សុភមង្គលជីវិតគឺត្រូវតស៊ូនិងសង្ឃឹម

រូបភាពនៃការយំ សើច សប្បាយកើតទុក្ខ គឺមានគ្រប់គ្នាមិនថាអ្នកមាន ឬអ្នកក្រឡើយ ដូច្នេះសូ​មកុំច្រណែនគេ ហើយប្រឹងប្រែងដើម្បីភាពរីកចម្រើននៃគ្រួសារយើងទាំងអស់គ្នា។

មកដល់ពេលនេះនៅលើបណ្តាញសង្គមគឺមានចម្រុះ ប៉ុន្តែនិន្នាការបង្អួតពីភាពហ៊ឺហារ ស​ប្បា​យរីករាយគឺកាន់តែមានច្រើន ដែលនាំអោយអ្នកខ្លះអាចនឹងទោមនស្សខ្លះ ប៉ុន្តែទោះបីជាយ៉ាងណា​ក៏ដោយសូមកុំទោមនស្ស។

ការយំ ការសើច ការសប្បាយ និងការកើតទុក្ខនេះគឺជាសច្ចៈភាពនៃជីវិតហើយគ្រប់គ្នាគឺសុ​ទ្ធតែមានដូចគ្នាគ្រាន់តែរូបភាពនិងបញ្ហាដែលបង្កឲ្យយំ អោយសើច អោយកើតទុក្ខឲ្យសប្បាយគឺ​វាខុសៗគ្នា។

អ្នកខ្លះឃើញផុសនិងចែករំលែករូបភាពសប្បាយហ៊ឺហារ ឡូយឆាយ​ប៉ុន្តែធាតុពិតនៅក្នុងចិត្តមិនដឹងថា ពួកគេកំពុងតែកើតទុក្ខរឿងអ្វីផងក៏មាន។ ហើយចំណែកអ្នកខ្លះឃើញកើតទុក្ខក៏កុំភ្លេចថាគេក៏មានរឿងសប្បាយនិងរីករាយដែលគេមិនបង្ហាញក៏មានដែរ។ ជីវិតគឺបែបនេះ ប្រសិ​ន​បើយើងឃើញគេសប្បាយហើយច្រណែនក្តៅក្រហាយគេ គេងមិនលក់បក់មិនល្ហើយនោះហើយទើបជាបញ្ហា។​

មកដល់ពេលនេះអ្នកមានក៏ហូបបាយមួយចំអែត ហើយអ្នកក្រក៏មួយចំអែត ពោលគឺគ្មានន​រណា​អាចទទួលទានពីរចំអែតបានទេ។ ដោយឡែកផឹកស្រាសបិទដោយខ្លួនយើងក៏ស្រវឹង ហើ​យអ្នកផឹកស្រាបារាំងនាំចូលមានតម្លៃថ្លៃក៏ស្រវឹងដូចតែគ្នាប៉ុណ្ណោះ​។​

នៅពេលដែលយើងមានអារម្មណ៍ស្មុគស្មាញនៅក្នុងចិត្តយំចុះ កើតទុក្ខចុះ ប៉ុន្តែកុំបោះបង់ក្តីស​ង្ឃឹ​ម ហើយសូមកុំទម្លាក់ដៃពីការខំប្រឹងប្រែង។​ យើងអាចយំបាននៅថ្ងៃនេះតែត្រូវតែខំប្រឹងដើ​ម្បី​ស្នាម ញញឹមហើយរីករាយនៅថ្ងៃស្អែក​ខានស្អែក។​​

ជីវិតរស់នៅគឺបែបនេះ សូមរស់តាមសមាជីវោរៀងៗខ្លួន ប៉ុន្តែគ្រប់គ្នាត្រូវតែខំប្រឹងប្រែងតាមការទទួលខុសត្រូវដោយស្មើភាព​។ គ្មានស្នាមញញឹមនិងសប្បាយរីករាយណាដែលអាចទទួលល្អបំផុតដោយចេញពីការខិតខំនិងបង្កើតឡើងដោយដៃរបស់យើងទាំងទ្វេរនោះទេ ។ សូមកុំដេកច្រណែនគេ ពីព្រោះការច្រណែន គ្មានចំណេញឡើយ ហើយចុងក្រោយអ្នកដែលឈឺបំ​ផុ​តគឺយើងជាអ្នកច្រណែនគេនេះឯង៕

Daily Program

Livesteam thumbnail