សូមលើកកំពស់ការប្រុងប្រយ័ត្ន! ចំពោះករណីឧក្រិដ្ឋកម្មនិងការបោកប្រាស់តាមអនឡាញ

នៅវៀតណាមនិងថៃគឺសុទ្ធតែមានសេចក្តីរាយការណ៍អំពីជនរងគ្រោះដោយករណីឧក្រិដ្ឋកម្មនិងការបោកប្រាក់តាមអនឡាញនេះ ជាបន្តបន្ទាប់ ហើយសមត្ថកិច្ចស្រុកគេក៏បានបញ្ជាក់ដែរ។ ប៉ុន្តែនៅកម្ពុជាហាក់មិនទាន់មានរបាយការណ៍អំពីជនរងគ្រោះទេ តែនៅលើបណ្តាញសង្គមមានគេចែកចាយថាមាន តែមិនដឹងចំនួនពិតប្រាកដនៅឡើយ។
តាមសេចក្តីរាយការណ៍របស់សារព័ត៌មានទាំងនោះ ថៃនិងនៅវៀតណាមបានបង្ហាញថា ពួកឧក្រិដ្ឋជននេះ មានចម្រុះជាតិសាសន៍ ដោយពួកគេបង្កើតវេបសាយ បង្កើតទីកន្លែង ក៏ដូចជាសកម្មភាពផ្សេងៗជាច្រើន ប៉ុន្តែធាតុពិតគឺសុទ្ធតែជាសកម្មភាពបោកប្រាស់។
ពួកឧក្រិដ្ឋជនទាំងនោះមានរហូតដល់បង្កើតក្រុមការងារក្លែងបន្លំជាមន្រ្តី ជាអ្នកជំនាញ ជាសមត្ថកិច្ចហើយធ្វើសកម្មភាពដូចជាមន្រ្តីអនុវត្តច្បាប់ ដើម្បីបោកបន្លំជនរងគ្រោះ។ នៅខាងថៃ និង វៀតណាមគឺមានសេចក្តីរាយការណ៍ថា មានជនរងគ្រោះជាច្រើននាក់ ដែលពួកគេបានប្រមូលលុយពីជនរងគ្រោះរាប់សិបលានដុល្លារ។
នៅកម្ពុជាសមត្ថកិច្ចបានរាយការណ៍អំពីករណីបង្រ្កាបក្រុមនេះជាបន្តបន្ទាប់ដែរ ក្រោមកិច្ចសហការជាមួយនឹងប្រទេសជិតខាងនិងប្រទេសនៅក្នុងតំបន់ ប៉ុន្តែហាក់មិនទាន់មានសេចក្តីរាយការណ៍អំពីជនរងគ្រោះជាពលរដ្ឋនៅក្នុងស្រុកនៅឡើយទេ។
អ្វីដែលធ្លាប់ឮកន្លងមកពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មនិងការបោកប្រាស់តាមអនឡាញនេះ គឺមានភាគច្រើនជាជនជាតិចិន ជប៉ុន ម៉ាឡេស៊ី ថៃ ឥណ្ឌា ឥណ្ឌូនេស៊ី ... ជាដើម ខណៈដែលជនល្មើសក៏មានច្រើនដែរ ហើយភាគច្រើនជាជនជាតិចិន ដែលខ្លះត្រូវបានបញ្ជូនទៅស្រុកវិញ ជាបន្តបន្ទាប់។
ខណៈដែលសមត្ថកិច្ចមិនបានរាយការណ៍អំពីករណីជនរងគ្រោះជាពលរដ្ឋខ្មែរ នៅលើបណ្តាញសង្គមគឺមានការចែករំលែកខ្លះ ដូច្នេះយើងគប្បីលើកកំពស់ការប្រុងប្រយ័ត្ន។
តើយើងត្រូវប្រុងប្រយ័ត្នយ៉ាងណា ? ការប្រុងប្រយ័ត្នគឺងាយស្រួលទេ គឺកុំលោភលន់ កុំចង់បានរបស់គេ ដោយមិនបានបញ្ចេញកម្លាំង ឬ បញ្ចេញតិចតួចតែចង់បានផលមកវិញធំ។ នៅពេលដែលយើងលោភលន់ គឺយើងនឹងចូលទៅក្នុងអន្ទាក់របស់ពួកឧក្រិដ្ឋជនទាំងនោះហើយ។
តាមបទពិសោធពីការអាននិងតាមដានព័ត៌មានពីប្រទេសជិតខាងបានឲ្យដឹងថា ក្រុមនេះជាទូទៅ គឺព្យាយាមផ្ញើសារទៅជនរងគ្រោះហើយយកការងារ យកការវិនិយោគ ឬអាជីវកម្មជាធ្នាក់ ករណីខ្លះពួកគេបោកតែលុយទេ ប៉ុន្តែមានករណីខ្លះពួកគេមានរហូតដល់បោកមនុស្សយកមកបម្រើការឲ្យពួកគេ ដោយបង្ខំ ហើយជនរងគ្រោះអាចត្រូវពួកគេជួញដូរ ឬកេងប្រវ័ញ្ចផ្លូវភេទក៏មាន។
សរុបទៅ ទោះជាកម្ពុជាមានជនរងគ្រោះ ឬមិនមានក៏ដោយសមត្ថកិច្ចគួរតែបង្រ្កាបករណីនេះឲ្យខានតែបាន ពីព្រោះនៅពេលនេះ បរទេសកំពុងតែសម្លឹងកម្ពុជាក្នុងរូបភាពមិនល្អឡើយដោយសារតែឧក្រិដ្ឋកម្មតាមអនឡាញនេះ។ ក្រៅពីនោះពលរដ្ឋកម្ពុជាដែលជាម្ចាស់ប្រទេសក៏គួរតែចូលរួម ហើយកុំយកខ្លួនទៅពាក់ព័ន្ធនឹងក្រុមនេះ។ ម្យ៉ាងវិញទៀតយើងក៏ត្រូវតែលើកកំពស់ការប្រុងប្រយ័ត្ន ដើម្បីកុំអោយខ្លួនយើងធ្លាក់ខ្លួនជាជនរងគ្រោះផងដែរ៕
Daily Program
