងចិត្ត និងថាមពលសម្រាប់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធ ដើម្បីគាំទ្រ ការដោះស្រាយតាមគ្រប់យន្តការដែលស្របច្បាប់ស្របតាមឆន្ទះរបស់ពលរដ្ឋ។
សរុបសេចក្តីទៅទោះបីជាប្រជាជនតិច សេដ្ឋកិច្ចមិនសូវធំ ប៉ុន្តែស្មារតីនៃសាមគ្គីភាពនិងស្នេហារជាតិគឺជាកម្លាំងដ៏មហិមាដែលអាចនឹងពុះពាររាល់ការលំបាកដើម្បីការពារនិងពង្រឹងនូវកិត្យានុភាពជាតិ ប្រឈមមុខគ្រប់បញ្ហាប្រឈមនានាដែលនឹងកើតឡើង។សាមគ្គីគឺជាកម្លាំងបុកទម្លុះឧបសគ្គនានាដ៏មហិមាដើម្បីធ្វើយ៉ាងណាឲ្យប្រទេសកម្ពុជាបន្តរីកចម្រើនទៅមុខប្រកបដោយនិរន្តរភាព៕
Daily Program
