សម័យ AI ស្អីក៏មានដែរ សូមប្រុងប្រយ័ត្ន !
នៅក្នុងយុគសម័យបច្ចេកវិទ្យារីកចំរើន ដែលដើរដល់ឌីជីថលនិងបញ្ញាសិប្បនិម្មិតដែលយើងនិយាយកាត់ថាAIនេះ អ្វីក៏អាចកើតមានដែរ ហើយពិបាកនឹងផ្ទៀងផ្ទាត់ ដូច្នេះយើងទាំងអស់គ្នាគួរតែប្រុងប្រយ័ត្នខ្ពស់។
AI ជួយមនុស្សបានច្រើន ប៉ុន្តែអ្នកដែលខិលខូច ពួកគេក៏អាចនឹងប្រើប្រាស់ AI នេះ ដើម្បីផលប្រយោជន៍ ហើយប្រើប្រាស់វាជាឧបករណ៍ដើម្បីយកមកបោកបញ្ឆោតយើងទាំងអស់គ្នាបាន ប្រសិនបើយើងខ្វះការពិចារណាផ្ទៀតផ្ទាត់ច្បាស់លាស់។
នៅសម័យនេះ មនុស្សគេដែលចេះឬមានចំណេះខាង AI នេះស្ទាត់ជំនាញ គេអាចយករូបថត ឲ្យធ្វើជាសកម្មភាពរស់រវើកក៏បាន ហើយមិនតែប៉ុណ្ណោះ គេអាចក្លូនសម្លេងរបស់នរណាម្នាក់ដែលយើងស្គាល់ធ្វើសកម្មភាពដើម្បីផលប្រយោជន៍របស់គេក៏បានងាយស្រួលផងដែរ។
សូម្បីតែនៅក្នុងអំឡុងពេលនៃការប៉ះទង្គិចនៅព្រំដែនដែលបណ្តាលមកពីកងទ័ពថៃឈ្លានពានកម្ពុជាយើង ក៏មានរូបភាព ព័ត៌មាន ក៏ដូចជាសកម្មភាព វីដេអូ ក្លែងក្លាយដែលគេប្រើ AIក៏មានច្រើនផងដែរ។ ការប្រឌិតដោយ AI ទាំងនេះ វាអាចក្រឡុកស្ថានការណ៍ឲ្យក្រឡាប់ចាក់ខុសពីការពិត ដែលយើងចាំបាច់ត្រូវតែយកចិត្តទុកដាក់ឲ្យបានហ្មត់ចត់ បើមិនដូច្នេះទេយើងនឹងក្លាយជាឧបរកណ៍នយោបាយរបស់គេមិនខានឡើយ។
នៅក្នុងអំឡុងពេលសង្រ្គាមប្រទេសកំពុងតែស្ថិតនៅក្នុងកលយុគជាមួយនឹងប្រទេសជិតខាង បែបនេះអាចមានជនខិលខូចឆ្លៀតឱកាសច្រើនដោយពួកគេប្រើប្រាស់បច្ចេកវិទ្យា AI នេះធ្វើ សកម្មភាពនៅក្នុងបំណងវិច្ឆេទកម្មនយោបាយ ឬ បង្កភាពរឹកវនៅក្នុងសង្គមយើង។
សរុបទៅ AI បាននាំមកនូវទាំងឱកាស និងហានិភ័យ។ សម្រាប់ឱកាសAIវាពិតជា អាចជួយសម្រួលការងារនិងភាពចាំបាស់របស់មនុស្សបានមួយចំនួន ប៉ុន្តែ វាក៏អាចក្លាយជាឧបករណ៍គ្រោះថ្នាក់ ប្រសិនបើត្រូវបានប្រើប្រាស់ដោយជនខិលខូច។ ក្នុងបរិបទសង្គម និងនយោបាយដ៏ស្មុគស្មាញ ជាពិសេសនៅពេលប្រទេសកំពុងស្ថិតក្នុងស្ថានភាពតានតឹង ការយល់ដឹង ការត្រួតពិនិត្យប្រភពព័ត៌មាន និងការគិតវិភាគដោយទទួលខុសត្រូវ គឺជាចំណុចសំខាន់បំផុត។
នៅក្នុងករណីប្រសិនបើយើងទាំងអស់គ្នាអាចប្រើប្រាស់បច្ចេកវិទ្យាដោយមានស្មារតីប្រុងប្រយ័ត្ន និងមិនធ្លាក់ចូលក្នុងអន្ទាក់ព័ត៌មានក្លែងក្លាយ នោះសង្គមយើងនឹងអាចការពារខ្លួនពីការបោកបញ្ឆោត និងរក្សាបាននូវសេចក្តីពិត និងស្ថិរភាពជាតិជាបន្តទៅមុខ៕