សុខភាពសាធារណៈជាកង្វល់ហើយ ប៉ុន្តែកុំដកដៃចំពោះការប្រុងប្រយ័ត្ននឹងគ្រោះថ្នាក់ចរាចរណ៍

ការរីករាលដាលនៃជំងឺកូវីដ ការកើនឡើងនៃជំងឺមិនឆ្លងដូចជាមហារីក ទឹកនោមផ្អែម បេះដូង សំពាធឈាម ជំងឺផ្លូវចិត្ត គឺសុទ្ធតែជាបញ្ហាសុខភាពសាធារណៈដែលយើងកំពុងតែបារម្ភ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយសូមកុំភ្លេចគ្រោះថ្នាក់ចរាចរណ៍។

ជាការពិតបញ្ហាសុខភាពសាធារណៈគឺជារឿងអាយុជីវិត ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយពពួកជំងឺទាំងនេះ មួយចំនួនគឺអាចមានពេលវេលាព្យាបាលពន្យារខ្លះ ប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍វិញ គឺដឹងតែផុយៗហើយវាសម្លាប់ពលរដ្ឋយើងក៏ផុយដែរ។

ដូចដែល​យើងដឹងហើយថា​មកដល់ពេលនេះនរណាក៏កំពុងតែគិតអំពីបញ្ហាកង្វល់ទាំងនេះដែរ ប៉ុន្តែម្នាក់ៗច្រើនតែធ្វេសប្រហែសហើយមើលស្រាល ទើបវាចេះតែគ្រោះថ្នាក់កើតមានឡើង ជាក់ស្តែងនៅក្នុងខែមេសា​គ្រាន់តែនៅរាជធានីភ្នំពេញគឺកើតមានគ្រោះថ្នាក់ដល់ទៅ ៧៦​លើក ហើយសម្លាប់មនុស្សដល់ទី ២៤ នាក់។

នៅក្នុងវីដេអូដែលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបង្ហោះ ហើយត្រូវដកស្រង់ដោយសារព័ត៌មានមួយចំនួន គ្រោះថ្នាក់ចរាចរណ៍នៅរាជធានីនេះគឺមានមនុស្សរងគ្រោះដល់ទៅ ១៣០ នាក់ ក្នុងចំណោមជនរងគ្រោះទាំងអស់ គឺមានអ្នកស្លាប់បាត់បង់ជីវិតចំនួន ២៤នាក់និងរងរបួសធ្ងន់ស្រាលចំនួន ១០៦នាក់។

ប្រភពដដែលបានបន្តទៀតថា ចំពោះមធ្យោបាយដែលជាយានយន្តដែលរងការខូចខាតមានចំនួន ១៣០គ្រឿង ក្នុងនោះមានរថយន្ត ៣០គ្រឿង ម៉ូតូ ៨០គ្រឿង និងយានផ្សេងៗ ២០គ្រឿង។

គ្រោះថ្នាក់ចរាចរណ៍នេះទៀតសោត បើធៀបនឹងខែមីនា ឆ្នាំ២០២៥គឺកើនឡើង២៨ករណី ស្មើនឹង ៥៨ភាគយ អ្នកស្លាប់កើនឡើង៤នាក់ ស្មើនឹង ២០ភាគរយ និងអ្នករបួសកើនឡើង ៥១នាក់ ស្មើនឹង៩៣ភាគរយ។

ចំពោះមូលហេតុដែលបណ្តាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍រួមមាន បើកបរលឿន ៣៥លើក មិនគោរពសិទ្ធិអាទិភាព ២១លើក បើកបរក្នុងស្ថានភាពស្រវឹង ៧លើក បើកបរមិនប្រកាន់ស្តាំ ៦លើក បើកបរធ្វេសប្រហែស ២លើក បើកបរវ៉ាជែង ១លើក ល្មើសស្តុបភ្លើងសញ្ញាពណ៌ក្រហម ១លើក អាណាព្យាបាលក្មេងធ្វេសប្រហែស ១លើក បើកបរបំពានផ្លូវបំរាមរថភ្លើង ១លើក។

មកដល់ពេលនេះមូលហេតុដែលបង្កគឺវានៅតែដដែល​ ដូច្នេះយើងទាំងអស់គ្នាគួរតែលើកកំពស់ការប្រុងប្រយ័ត្ននិងទំនួលខុសត្រូវខ្ពស់នៅពេលធ្វើដំណើរ។ សុខភាពយើងអាចបង្ការនិងការពារបាន រី​ឯបញ្ហាគ្រោះថ្នាក់ចរាចរណ៍ក៏មានមធ្យោបាយបង្កានិងការពារបានដែរ ពោលគឺកុំបើកបរលឿន គឺត្រូវគោរពច្បាប់ចរាចរណ៍​ហើយកុំប្រើប្រាស់គ្រឿងស្រវឹងជ្រុលបើកបរ។ សុខភាពនិងគ្រោះថ្នាក់ចរាចរណ៍គឺសុទ្ធតែជាគ្រោះថ្នាកសម្រាប់សង្គមទាំងអស់សូមប្រុងប្រយ័ត្ន​៕

 

Daily Program

Livesteam thumbnail