ស្មារតីសាមគ្គី និង ឯកភាព ក៏ដូចជាជាជួយគ្នាកុំអាលបញ្ឈប់ !

ស្មារតីសាមគ្គី ឯកភាព និង ការបរិច្ចាគសម្រាប់បងប្អូនភៀសសឹកនិងបងប្អូនវីរៈកងទ័ពនៃយើងគួរតែត្រូវបន្តធ្វើបន្ថែមទៀត ពីព្រោះនៅពេលនេះទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់មែនក៏ដោយ ប៉ុន្តែវានៅតែផុយស្រួយនៅឡើយ។

ស្មារតីជួយគ្នាដូចដែលយើងបានធ្វើចាប់តាំងពីផ្ទុះព្រឹត្តិការណ៍ប៉ះទង្គិចដ៏​បង្ហូរឈាមនិងសាហាវបំផុត នៅក្នុងប្រវត្តិសាស្រ្ត៣០​ឆ្នាំចុងក្រោយនេះ គឺគួរតែបន្តធ្វើ​បន្ថែមទៀត ដើម្បីបន្តជួយដល់បងប្អូនភៀសសឹក ដែលមកដល់ពេលនេះបងប្អូនខ្លះ មិនទាន់ដឹងថា អាចនឹងវិលត្រឡប់ទៅលំនៅស្ថានវិញនៅពេលណាពិតប្រាកដនៅឡើយទេ។ ម្យ៉ាងវិញទៀតការជួយឧបត្ថម្ភរបស់យើង គឺគួរបន្តដើម្បីបំប៉នបងប្អូនកងកម្លាំងវីរៈការពារជាតិ ដែលខ្លះជាប់ដៃរកពេលហូបបាយហូបទឹកត្រឹមត្រូវមិនឃើញ ខ្លួនប្រឡាក់ឡើងស្រម៉ក ហើយ ភាគច្រើនអ្នកដែលនៅសមរភូមិជួរមុខមានសេចក្តីរាយការណ៍ថា មិនដែលបានងូតទឹកតាំងពីផ្ទុះសង្រ្គាមមក។

នេះគឺជាពេលដែលបងប្អូនទំនេរដៃ ដូច្នេះសង្ឃឹមថា បងប្អូននឹងទទួលបាននូវជំនួយឧបត្ថម្ភ ដែលបានមកពីសប្បរជននានា ដើម្បីចំអែតក្រពះ និង ប៉ះប៉ូវសុខភាពដែលហូបនៅពេលជាប់ដៃឲ្យតែរស់ៗ មិនគិតអនាម័យ មិនគិតអំពីកន្លែងហូបត្រឹមត្រូវ តែពេលនេះគឺជាពេលដែលបងប្អូនយើងអាចទទួលទានត្រឹមត្រូវ ដូច្នេះ​យើងចាំបាច់ត្រូវតែបន្តសកម្មភាពនិងយុទ្ធនាការបរិច្ចាកបន្តទៀត។ 

យើងដឹងថា មួយរយៈពេលនេះយើងពិតជាហត់នឿយខ្លាំងណាស់ ហើយយើងនៅសមរភូមិក្រោយខ្លះ ក៏មិនមែនជាអ្នកសម្បូរហ៍ហូរហៀរដែរ គឺសុទ្ធតែស្ម័គ្រចិត្តជួយគ្នានៅក្នុងនាមជាខ្មែរ ហើយ មួយរយៈពេលនេះ យើងគួរមានវេនមានពេលវេលាជួយគ្នា កុំអោយវាដាច់។

នៅក្នុងករណី ដែលយើងមិនបាន ចាត់ចែកគ្រប់គ្រងត្រឹមត្រូវទេ ពេលខ្លះវាអាចបរិច្ចាកទៅជាន់គ្នាច្រើនពេក បងប្អូនជនភៀសសឹក និង វីរៈកងទ័ពយើងទទួលទានអស់មិនទាន់ បែជាជូរផ្អែម ឬ ខូចគុណភាពទៅជាខ្ជះខ្ជាយវិញក៏ថា បាន។

យើងក៏សង្ឃឹមថា បងប្អូនវីរៈកងទ័ពយើងនឹងយកពេលវេលានេះសម្រាកឲ្យពេញភ្នែក ហូបឲ្យឆ្អែត គ្រប់គ្រាន់ រក្សាថាមពលដើម្បីបន្តការពារជាតិនិងប្រជាជនបន្ថថែមទៀត ខណៈពេលនេះ ការកំណត់ព្រំដែន មិនច្បាស់ ទំនាស់វានឹងអាចកើតមានជាថ្មី។ សូមបន្តគិតគូររឿងហូបចុក និង បំប៉ន់សុខភាពបងប្អូនកងទ័ព ឲ្យបានល្អ៕

 

Daily Program

Livesteam thumbnail