ស្ថានភាពគ្រោះទឹកជំនន់ឆ្លងផុត តែត្រូវបន្តប្រុងប្រយ័ត្នគ្រោះធម្មជាតិថ្មី!
ឥទ្ធិពលនៃវិសម្ពាធ ដែលកើតមានជាព្យុះជាបន្តបន្ទាប់ហើយព្យុះទី ១៤ ត្រូវគេព្រមានថា មានភ្លៀងធ្លាក់ខ្លាំងនៅកម្ពុជា ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏យើងទាំងអស់គ្នាអាចគេចផុតទាំងអស់គ្នា។
ព្យុះយ៉ាជីដែលជាព្យុះទី១២បានបង្កគ្រោះមហន្តរាយធំធេងមែនទែននៅវៀតណាមដោយលិចទីក្រុងហាណូយ សម្លាប់មនុស្សជាង ៣០០ នាក់ និង បំផ្លាញសេដ្ឋកិច្ចអស់១.៦ពាន់លានដុល្លារ ខណៈនៅថៃ មានមនុស្សស្លាប់ជាង ៤០ នាក់ខូចខាតសេដ្ឋកិច្ចអស់ជាង ៨០០ លានដុល្លារ ហើយវាក៏បានសម្លាប់មនុស្សជាង១០០នាក់នៅមីយ៉ាន់ម៉ា ជាង៤០ នាក់នៅហ្វីលីពីន និង ៤ នាក់នៅឡាវ។
ដល់ព្យុះប៊ីប៊ិនកា វារិតតែធ្ងន់ធ្ងរនៅថៃហើយលិចតំបន់មួយចំនួននៅឡាវនិងគំរាមកំហែងជាទឹកជំនន់នៅទីក្រុងវៀងច័ន្ទរបស់ឡាវថែមទៀត ប៉ុន្តែកម្ពុជាគឺបានត្រឹមតែទទួលរបបទឹកភ្លៀងខ្លះៗ ហើយអាចលិចលង់តំបន់មួយចំនួនតិចតួចតែក្រោយពីលិចក៏ស្រកអស់។ដល់ព្យុះពូលឡាសាន វិញ វានៅតែធ្ងន់ធ្ងរនៅថៃ មីយ៉ាន់ម៉ា និង ឡាវ តែនៅកម្ពុជាយើងមានសេចក្តីរាយការណ៍លិច តំបន់ខ្លះនៃពីរខេត្តគឺខេត្តព្រះសីហនុ និង ក្រចេះ ប៉ុន្តែយើងនៅតែអាចគ្រប់គ្រងបាន។
មកដល់ពេលនេះព្យុះពូឡាសាន គឺជាព្យុះទី ១៤ ដូច្នេះត្រឹមព្យុះទី១៤ នេះហើយអាចទប់ទល់បានប៉ុន្តែកុំអាលអរពីព្រោះកម្ពុជានៅក្នុងតំបន់ដែលអាចទទួលរងឥទ្ធិពលពីវិសម្ពាធដែលកើតពីព្យុះប្រមាណជា ១១ទៅ ១៣ ព្យុះទៀតឯណោះ ដោយសារតែកម្ពុជាយើងទទួលឥទ្ធិពលពីព្យុះនៅក្នុងមួយឆ្នាំពី ២៥ទៅ ២៧ ព្យុះ។
ព្យុះពីទី១ដល់ទី ១៤ ឃើញថា មិនអីយើងអាចទប់ទល់ដោយសារ ខណៈដែលការត្រៀមបម្រុងនោះឃើញថា មានការត្រៀមរួចរាល់ហើយដែរទាំងខាងគ្រោះមហន្តរាយ និង កងកម្លាំងប្រដាប់អាវុធ ខណៈដែលប្រមុខរដ្ឋាភិបាលក៏បានតាមដានសភាពការណ៍នៃគ្រោះធម្មជាតិនេះជាប់ជានិច្ចដែរ ហើយក៏បានចេញសារព្រមាន និង លើកកំពស់ការប្រុងប្រយ័ត្នផងដែរ។
គ្រោះធម្មជាតិវាអាចនឹងអូសបន្លាយដល់ខែវិច្ឆិកា ឫយូរជាងនេះ ពីព្រោះតែបម្រែបម្រូលអាកាសធាតុ និងដោយសារតែព្យុះវានៅមិនទាន់អស់ ហើយតាមទម្លាប់ទឹកជំនន់ច្រើនតែកើតមាននៅចុងរដូវភ្លៀង ដូច្នេះអ្នកដែលពាក់ព័ន្ធនឹងប្រជាពលរដ្ឋសូមកុំអាលបោះបង់ការប្រុងប្រយ័ត្ន។
ការប្រុងប្រយ័ត្ននេះទោះបីជាមិនអាចការពារបាន១០០ភាគរយក៏ពិតមែននូវការខូចខាតនានា ប៉ុន្តែយើងអាចការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ យើងបាន ក្រៅពីនោះប្រជាពលរដ្ឋខ្លួនឯកក៏ត្រូវតែប្រុងប្រយ័ត្នខ្លួនឯងផងដែរ។
សរុបមកវិញដើម្បីយើងទាំងអស់គ្នាអាចបញ្ចៀសនូវផលប៉ះពាល់ធ្ងន់ធ្ងរដោយសារតែគ្រោះធម្មជាតិទាំងនេះការបង្ការនិងការត្រៀមលក្ខណៈគឺត្រូវតែធ្វើជាប្រចាំ ។ ការពារប្រសើរជាងព្យាបាល ! សូមប្រុងប្រយ័ត្នទាំងអស់គ្នា៕