ស្ងាត់ៗកូវីដ ១៩នៅកម្ពុជាកម្រើកឡើងវិញ !

ក្រោយពេលដែលក្រសួងសុខាភិបាលប្រកាសពញាក់ស្មារតីឲ្យពលរដ្ឋប្រុងប្រយ័ត្ននឹងមេរោគកូវីដ ១៩ ថ្មីដែលគេហៅថា ជេអ៊ិន១(JN.1)  មក នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥កន្លងទៅស្រាប់តែក្រសួងបានរកឃើញករណីឆ្លងមេរោគករណីថ្មី។

តាមអ្វីដែលក្រសួងបានប្រកាសបានឲ្យដឹងថា នៅថ្ងៃនោះក្រសួងបានរកឃើញករណីឆ្លងថ្មីចំនួន ៥ ករណី ជាហេតុនាំឲ្យករណីឆ្លងកូវីដ ១៩ ថ្មីនៅកម្ពុជាបានកើនឡើងដល់ទៅ ១៣៩.៣៤៧ នាក់ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏ករណីស្លាប់គឺនៅដដែល ពោលគឺត្រឹមតែ ៣.០៥៦នាក់។

ក្រៅពីករណីថ្មីដែលកត់ត្រានៅថ្ងៃទី ១៣ ខែឧសភា មុននេះ៣ ថ្ងៃក្រសួងក៏បានរកឃើញករណីឆ្លងថ្មី៣ករណីទៀតដែរ។

ដូច្នេះសូមប្រុងប្រយ័ត្នហើយលើកកម្ពស់វិធានការបង្ការនិងការពារកុំអោយមានការរីកសាយភាពនូវមេរោគនេះបន្ថែមមកកាន់តែច្រើនថែមទៀត។

នេះគឺជាស្ថានភាពនៃការឆ្លងថ្មីៗនៅក្នុងប្រទេស ខណៈដែលកាលពីថ្ងៃទី ១២ ខែឧសភា ថ្មីៗនេះ ក្រសួងក៏បានពញាក់ការប្រុងប្រយ័ត្ននិងវិធានការបង្ការនិងការពារដោយសារតែមេរោគកូវីដ ១៩ ថ្មីដែលគេហៅថា ជេអ៊ិន ១ គឺកំពុងតែឆ្លងរាលដាលខ្លាំង​។

មេរោគកូវីដ១៩ ចុងក្រោយនេះ គឺជាពពួកមេរោគ អូមីក្រុងដែលបានបំប្លែងខ្លួនជាថ្មី ហើយនៅពេលនេះវាបាន រីករាលដាលយ៉ាងឆាប់រហ័សក្នុងតំបន់ជាច្រើននៅទូទាំងពិភពលោក។​

ក្រសួងសុខាភិបាលបានអះអាងថា ត្រឹមពាក់កណ្តាលខែមីនា ឆ្នាំ២០២៥ ជេអ៊ិន ១ ត្រូវបានរកឃើញមានជាង ១៥ភាគរយនៃករណីកូវីដ ១៩ ដែលបានរកឃើញនៅទូទាំងពិភពលោក។

មកដល់ពេលនេះមេរោគកូវីដ ១៩ គឺនៅតែជាជំងឺមួយប៉ុន្តែ​គេលែងចាត់ទុកជាជំងឺគ្រោះថ្នាក់សាហាវទៀតហើយ។ ទោះជា​យ៉ាងណា កុំភ្លេចថា មនុស្សជាច្រើននាក់នៅតែបន្តស្លាប់ដោយសារតែជំងឺនេះគ្រាន់តែវាមិននៅក្នុងស្ថានភាពរង្គាលដូចជាប៉ុន្មានឆ្នាំមុន ជាពិសេសគឺនៅក្នុងឆ្នាំ២០១៩ ដល់ ឆ្នាំ២០២១។

សូមប្រុងប្រយ័ត្ន​ការពារខ្លួនឯងហើយកុំចម្លងទៅអ្នកដទៃ។ ក្រសួងបានឲ្យដឹងថា​នៅពេលអ្នកមានអាការៈមួយចំនួនលេចចេញមក ដូចជាគ្រុនក្តៅ ក្អកស្ងួត ឈឺបំពង់ក ហៀរសំបោរ ចង្អោរ ស្រដៀងគ្នានឹង​ផ្តាសសាយ​ គឺសូមចូលរួមបង្ការនិងទប់ស្កាត់ដោយត្រូវអនុវត្តវិធាន​អនាម័យ ដោយលាងដៃនឹងសាប៊ូឬអាកុល ត្រូវពាក់ម៉ាស់ក្នុងករណីចាំបាច់ កុំខាកស្តោះពាសវាលពាស​កាល ត្រូវខ្ទប់មាត់និងច្រមុះពេលក្អក ដោយប្រើម៉ាស កែងដៃ ក្រម៉ា កន្សែង ឬ ក្រដាសអនាម័យ រួចខ្ចប់បោះចោលក្នុងធុងសំរាមដែលគ្រប់បិទជិត។​

នៅក្នុងស្ថានភាព​មានអាការៈក្តៅខ្លួន ក្អក ឬពិបាកដកដង្ហើម ឬមានបញ្ហាសុខភាពសូមកុំចូលទៅទីប្រជុំជន ឬ ធ្វើដំណើរ។ សូមការពារកុំឲ្យខ្លួនអ្នកក្លាយជាភ្នាក់ងារសាបព្រោះជំងឺកូវីដ ១៩ ជាថ្មីបន្តទៀត៕

 

Daily Program

Livesteam thumbnail