សូមលើកកំពស់ការប្រុងប្រយ័ត្ននឹងសំណល់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះពិសេសគឺគ្រាប់ធំៗ
គ្រោះមហន្តរាយដោយសារតែគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះគឺកើតមានជាបន្តបន្ទាប់ ប៉ុន្តែភាគច្រើនបំផុតគឺមានតែមីនតោន មីនប្រឆាំងមនុស្ស និង ប្រភេទគ្រាប់ផ្លោង ឫគ្រាប់បែកបង្កៃសម័យសង្រ្គាម ប៉ុន្តែសម្រាប់សំណល់គ្រាប់ធំៗនៅមិនទាន់អី ទោះបីជារកឃើញជាបន្តបន្ទាប់ ។
នៅពេលដែលវាមិនអីបែបនេះបងប្អូនដែលរកឃើញវា ដូចជាមិនសូវខ្លាច ឡើយដូចជាករណីការរកឃើញគ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទទម្ងន់ដល់ទៅ២៣០គីឡូក្រាម នៅស្រុកកណ្តាលស្ទឹងខេត្តកណ្តាល ថ្មីៗនេះ ។
គ្រាប់បែកទម្លាក់ពីយន្តហោះខ្នាតធំនេះត្រូវបានគេរកឃើញនៅការដ្ឋានជីកយកអាចមន៍ដីមួយកន្លែងនៅភូមិសាស្រ្តនោះ ប៉ុន្តែទោះជារកឃើញក៏ពិតមែន ប៉ុន្តែអ្នកដែលជីកនោះ គឺបានជីកឆ្វៀលក្បែៗគៀកនឹងគ្រាប់ ពោលគឺប្រហែសតែបន្តិចគ្រោះមហន្តរាយនឹងកើតមានហើយភាពភ្ញាក់ផ្អើលនឹងកក្រើកពីព្រោះទម្ងន់២៣០ គីឡូក្រាមមិនតូចទេ។
ឃើញការប្រថុយប្រថានបែបនេះ លោក ហេង រតនា អគ្គនាយកអង្គភាពបោសសំអាតមីនស៊ីម៉ាក់ក៏ បានភ្ញាក់ផ្អើលនឹងបានចែករំលែកនៅលើបណ្តាញសង្គមរបស់លោក រហូតចេញជាសំណេរថា ថៅកែរណ្តៅដីខ្វល់ខ្វាយតែកាយយកដីលក់ តែមិនខ្វល់ខ្វាយពីសុវត្ថិភាពកម្មករកាយដីសោះនៅពេលដែល ក្នុងការដ្ឋារណ្តៅដីនេះតែមួយជួបប្រទះ គ្រាប់បែកទម្លាក់ពីយន្តហោះខ្នាតធំនេះដល់ទៅ ២គ្រាប់។
លោកបានបង្ហាញនូវការហួសចិត្ត ហើយស្ញើចថា ប្រសិនជាផ្ទុះ អ្វីៗនឹងត្រូវបំផ្លិចបំផ្លាញ ជាពិសេសជីវិតអ្នកបើកគ្រឿងចក្រជីកដីតែម្តង។
គិតចាប់តាំងពីសកម្មភាពបោសសំអាតមីននិងអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបានអនុវត្តចាប់តាំងពីចុងទស្សវត្សន៍នៃឆ្នាំ១៩៩០មកមានគ្រាប់បែកទម្លាក់ពីលើយន្តហោះខ្នាតធំបែបនេះរាប់រយគ្រាប់ហើយដែលរកឃើញ ក្រោយពេលដែលគ្រាប់ប្រភេទនេះនៅបន្តសេសសល់ជាច្រើនទៀត។
គ្រាប់បែកទម្លាកពីយន្តហោះទាំងនេះគឺជាសំណល់យុទ្ធភ័ណ្ឌសង្រ្គាមដែលទម្លាក់ដោយកងកម្លាំងអាកាសរបស់សហរដ្ឋអាមេរិកទម្លាក់នៅកម្ពុជានិងក្នុងតំបន់នាសម័យសង្រ្គាមនៅឥណ្ឌូចិន ប៉ុន្តែតាំងពីដំណើរការចាប់ផ្តើមមក ដូចជានៅមិនទាន់មានករណីផ្ទុះកើតមានឡើងនៅឡើយ។
នៅក្នុងស្ថានភាពបែបនេះកុំប្រមាថ ពីព្រោះការប្រមាថវាអាចគ្រោះថ្នាក់ជាយថាហេតុដល់យើងទាំងអស់គ្នា ។ នៅពេលដែលជួបករណីនេះគួរកុំប្រថុយគឺគូរតែរាយការទៅសមត្ថកិច្ចនិងរាយការណ៍អង្គភាព បោសសំអាតមីន ទៅដោះបន្សាប ពីព្រោះសមត្ថភាពដោះបន្សាបរបស់អ្នកជំនាញស៊ីម៉ាកគឺពិតជាមាន នៅក្នុងនោះសូម្បីតែស្រ្តីក៏អាចធ្វើបានដែរ ។
សរុបមកវិញសូមប្រុងប្រយ័ត្ន ហើយសូមកុំយកអាយុជីវិតយើងនិងអាយុជីវិតអ្នកដ៏ទៃមកលេងសើច ឫ ក៏ជាទុន ប្រឡែងលេងជាមួយនឹងសំណល់តាំងនេះ ។ នៅពេលដែលឃើញវត្តមានពួកវាគួរផ្អាកសកម្មភាព ដើម្បីឲ្យជំនាញទៅដោះបោសសំអាត ។ សកម្មភាពអត្មានិយមរបស់យើងពេលខ្លះអាចឲ្យមានគ្រោះមហន្តរាយមិនមែនតែយើងនោះទេ គឺអ្នកដ៏ទៃដែលមិនដឹងអ្វីក៏អាចរងគ្រោះផងដែរ ដូច្នេះសូមប្រុងប្រយ័ត្ន ។