សូមកុំដកដៃ ឫបន្ធូបន្ថយនឹងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន

គ្រឿងញៀនគួរតែត្រូវបន្តនិងពង្រឹងការប្រយុទ្ធប្រឆាំងនឹងវាឲ្យកាន់តែក្តៅគគុកឡើងបន្ថែមទៀត ពីព្រោះវានៅតែគំរាមកំហែងសង្គមយើងដដែលទោះបីជាសមត្ថកិច្ចនិងអាជ្ញាធរបានកំពុងតែយកចិត្តទុកដាក់នៅក្នុងការប្រយុទ្ធនិងប្រឆាំងនឹងវាក៏ដោយចុះ។
តាមសេចក្តីរាយការណ៍ដោយសារព័ត៌មាននៅក្នុងប្រទេសបានឲ្យដឹងថា ប្រទេសកម្ពុជានៅតែបន្ត មើលឃើញនូវការកើនឡើងនៃចំនួនមនុស្សដែលត្រូវបានចាប់ខ្លួនក្នុងករណីគ្រឿងញៀន ប៉ុន្តែទន្ទឹមនឹងនោះក៏មានសេចក្តីរាយការណ៍ពីការថយចុះនៃបរិមាណគ្រឿងញៀនដែលរឹបអូសបាននៅក្នុងត្រីមាសទី១ នៃឆ្នាំ ២០២៥នេះ។
របាយការណ៍ដែលសារព័ត៌មានបានធ្វើសេចក្តីរាយការណ៍តាមប្រភពពីស្ថាប័នជំនាញបានលើកឡើងថា អាជ្ញាធរបានចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនសរុបមានចំនួនរហូតដល់ទៅ ៦.០៤៨ នាក់ ក្នុងអំឡុងខែមករាដល់ខែមីនាឆ្នាំ២០២៥ កើនឡើង ១០ភាគរយ នោះបើធៀបនឹងជនសង្ស័យដែលបានបង្រ្កាប ចំនួន៥.៤៨៩ នាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ប្រភពដដែលបានបន្តថា នៅក្នុងចំណោមជនសង្ស័យសរុបគឺមានជនសង្ស័យជាបរទេសមានចំនួនរហូតដល់ ១៩២ នាក់ដែលមាន៨សញ្ជាតិ។
របាយការណ៍បាននិយាយថា នៅក្នុងអំឡុងពេលនោះគ្រឿងញៀនខុសច្បាប់ដែលគេបានរឹបអូសសរុបមានបរិមាណប្រមាណជា ១,៤ តោន គឺមានការថយចុះគួរសម ។ របាយការណ៍បានបន្ថែមថា បរិមាណគ្រឿងញៀនដែលរឹបអូសបានក្នុងត្រីមាសទី១ ឆ្នាំនេះធ្លាក់ចុះ ៦១ ភាគរយ ធៀបនឹងចំនួន ៣,៦៥ តោនដែលគេបានរឹបអូសនៅក្នុងត្រីមាសទី ១ ឆ្នាំមុន។
ថ្នាំញៀនដែលគេរឹបអូសបានភាគច្រើនរួមមាន ខេតាមីន អេស៊ីស្តាស៊ី ហេរ៉ូអ៊ីន មេតំហ្វេតាមីន គ្រីស្តាល់ មេតំហ្វេតាមីន កូកាអ៊ីន និងកាទីណូន។
បីឆ្នាំចុងក្រោយនេះរដ្ឋាភិបាលបានចាតិវិធានការប្រឆាំងនឹងបទល្មើសគ្រឿងញៀនឡើងក្តៅគគុក ដោយបានឃាត់ខ្លួននិងរឹបអូសគ្រឿងញៀនដូចដែលបានរៀបរាប់ខាងលើ ។ ការបង្រ្កាបនេះប្រហែលជាមិនងាយអស់ទេហើយកិច្ចការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននេះក៏មិនមែនជារឿងងាយស្រួលសម្រាប់កម្ពុជាដែរ ។ គ្រឿងញៀន នៅកម្ពុជាយើងទាមទារពេលវេលា និង ការលះបង់ ហើយក៏ត្រូវការនូវការខិតខំប្រឹងប្រែងបន្ថែមទៀត។
ចង់ឲ្យគ្រឿងញៀនអស់ក្រៅពីសមត្ថកិច្ច សមាជិកសង្គមគ្រប់ៗគ្នាគឺសុទ្ធសឹងតែជាអ្នកដែលមានតួនាទីនិងកាពត្វកិច្ចប្រយុទ្ធប្រឆាំងនឹងវាបន្ត ដូច្នេះសូមកុំដកដៃ ។ បញ្ហាគ្រឿងញៀនអាចនៅមានច្រើនទៀតនៅក្នុងសង្គម ៕
Daily Program
