សូម​ប្រយ័ត្ន​ ការងារ​ដូរប្រាក់ខែ!

បងប្អូនយើង​ដែលបានកំពុងតែបម្រើការងារនៅតាមកន្លែងមួយចំនួនដើម្បីដូរប្រាក់ខែ សូម​ប្រុងប្រយ័ត្ន​ជាពិសេសកន្លែងដែលសង្ស័យថា ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មអនឡាញ។

ជាទូទៅកន្លែងដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មប្រភេទនេះ គឺច្រើនមានទីតាំងនៅតាមអគារដាច់ពីគេ​ឯង ហើយទីនោះអាចមិនសូវមានអតិថិជនអ្វីច្រើនទេ ប៉ុន្តែទីនោះមានមនុស្សពពាក់ពពូនច្រើន និង មានឧបករណ៍ដូចជាកុំព្យូទ័រ ទូរស័ព្ទ​ ​និង គ្រឿងអេឡិចត្រូនិចច្រើន។​

សូមប្រុងប្រយ័ត្នពីព្រោះចាប់ពីពេលនេះតទៅអាជ្ញាធរនឹងប្រមាញ់ខ្លាំងលើឧក្រិដ្ឋកម្មនេះ ហើយនៅក្នុងករណីដែលយើងធ្វើការនៅទីនោះ វាអាចប៉ះពាល់ដល់យើងរហូតដល់មានពិរុទ្ធភាពផងដែរ។​

ក្រៅពីនោះយើងក៏សង្ឃឹមផងដែរថា សមត្ថកិច្ចនឹងស្រាវជ្រាវច្បាស់លាស់​ដើម្បីវែកមុខឧក្រិដ្ឋជន​ពិតប្រាកដ ដើម្បីកុំអោយប៉ះពាល់ដល់​អ្នកដែលគ្នាត្រឹមតែធ្វើការឲ្យគេ​ដើម្បីបានប្រាក់ខែសម្រាប់ដោះ​ស្រាយ​​ជីវភាព។​

បងប្អូនប្រជាពលរដ្ឋយើងខ្លះអាច កំពុងតែធ្វើការនៅទីនោះ ពោលគឺកំពុងតែធ្វើការឲ្យក្រុម​ឧក្រិដ្ឋជន ប៉ុន្តែមិនដឹងថា ពួកគេគឺជាឧក្រិដ្ឋជនឡើយ។ ពួកគេអាចត្រឹមដឹងថា​ជាថៅកៃបរទេស មានចិន មានវៀតណាម  អីចឹងទៅ ហើយធ្វើការដល់ខែគឺដឹងតែបើកលុយ ដើម្បីចិញ្ចឹមគ្រួសារឬ​ដោះស្រាយ​បញ្ហា​នៅក្នុងសង្គមគ្រួសារប្រចាំខែ។​

រឿងឧក្រិដ្ឋជនអនឡាញនេះគឺត្រូវតែបង្រ្កាប ហើយក៏ត្រូវតែ​បង្រ្កាបឲ្យកាន់​តែ​មាន​ប្រសិទ្ធភាព​បន្ថែមទៀត គ្រាន់តែថា មុននឹងបង្រ្កាបគួរតែស្រាវជ្រាវសើបអង្កេតយកមេក្លោង រកអ្នកផ្សំគំនិត និង អ្នក​ដែលពាក់ព័ន្ធ​ដោយឡែកអ្នកដែលត្រឹមតែជាបុគ្គលិកបម្រើការងារអោយគេ នោះ ពួកគេក៏អាច​ជាជន​រងគ្រោះផងដែរ​ ដែលចាំបាច់មានការកំណត់និងសើបអង្កេតឲ្យច្បាស់លាស់។​

ឧក្រិដ្ឋកម្មនេះគឺជាឧក្រិដ្ឋកម្មទាន់សម័យហើយវាបានកំពុងតែកើតមានឡើងនិងរីករាលដាលជាច្រើនកន្លែងនៅលើពិភពលោក។​

មិនថាតែនៅកម្ពុជានោះទេ នៅថៃ នៅវៀតណាម មីយ៉ាន់ម៉ា ហ្វីលីពីន ឬ កន្លែង​ផ្សេងៗ​គឺ​សុទ្ធ​តែ​មា​នសេចក្តីរាយការណ៍អំពីករណីនៃឧក្រិដ្ឋកម្មនេះ ដូច្នេះចំណាត់កាត់របស់​អាជ្ញាធរកម្ពុជា​គឺជារឿង​ដែល​ចាំបាច់ត្រូវតែធ្វើ។

មកដល់ពេលនេះកម្ពុជាហាក់មិនមានជនរងគ្រោះនៅឡើយទេ ប៉ុន្តែក៏មិនអាចធ្វេស​ប្រហែស​បានដែរ ដូច្នេះហើយដើម្បីកុំអោយវាផ្តល់ទុកទោសដល់ពលរដ្ឋយើង គឺចាំបាច់ត្រូវតែបង្រ្កាប ចាំបាច់​ត្រូវតែធ្វើ គ្រាន់តែមុនពេលធ្វើគួរតែស្រាវជ្រាវ ហើយប្រុង​ប្រយ័ត្ន​ ដើម្បីកុំអោយ​ពលរដ្ឋស្លូតត្រង់​ត្រូវគេ​លាប​ពណ៌ថា គជាឧក្រិដ្ឋជន ស្របពេលដែលឧក្រិដ្ឋជនត្រូវគេកាឡៃទៅជាជនរងគ្រោះទៅវិញនោះ៕

 

Daily Program

Livesteam thumbnail